ដោយ វុត្ថា
កំពង់ស្ពឺ៖ ក្រុមហ៊ុនធំៗ ចំនួន៣៥ មកពីសាធារណរដ្ឋប្រជាមានិតចិនបានចុះមកសិក្សាស្វែងយល់ពីឱកាសសម្រាប់វិនិយោគ និងបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ។
លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅក្នុងជំនួបជាមួយគណៈប្រតិភូមកពីសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងអំពើស្ថានភាពរួមរបស់រដ្ឋបាលខេត្ត សក្កានុពលនានា និងក្រុមហ៊ុននានាដែលកំពុងធ្វើការវិនិយោគនៅក្នុងខេត្ត ដែលមានការទទួលស្គាល់ និងបានច្បាប់អនុញ្ញាតដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC)។
លោកបន្តថា ខេត្តកំពង់ស្ពឺកំពុងត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្ត ហើយផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង ស្របពេលដែលខេត្តកំពង់ស្ពឺកំពុងក្លាយជាជង្រុករបស់អ្នកវិនិយោគផងដែរ ។
លោកអភិបាលខេត្តបានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើវិស័យកសិកម្ម វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាពនិងប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។
គណៈប្រតិភូបានរីករាយនិងទទួលសំណូមពររបស់ឯកឧត្តមអភិបាលខេត្ត យកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តកំពង់ស្ពឺឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តកំពង់ស្ពឺកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ៕






