ដោយ វុត្ថា
ភ្នំពេញៈ អាជ្ញាធរផ្តល់ដីសម្បទានសេដ្ឋកិច្ច មានភាពខុសគ្នាពីអាជ្ញាធរផ្តល់សម្បទានជាទូទៅផ្សេងៗទៀត ដែលក្នុងនេះរដ្ឋសុខចិត្តប្រគល់សិទ្ធិឱ្យសហគ្រាសឯកជនអនុវត្តមុខងារមួយរបស់រដ្ឋ។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីសម្បទានដីសេដ្ឋកិច្ចបានឱ្យដឹងថា ក្នុងសម្បទានដីសេដ្ឋកិច្ច រដ្ឋសុខចិត្តប្រគល់សិទ្ធិប្រើប្រាស់ដីជាធនធានកម្រក្នុងរយៈពេលវែងនោះ តម្រូវឱ្យមានការប្រើប្រាស់ដោយឡែក មិនងាយផ្លាស់ប្តូរ និងតម្រូវឱ្យមានការត្រួតពិនិត្យល្អិតល្អន់ ។
ក្នុងការអនុវត្តជាក់ស្តែង សម្បទានដីសេដ្ឋកិច្ច គម្បីផ្អែកលើការវិភាគដោយប្រុងប្រយ័ត្នអំពីលក្ខខណ្ឌរបស់មូលដ្ឋាន និងផែនការប្រើប្រាស់ដី ដែលត្រូវបានបង្កើតឡើងនៅថ្នាក់មូលដ្ឋាន និងនៅថ្នាក់ខេត្តក្រុង។ យ៉ាងណាក៏ដោយ ការអនុម័តចុងក្រោយលើការផ្តល់សម្បទានដីសេដ្ឋកិច្ច គួរត្រូវបានធ្វើនៅថ្នាក់ជាតិ។ លើកលែងតែសម្បទានដែលមានតម្លៃវិនិយោគសរុប មានទឹកប្រាក់ទាបជាងពីរលានដុល្លារសហរដ្ឋអាមេរិក (US 2,000,000) ។
មានការរំពឹងថា ទម្រង់នៃការផ្តល់ដីជាសម្បទានសេដ្ឋកិច្ច ជាការកម្រនឹងធ្វើណាស់ ហើយទម្រង់នេះ ស្ថិតនៅក្នុងផលប្រយោជន៍របស់រដ្ឋ ដែលយល់ព្រមផ្តល់សម្បទានដីដើម្បីទាក់ទាញការវិនិយោគឯកជន និងបច្ចេកវិទ្យាថ្មីសម្រាប់ប្រទេសជាតិ។
សម្បទានដីសេដ្ឋកិច្ចបែបនេះ ចាំបាច់ត្រូវឱ្យមានការពិនិត្យឡើងវិញឱ្យបានម៉ត់ចត់លើលក្ខណៈបច្ចេកទេស និងការធ្វើផែនការល្អិតល្អន់រួមគ្នារវាងរដ្ឋ និងអង្គភាពវិនិយោគ ។ដូច្នេះ គប្បីមានលេខាធិការដ្ឋានបច្ចេកទេស ជាលក្ខណៈអន្តរវិស័យមួយ ដើម្បីជួយសិក្សាផ្តល់អនុសាសន៍ជូនរាជរដ្ឋាភិបាល លើរាល់សំណើរសុំសម្បទានដីសេដ្ឋកិច្ច។
អាជ្ញាធរផ្តល់សម្បទានដីសេដ្ឋកិច្ច នឹងត្រូវប្រគល់ឱ្យក្រសួង-ស្ថាប័នណាមួយរបស់រដ្ឋាភិបាល ដែលនឹងមានការទទួលខុសត្រូវក្នុងការតាមដាន និងការដាក់ឱ្យប្រតិបត្តិការសកម្មភាព។
ក្រសួង ស្ថាប័ន មានការទទួលខុសត្រូវក្នុងការធ្វើកិច្ចសន្យានេះ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕