ដោយៈ ចំណាន
ភ្នំពេញៈ ចលនាភូមិមួយ ផលិតផលមួយត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសវិនិយោគ រវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេស ក៏ដូចជាឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្នត់គំនិតរវាងពាណិជ្ជករ សហគ្រាសខ្នាតតូចជាតិ និងសមភាគីបរទេស។
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នឹងរៀបចំការតាំងពិព័រណ រយៈពេលបីថ្ងៃនៅក្នុងខែធ្នូ ដើម្បីបង្ហាញផលិតផលកម្ពុជា ផ្សព្វផ្សាយគំនិតផ្តួចផ្តើមភូមិមួយ ផលិតផលមួយ (OVOP) ទាក់ទាញដៃគូវិនិយោគពីបរទេស និងជំរុញឱកាសនាំចេញ។
-->
ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិមួយ ផលិតផលមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់៧ ខែធ្នូ នៅFactory Phnom Penh ដែលនឹងមានស្តង់ប្រមាណ៥០ ពីសមាជិកOVOP នៅក្នុងរាជធានី និងខេត្ត ដើម្បីបង្ហាញផលិតផល និងផ្តល់ឱកាសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីទាក់ទាញដៃគូវិនិយោគពីបរទេស និងលើកកម្ពស់ការនាំចេញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយបានមានប្រសាសន៍ថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍ខែធ្នូ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់ភាពជាដៃគូវិនិយោគ និងលើកកម្ពស់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានកត់សម្គាល់ថា ថ្មីៗនេះផលិតករ និងសិប្បករកម្ពុជាបានបង្កើតគំនិតច្នៃប្រឌិត ដោយបង្កើតផលិតផលផ្សេងៗ ដែលគាំទ្រដល់សេដ្ឋកិច្ចជាតិ ពង្រឹងការប្រើប្រាស់ក្នុងស្រុក និងទាក់ទាញវិនិយោគិន។
លោកបានបញ្ជាក់ថា “ក្នុងស្ថានភាពដែលយើងមានជម្លោះ ជាមួយប្រទេសថៃ វាក៏បានបង្ហាញថា យើងមានសមត្ថភាពទ្រទ្រង់ខ្លួនឯងផងដែរ ដែលបង្ហាញថាប្រជាជនកម្ពុជាអាចធ្វើវាបាន”។ លោកបន្ថែមថា “ជំហានបន្ទាប់គឺផ្សព្វផ្សាយផលិតផលរបស់យើង ដើម្បីទៅដល់ទីផ្សារនាំចេញ”។
ជាមួយគ្នានេះ លោកស្រី ឃុន សុខបាន សហស្ថាបនិក និងជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍ក៏បាននិយាយផងដែរថា ហេតុផលដែលត្រូវរៀបចំពិព័រណ៍បែបនេះ ដោយសារតែលោកស្រី ចង់ឱ្យម្ចាស់ផលិតផល និងសិប្បករខ្នាតតូចពង្រឹងខ្លួនឯង ដើម្បីឱ្យពួកគេអាចលក់នៅបរទេសបាន។
លោកស្រីបានបន្ថែមថា “យើងក៏ចង់ឱ្យពួកគេដឹងពីរបៀបធ្វើ និងរបៀបកែច្នៃ ដើម្បីទៅដល់ទីផ្សារបរទេសផងដែរ”។
ព្រឹត្តិការណ៍ដូចគ្នានេះ នឹងត្រូវធ្វើឡើងម្តងទៀត នៅក្នុងខែមីនា ឆ្នាំ២០២៦ ហើយនឹងបន្តធ្វើដូច្នេះ ដើម្បីធ្វើឱ្យជនបរទេសកាន់តែច្រើនឡើងៗស្គាល់ប្រទេសកម្ពុជា។
ចំណែកលោក កុសល ពិសី សហស្ថាបនិក និងជានាយកព្រឹត្តិការណ៍បានគូសបញ្ជាក់ថា ការតាំងពិព័រណ៍ផលិតផលខ្មែរនេះ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយលើកកម្ពស់កិត្យានុភាពនៃផលិតផលកម្ពុជា ដោយផ្សព្វផ្សាយផលិតផលក្នុងស្រុក ជាពិសេសផលិតផលភូមិមួយផលិតផលមួយ ទៅកាន់ទីផ្សារពិភពលោក។
លោកបានពន្យល់ថា បេសកកម្មចម្បង នៃព្រឹត្តិការណ៍នាពេលខាងមុខ ដើម្បីលើកកម្ពស់កិត្យានុភាពនៃផលិតផលកម្ពុជា ដើម្បីឱ្យសាធារណជន គាំទ្រផលិតផលក្នុងស្រុក ជាពិសេសផលិតផលភូមិមួយផលិតផលមួយ។ ជំរុញផលិតផលកម្ពុជា ឱ្យជ្រៀតចូលទីផ្សារបរទេស ដោយស្វែងយល់ពីទីផ្សារទាំងក្នុងស្រុក និងបរទេស ដោយមានគោលបំណងចូលរួមចំណែក ក្នុងការបង្កើនប្រាក់ចំណូលសម្រាប់ម្ចាស់អាជីវកម្ម សហគ្រាសខ្នាតតូចជាតិ និងសហគ្រាសOVOP។
លោកបានបន្ថែមថា “ព្រឹត្តិការណ៍នេះ នឹងបង្កើតឱកាសវិនិយោគរវាងវិនិយោគិនជាតិ (កម្រិតមូលដ្ឋាន) និងអ្នកវិនិយោគបរទេស ក៏ដូចជាឱកាសដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងផ្នត់គំនិតរវាងពាណិជ្ជករ សហគ្រាសខ្នាតតូចជាតិ ផលិតផលOVOP សហគ្រាស និងសមភាគីបរទេស។
លោកគង់ នី អគ្គលេខាធិការរងនៃសភាវិជ្ជាជីវៈ និងសហគ្រាសខ្នាតតូចកម្ពុជា (CPMEC) បានសង្កេតឃើញថា ការផលិតផលិតផលកម្ពុជា នៅតាមខេត្តបានកើនឡើង និងទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ ជាពិសេសបន្ទាប់ពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕
