ដោយ វុត្ថា
ទីក្រុងប៊ូសានៈ រដ្ឋាភិបាលកូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសាធារណរដ្ឋកូរ៉េ និងបណ្ដាប្រទេសអាស៊ានចំនួន៥ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន។
លោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩កន្លងមកបានឱ្យដឹងថា ផ្អែកលើក្របខណ្ឌអនុស្សារណៈនេះ រដ្ឋាភិបាលសាធារណៈកូរ៉េ បានសន្យាបង្កើនការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ឱ្យបានទ្វេរដងដល់បណ្តាប្រទេអាស៊ានទាំង៥ ដើម្បីអនុវត្តគោលនយោបាយភាគខាងត្បូងថ្មី ។
លោកបន្តថា អនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៥រួមមាន ទី១ ភាពជាដៃគូលើវិស័យឌីជីថល សម្រាប់កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ទី២ ការលើកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សា ដើម្បីអនាគតប្រកដោយវិបុលភាព ទី៣ អនាគតសហគមសន្តិភាព មេគង្គ-សាធារណៈរដ្ឋកូរ៉េ ទី៤ ការកសាងទីក្រុងវៃឆ្លាត ដើម្បីប្រជាជន និងភពផែនដី និងទី៥ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្ន ដើម្បីធានាកំណើនប្រកបដោយតុល្យភាព។
លោកឈៀង យ៉ាណារ៉ាបានបន្តថា ក្នុងន័យនេះ គណៈកម្មាធិការនីតិកម្ម និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងខិតខំប្រឹងប្រែងបន្តកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្ត ដើម្បីធានាឱ្យកម្ពុជាទទួលបានផលប្រយោជន៍ជាអតិប្បរមា ពីការអនុវត្តអនុស្សារណៈយោគយល់នេះ៕






