វិស័យ​សំណង់​កម្ពុជា​ ទាក់ទាញ​លំហូរ​ទុន​វិនិយោគ​រហូតដល់​ ៧០០០លាន​ដុល្លារ​ ក្នុងរយៈពេល១០ខែ

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ គិត​មក​ត្រឹម​ចុងខែ​តុលា​ ឆ្នាំ២០១៩កន្លងទៅ​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​នៅ​ទូទាំង​ប្រទេស​ ដោយ​បាន​បង្កើន​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូតដល់​ជាង​ ៧០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ នៅ​លើ​គម្រោង​ជិត​ ៤០០០​ ដែល​គ្រោង​សាងសង់​នៅ​លើ​ផ្ទៃក្រឡាដី​ជាង​ ១៥លាន​ម៉ែត្រការ៉េ​។

នាយកដ្ឋាន​ស្ថិតិ​ និង​វិភាគ​សេដ្ឋកិច្ច​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​អនុញ្ញាត​លើ​សំណើសុំ​សាងសង់​សំណង់​នៅ​ស្ទើរ​ទូទាំង​ប្រទេស​រហូតដល់​ ៣៦២៥​ គម្រោង​ ជាមួយនឹង​តម្លៃ​នៃ​ទំហំ​ទុន​វិនិយោគ​សរុប​ ៧ ៥៦៤​ លាន​ដុល្លារ​អាមេរិក​ គ្រោង​សាងសង់​នៅ​លើ​ផ្ទៃក្រឡា​ប្រមាណ​ជាង​ ១៥លាន​ម៉ែត្រការ៉េ​។

ដោយឡែក​គ្រាន់តែ​នៅក្នុង​ខែតុលា​ ឆ្នាំ២០១៩​ កន្លងទៅ​នេះ​ គម្រោង​សាងសង់​សំណង់​គ្រប់​ប្រភេទ​ចំនួន​ ៥៣៤​ ត្រូវ​បាន​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ អនុញ្ញាត​ ដោយ​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជាង​ ២ លាន​ម៉ែត្រការ៉េ​ ក្នុង​ទំហំ​វិនិយោគ​ជា​ទឹកប្រាក់​ប្រមាណ​ជាង​ ១០០០លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

ការអភិវឌ្ឍន៍​វិស័យ​សំណង់​នេះ​ ចំពោះ​សំ​ណើរ​សុំ​សាងសង់​តាម​ប្រភេទ​នី​មួយ​ៗរួមមាន​ ៖ សំណង់​សាធារណៈ​មាន​ប្រមាណ​ ៧២​ គម្រោង​ ប្រើប្រាស់​ថវិកាជាតិ​មាន​ចំនួន​ ២៩​ គម្រោង​ និង​ថវិកា​វិស័យ​ឯកជន​មាន​ចំនួន​ ៤៣​ គម្រោង​, ការសាងសង់​លំនៅឋាន​ និង​ភូមិគ្រឹះ​មាន​ជាង​ ៣០០០​ គម្រោង​, សំណង់​ឧស្សាហកម្ម​ មាន​ ១៦៧​ គម្រោង​, សំណង់​ពាណិជ្ជកម្ម​មាន​ ២៥៥​ គម្រោង​, សំណង់​ទេសចរណ៍​មាន​ ១០៩​ គម្រោង​ និង​សំ​ណង់​ផ្សេង​ៗទៀត​មាន​ចំនួន​ ២២​ គម្រោង​ផង​ដែរ​ ដោយ​ក្នុង​នោះ​ ពាក់ព័ន្ធ​ផ្ទៃក្រឡា​ ដែល​ផ្តល់​ការ​អនុម័ត​ឱ្យ​សាងសង់​ដោយ​មន្ទីរ​ មាន​ចំនួន​ជាង​ ២ លាន​ ៣ សែន​ម៉ែត្រការ៉េ​ និង​ការ​ផ្តល់​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ មាន​ចំនួន​ជាង​ ១២​ លាន​ម៉ែត្រការ៉េ​។

យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ CBRE​ Cambodia​ កាលពី​ពេល​កន្លងទៅ​នេះ​បាន​បង្ហាញថា​ វិស័យ​ខុន​ដូរ​ដែល​ជាផ្នែក​មួយ​នៅក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​ ដោយ​គិត​ត្រឹម​ត្រីមាស​ទី៣នៃ​ឆ្នាំ២០១៩​ មានការ​ដាក់បញ្ចូល​នៅ​លើ​ទីផ្សារ​បន្ថែមចំនួន​ ៩ អគារ​ ស្មើនឹង​ ៥១៤០យូនី​ត។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ Century21​ Cambodia​ លោកស្រី​ Grace​ Rachny​ Fong​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ជាមួយនឹង​របាយការណ៍​ខាងលើ​នេះ​ ។ លោកស្រី​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ថា​ “កំណើន​នៃ​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​សំណង់​នេះ​ គឺ​កើតឡើង​ក្រោម​ទំនុកចិត្ត​របស់​អ្នក​វិនិយោគ​ទាំង​នៅក្នុង​ស្រុក​ និង​មក​ពីក្រៅ​ស្រុក​”។

លោកស្រី​បាន​បន្ត​ទៀត​ថា​ “ជាក់ស្ដែង​ដូចជា​វិស័យ​ខុន​ដូរ​ដែល​ធ្លាប់តែ​មាន​ភាព​ស្ងប់ស្ងាត់​ ពេលនេះ​បាន​បង្ហាញ​បង្ហាញ​ពី​ភាព​ពុះ​កញ្ច្រោល​របស់​ខ្លួន​ និង​មាន​តម្រូវការ​ខ្ពស់​លើ​ផ្នែក​ខុន​ដូរ​តម្លៃ​មធ្យម​ ដែល​ភាគច្រើន​អតិថិជន​គឺជា​ជនជាតិ​ខ្មែរ​ មិនមែន​បរទេស​នោះ​ទេ​ ដូច្នេះ​ប្រសិនបើ​អ្នកបញ្ជា​ទិញ​ជា​ជនជាតិ​ខ្មែរ​ មានន័យថា​ ទីផ្សារ​វិស័យ​នេះ​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​នោះ​ទេ​”។

លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ “មិនថា​ចំពោះ​ចុងឆ្នាំ​នេះ​ ឬនៅ​ឆ្នាំក្រោយ​ក្រោយ​នោះ​ទេ​ លំហូរ​នៃ​ការ​វិនិយោគ​នៅតែ​មាន​ជា​ធម្មតា​ ឬអាច​ល្អ​ប្រសើរ​ជាង​ឆ្នាំ​ចាស់​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ​មាន​គម្រោង​ជាច្រើន​ បាន​ និង​កំពុង​ត្រៀមខ្លួន​ប្រកាស​ប្រតិបត្តិ​ការ​នៅក្នុង​ទីផ្សារ​កម្ពុជា​ ដែល​ក្នុង​នោះ​ក្រៅពី​ក្រុមហ៊ុន​ចិន​ នៅ​មាន​ក្រុមហ៊ុន​ជប៉ុន​ តៃវ៉ាន់​ សិង្ហបុរី​ និង​កូរ៉េ​ ផង​ដែរ​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here