IMF​ ការព្យាករណ៍​ថា​ សេដ្ឋកិច្ច​ជប៉ុន​ស្ថិត​ក្នុង​សភាព​ទ្រឹង​នៅ​ឆ្នាំ​ ២០២០​ ខាងមុខ​

0

ដោយ​ Donald​ Lee

​ភ្នំពេញ​៖ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បានឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​ជប៉ុន​នឹង​ត្រូវ​បាន​ជាប់​គាំង​នៅក្នុង​ឆ្នាំ​ ២០២០​ ខណៈ​ខ្លួន​នៅតែ​បន្ត​មាន​កំណើន​យឺត​នៅ​ចុងឆ្នាំ​នេះ​។

IMF​ បាន​ទម្លាក់​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ជប៉ុន​ម្តង​ទៀត​នៅ​ឆ្នាំនេះ​ពី​ ០,៩​ ភាគរយ​ដល់​ ០,៨​ ភាគរយ​។

របាយការណ៍​របស់​ IMF​ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ “កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ពិតប្រាកដ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​មាន​សក្តា​នុ​ពល​ខ្ពស់​ជាង​ ០,៨​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩​”។

IMF​ ក៏បាន​ណែនាំ​ដល់​ធនាគារ​ជប៉ុន​ឱ្យធ្វើ​ការ​កែសម្រួល​អត្រា​ការប្រាក់​ឱ្យ​ស្រប​ទៅ​នឹង​ធនាគារ​កណ្តាល​អាស៊ី​ផ្សេងទៀត​ដែល​កំពុង​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​អាស៊ី​។

របាយការណ៍​របស់​ IMF​ បានឱ្យ​ដឹង​ថា​ “ជំហរ​គោលនយោបាយ​រូបិយវត្ថុ​មិន​មានការ​ផ្លាស់​ប្តូរ​ច្រើន​ទេ​ ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​សម្ពាធ​កំពុង​កើនឡើង​ដើម្បី​ផ្តល់​នូវ​សកម្មភាព​ជំរុញ​បន្ថែម​ទៀត​ស្របតាម​ធនាគារ​កណ្តាល​ធំៗ​ ដទៃទៀត​”។

លោក​ Kristalina​ Georgieva​ នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តូក្យូ​នៅ​ថ្ងៃនេះ​ថា​ “គោលនយោបាយ​សារពើពន្ធ​គួរតែ​គាំទ្រ​ដើម្បី​ការពារ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ និង​ជំរុញ​សន្ទុះ​អតិផរណា​”។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទីបី​នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ ៣ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ០,២​ ភាគរយ​។

លើស​ពីនេះ​ទៀត​ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​មាន​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ទំនិញ​ និង​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។ ទំនាក់ទំនង​សេដ្ឋកិច្ច​ នយោបាយ​ និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។

ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ ចាប់តាំងពី​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំ​ចេញ​​វត្ថុធាតុដើម​ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​។

IMF​ បាន​ណែនាំ​ជប៉ុន​ឱ្យ​កាត់បន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ជប៉ុន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្វាក់​តម្លៃ​សកល​ថែមទៀត​។

IMF​ បាន​ណែនាំ​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ដែល​កំពុង​បន្ត​ និង​ការ​កើនឡើង​បន្ថែម​ទៀត​អាច​កាត់បន្ថយ​ការនាំ​ចេញ​ការ​វិនិយោគ​ និង​ការលូតលាស់​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here