ក្រុម​វិនិយោគិន​អាមេរិក​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ប្រតិភូ​វិនិយោគ​មួយ​ក្រុម​ ដែល​មក​ទីក្រុង​ឡូស​អេន​ជេ​លេស​ រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋអាមេរិក​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ និង​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​នានា​ជាច្រើន​នៅ​កម្ពុជា​ ដែល​ក្នុង​នោះ​រួមមាន​ដូចជា​វិស័យ​ទេសចរណ៍​ វិស័យ​ថាមពល​ជាដើម​។

គណៈប្រតិភូ​វិនិយោគ​ និង​ទេសចរណ៍​ ដែល​មាន​ចំណាប់​អារម្មណ៍​ជាមួយ​កម្ពុជា​នៅពេល​នេះ​ បាន​ដឹកនាំ​ដោយ​លោក​ ហួត​ គីម​ឆា​ កុងស៊ុល​កិត្តិយស​របស់​កម្ពុជា​ប្រចាំ​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ និង​លោក​ Norman​ Arikawa​ តំណាង​កំពង់ផែ​ LA​ Port​ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​កម្ពុជា​ និង​រដ្ឋ​កា​លី​ហ្វ័​រញ៉ា​ សហរដ្ឋអាមេរិក​។

លោក​សូ​ វិ​សុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​បាន​លើកឡើង​ថា​ ក្នុង​កិច្ចពិភាក្សា​កាល​ការងារ​ និង​ស្វែងយល់​ពី​សក្ដានុពល​ នៃ​ការ​វិនិយោគ​ជាមួយ​ប្រតិភូ​មក​ពី​អាមេរិក​កាលពី​ព្រឹក​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ បាន​បង្ហាញ​ពី​វឌ្ឍនភាព​លើ​វិស័យ​ទេសចរណ៍​ ក៏ដូចជា​គោលនយោបាយ​ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួងទេសចរណ៍​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អាទិភាព​មួយ​នេះ​ ឱ្យ​រីកចម្រើន​ឈានឡើង​ សំដៅ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​កម្ពុជា​ ទៅជា​គោលដៅ​ទេសចរណ៍​លំដាប់​អន្តរជាតិ​ ប្រកបដោយ​ភាព​ទាក់ទាញ​ខ្ពស់​។

លោក​បាន​បន្ត​ថា​ ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ បាន​លើក​បង្ហាញ​ពី​បរិយាកាស​ និង​គោ​លន​យោ​បាល​លើកទឹកចិត្ត​ ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ ដូចជា​ការ​ដាក់ចេញ​គោលនយោបាយ​ និង​លើក​ចិត្ត​ឱ្យ​មានការ​បង្កើត​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ គេហដ្ឋាន​ទីពីរ​ (Second​ Home​) និង​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​ ប្រកបដោយ​ចីរភាព​ ស្របតាម​ទស្សនទាន​ «ស្អាត​ និង​បៃតង​»។

ឆ្លងកាត់​កិច្ច​ជំនួប​ពិភាក្សា​ការងារ​រួច​ ក្រុមហ៊ុន​វិ​និ​យោ​គធំៗ​របស់​អាមេរិក​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ មក​លើ​សក្តា​នុ​ពល​ទេសចរណ៍​កម្ពុជា​ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ ព្រម​ជាមួយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​កម្ពុជា​ ក្នុង​ការសម្រេច​កំណើន​ទេសចរ​ឱ្យ​បាន​ប្រមាណ៧លាន​នាក់​ក្នុង​ឆ្នាំ២០២០​ និង​ប្រមាណ១៥លាន​នាក់​ក្នុង​ឆ្នាំ២០៣០​ ដែល​ត្រូវការ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ពន្ធ​ ផលិតផល​ទេសចរណ៍​ ក៏ដូចជា​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។

ក្រសួងទេសចរណ៍​ បាន​បង្ហាញ​ពី​សក្ដានុពល​ទាក់ទាញ​ខ្ពស់​ នៅ​តាម​ប៉ូល​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​ មាន​ដូចជា​រាជធានី​ភ្នំពេញ​ សៀមរាប​-អង្គរ​ តំបន់ឆ្នេរ​សមុទ្រ​-ភូមិភាគ​និរតី​ និង​តំបន់ភូមិភាគ​ឦសាន​ ដែល​កំពុង​ត្រូវការ​ការ​វិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​បន្ថែម​ទៀត​។ ជាមួយគ្នា​នោះ​ ក្រុម​អ្នក​វិនិយោគ​មក​ពី​អាមេរិក​នេះ​ ក៏បាន​បង្ហាញ​ពី​គោលបំណង​ចង់​បណ្ដាក់ទុន​វិនិយោគ​ លើ​ផ្នែក​សណ្ឋាគារ​លំដាប់​ខ្ពស់​ ការ​វិនិយោគ​លើ​វិស័យ​ថាមពល​ ពិសេស​ថាមពល​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ ដូចជា​ថាមពល​ព្រះអាទិត្យ​ និង​យានជំនិះ​ប្រើ​ប្រាស់​អ៉ីដ្រូហ្សែន​ជាដើម​។

រយៈពេល៩ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ភ្ញៀវ​ទេសចរ​មក​ពី​អាមេរិក​មាន​ប្រមាណ​ជាង​ ១៧ម៉ឺន​នាក់​ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី៦នៅ​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here