ចំណេះដឹង​! តើ​អាជ្ញាធរ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​មាន​នីតិវិធី​ដូចម្តេច​?

0

ដោយ ​វុត្ថា

ភ្នំ​ពេញៈ​ អាជ្ញាធរ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ មាន​ភាព​ខុសគ្នា​ពី​អាជ្ញាធរ​ផ្តល់​សម្បទាន​ជា​ទូ​ទៅ​ផ្សេង​ៗទៀត​ ដែល​ក្នុង​នេះ​រដ្ឋ​សុខចិត្ត​ប្រគល់​សិទ្ធិ​ឱ្យ​សហគ្រាស​ឯកជន​អនុវត្ត​មុខងារ​មួយ​របស់​រដ្ឋ​។

យោង​តាម​ឯកសារ​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា​ ក្នុង​សម្បទាន​ដី​សេដ្ឋកិច្ច​ រដ្ឋ​សុខចិត្ត​ប្រគល់​សិទ្ធិ​ប្រើប្រាស់​ដី​ជា​ធនធាន​កម្រ​ក្នុងរយៈពេល​វែង​នោះ​ តម្រូវ​ឱ្យ​មានការ​ប្រើប្រាស់​ដោយឡែក​ មិន​ងាយ​ផ្លាស់​ប្តូរ​ និង​តម្រូវ​ឱ្យ​មានការ​ត្រួតពិនិត្យ​ល្អិតល្អន់​ ។

ក្នុង​ការអនុវត្ត​ជាក់ស្តែង​ សម្បទាន​ដី​សេដ្ឋកិច្ច​ គម្បី​ផ្អែកលើ​ការវិភាគ​ដោយ​ប្រុងប្រយ័ត្ន​អំពី​លក្ខខណ្ឌ​របស់​មូលដ្ឋាន​ និង​ផែនការ​ប្រើប្រាស់​ដី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្នាក់​មូលដ្ឋាន​ និង​នៅ​ថ្នាក់​ខេត្ត​ក្រុង​។ យ៉ាងណាក៏ដោយ​ ការ​អនុម័ត​ចុងក្រោយ​លើ​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ គួរ​ត្រូវ​បាន​ធ្វើ​នៅ​ថ្នាក់​ជាតិ​។ លើកលែងតែ​សម្បទាន​ដែល​មានតម្លៃ​វិនិយោគ​សរុប​ មាន​ទឹកប្រាក់​ទាប​ជាង​ពីរ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ (US​ 2,000,000​) ។

មានការ​រំពឹង​ថា​ ទម្រង់​នៃ​ការ​ផ្តល់​ដី​ជា​សម្បទាន​សេដ្ឋកិច្ច​ ជា​ការ​កម្រ​នឹង​ធ្វើ​ណាស់​ ហើយ​ទម្រង់​នេះ​ ស្ថិតនៅ​ក្នុង​ផលប្រយោជន៍​របស់​រដ្ឋ​ ដែល​យល់ព្រម​ផ្តល់​សម្បទាន​ដី​ដើម្បី​ទាក់ទាញ​ការ​វិនិយោគឯកជន​ និង​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ប្រទេសជាតិ​។

សម្បទាន​ដី​សេដ្ឋកិច្ច​បែបនេះ​ ចាំបាច់​ត្រូវ​ឱ្យ​មានការ​ពិនិត្យ​ឡើងវិញ​ឱ្យ​បាន​ម៉ត់ចត់​លើ​លក្ខណៈ​បច្ចេកទេស​ និង​ការ​ធ្វើ​ផែនការ​ល្អិតល្អន់​រួមគ្នា​រវាង​រដ្ឋ​ និង​អង្គភាព​វិនិយោគ​ ។ដូច្នេះ​ គប្បី​មាន​លេខាធិការ​ដ្ឋាន​បច្ចេកទេស​ ជា​លក្ខណៈ​អន្តរ​វិស័យ​មួយ​ ដើម្បី​ជួយ​សិក្សា​ផ្តល់​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល​ លើ​រាល់​សំ​ណើរ​សុំ​សម្បទាន​ដី​សេដ្ឋកិច្ច​។

អាជ្ញាធរ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ នឹង​ត្រូវ​ប្រគល់​ឱ្យ​ក្រសួង​-ស្ថាប័ន​ណាមួយ​របស់​រដ្ឋាភិបាល​ ដែល​នឹង​មានការ​ទទួលខុសត្រូវ​ក្នុង​ការ​តាមដាន​ និង​ការ​ដាក់​ឱ្យ​ប្រតិបត្តិ​ការ​សកម្មភាព​។

ក្រសួង​ ស្ថាប័ន​ មានការ​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើ​កិច្ចសន្យា​នេះ​ គឺ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here