ដោយ Donald Lee
ភ្នំពេញ៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃ សុក្រ ថា ខ្លួនបានត្រៀមរួចរាល់ហើយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក។

លោកស៊ី បានថ្លែងនៅក្នុងវេទិកា “សេដ្ឋកិច្ចថ្មី” នៅទីក្រុងប៉េកាំងថា “យើងចង់ធ្វើការសម្រាប់កិច្ចព្រមព្រៀងមួយដំណាក់កាលមួយដោយផ្អែកលើការគោរពគ្នា និងសមភាព”។
អ្នកចរចាពាណិជ្ជកម្មអាមេរិក និងចិនកំពុងប្រញាប់ប្រញាល់បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដំណាក់កាល មុនកាលបរិច្ឆេទកំណត់ពន្ធគយ ថ្ងៃទី ១៥ ខែ ធ្នូ ចូលជាធរមានដែលនឹងប៉ះពាល់ដល់ការនាំចូលរបស់ចិនដែលមានតម្លៃ ១៥៦ ពាន់លានដុល្លារ។
ពន្ធគយកំណត់គោលដៅលើទូរស័ព្ទចល័ត កុំព្យូទ័រយួរដៃ និងទំនិញប្រើប្រាស់ដែលមានតម្លៃខ្ពស់។ពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែសង្រ្គាមពាណិជ្ជកម្មដែលកំពុងកើតមាន។
ការនាំចេញរបស់ចិនទៅកាន់អាមេរិកបានធ្លាក់ចុះ ៥៣ ពាន់លានដុល្លារ ហើយការនាំចេញរបស់អាមេរិកទៅកាន់ចិនបានធ្លាក់ចុះ ១៤,៥ ពាន់លានដុល្លារបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិចេញផ្សាយក្នុងខែនេះ។
លោកស៊ីបានមានប្រសាសន៍ថា “នៅពេលចាំបាច់ យើងនឹងប្រយុទ្ធតបវិញ ប៉ុន្តែយើងបានធ្វើការយ៉ាងសកម្មដើម្បីព្យាយាមមិនឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ យើងមិនបានផ្តួចផ្តើមសង្គ្រាមពាណិជ្ជកម្មនេះទេ ហើយនេះមិនមែនជាអ្វីដែលយើងចង់បានទេ”។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ភាពមិនត្រឹមត្រូវនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុកាលពី ១០ ឆ្នាំមុន។
លោក Laurence Boone ប្រធានសេដ្ឋវិទូនៃអង្គការ OECD នៅក្នុងរបាយការណ៍បាននិយាយថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមក លទ្ធផល និងកំណើនសេដ្ឋកិច្ចសកលបានធ្លាក់ចុះជាលំដាប់ ស្របពេលភាពមិនប្រាកដប្រជានៃគោលនយោបាយ និងលំហូរពាណិជ្ជកម្មនិងការវិនិយោគខ្សោយ”។

របាយការណ៍បានកែប្រែការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុកឆ្នាំ ២០១៩ របស់ខ្លួនមកត្រឹម ២,៩ ភាគរយ និង៣ ភាគរយសម្រាប់ឆ្នាំក្រោយ។ ការព្យាករណ៍ពីកំណើនសេដ្ឋកិច្ច ២០២០-២០២១ គឺជាការធ្លាក់ចុះមួយចាប់តាំងពីខ្សោយវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៩៕






