
ដោយ ៖ Donald Lee
ភ្នំពេញ ៖ ក្រុមហ៊ុនហិរញ្ញវត្ថុលើពិភពលោក កំពុងសម្របខ្លួនទៅនឹងបច្ចេកវិទ្យា Artificial Intelligence (AI) ហើយបានកាត់បន្ថយការងារការិយាល័យនៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុពិភពលោក។
ធនាគារយក្ស Deutsche Bank ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុអន្ដរជាតិបានចាប់ផ្តើមដំណើរការជំនួសការងារចំនួន ១៨ ០០០ កន្លែងជាមួយនឹងបច្ចេកវិទ្យា AI ហើយនឹងជួយសន្សំដល់ទៅ ៨០០០ លានដុល្លារ ក្នុងប្រតិបត្តិការចំណាយនៅឆ្នាំ ២០២២។
បច្ចេកវិទ្យា AI នឹងជំនួសបុគ្គលិក ដែលចូលរួមក្នុងការងារការិយាល័យដែលច្រំដែល។ នេះបើយោងតាមលោក Mark Matthews ប្រធានប្រតិបត្តិការសម្រាប់ធនាគារសាជីវកម្ម និងវិនិយោគរបស់ធនាគារ Deutsche ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន Financial News ថា “ចំនួនបុគ្គលិកនឹងនៅតែបន្តធ្លាក់ចុះ ហើយវាមិនមានបញ្ហាអ្វីទេ។ គំរូរបស់យើងគឺកាត់បន្ថយថ្លៃដើម ហើយក្នុងពេលតែមួយធ្វើឱ្យប្រសើរឡើង នូវបរិយាកាសគ្រប់គ្រង និងបទពិសោធន៍របស់អតិថិជន”។
ក្រុមហ៊ុននេះបានប្រើរូបយន្ត AI ដើម្បីដំណើរការប្រតិបត្តិការធនាគារសាជីវកម្មចំនួន៥លាន ការត្រួតពិនិត្យធនាគារវិនិយោគ ៣,៤លាន និងសន្សំកម្លាំងពលកម្មដោយដៃ ៦៨០,០០០ ម៉ោងដោយប្រើបច្ចេកវិទ្យានេះ។
របាយការណ៍វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី បច្ចេកវិទ្យា AI ក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុបានឱ្យដឹងថា “បញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរមូលដ្ឋានគ្រឹះ នៃសេវាកម្មហិរញ្ញវត្ថុ”។
របាយការឱ្យដឹងថា “វាកំពុងធ្វើឱ្យចុះខ្សោយនូវចំណង ដែលបានរួមបញ្ចូលគ្នារវាងផ្នែកហិរញ្ញវត្ថុនៃស្ថាប័នហិរញ្ញវត្ថុ ដែលកំពុងមានវត្តមានដោយបើកទ្វារនូវគំរូប្រតិបត្តិការថ្មីទាំងស្រុង និងឈានទៅរកភាពថ្មី នៃសក្ដានុពលប្រកួតប្រជែង ដែលនឹងផ្តល់រង្វាន់ដល់ស្ថាប័នផ្តោតលើទំហំ និងភាពស្មុគស្មាញនៃទិន្នន័យច្រើនជាងទំហំ ឬភាពស្មុគស្មាញនៃដើមទុន”៕