ដោយ Donald Lee
ភ្នំពេញៈ ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ (Joko Widodo) បានថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដើម្បីបង្កើនល្បឿននៃការវិនិយោគ និងលុបបំបាត់នូវការិយាធិបតេយ្យកម្រិតខ្ពស់របស់រដ្ឋាភិបាលចំនួនពីរ។

-->
លោកប្រធានាធិបតី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ខ្ញុំបានបញ្ជាឱ្យរដ្ឋមន្រ្តីជំនួសមន្រ្តីទី៣ និង៤ជាមួយបច្ចេកវិទ្យា AI ដោយសារតែការិយាធិបតេយ្យរបស់យើងនឹងលឿនជាមួយបច្ចេកវិទ្យា ប៉ុន្តែវាអាស្រ័យលើច្បាប់អូនីមូសរដ្ឋាភិបាល ចង់ដាក់ចេញនូវបច្ចេកវិទ្យា AI ដើម្បីដំណើរការការចុះបញ្ជីអាជីវកម្ម និងអាជ្ញាប័ណ្ណ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចសម្របសម្រួល លោក Airlangga Hartarto បាននិយាយនៅក្នុងរបាយការណ៍មួយថា “វិធីមួយក្នុងចំណោមវិធីដែលយើង នឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាAI នឹងស្ថិតនៅក្នុងអំឡុងពេលដំណើរការចុះឈ្មោះ។
ឧទាហរណ៍ យើងនឹងធ្វើ ឱ្យសាមញ្ញនូវការអនុញ្ញាតសាងសង់។ ការផ្តល់អាជ្ញាប័ណ្ណ នឹងផ្អែកលើវិធីសាស្រ្តដែលផ្តោតលើហានិភ័យដែលអាចកើតមាន”។
ក្រុមអ្នកវិភាគជឿជាក់ថា បច្ចេកវិទ្យា AI នឹងធ្វើបដិវត្តអាជីវកម្ម ក្នុងរយៈពេលពីរ បីឆ្នាំខាងមុខ។
មហាសេដ្ឋីចិន Jack Ma ជឿជាក់ថា សប្តាហ៍ធ្វើការ ១២ម៉ោង នឹងក្លាយជាបទដ្ឋានមួយ បន្ទាប់ពីបច្ចេកវិទ្យា AI ជឿនលឿនគ្រប់គ្រាន់ ក្នុងការកាន់កាប់ភារកិច្ច ដែលផ្តោតលើមនុស្សភាគច្រើន។
ទោះយ៉ាងណាក៏ដោយ មនុស្សជាច្រើនភ័យខ្លាចថា បច្ចេកវិទ្យា AI នឹងលុបបំបាត់កម្លាំងពលកម្មពាក់កណ្តាលនៃពិភពលោក ហើយធ្វើឱ្យមនុស្សគ្មានការងារធ្វើជាច្រើន។
លោក Kai-Fu Lee អ្នកជំនាញខាងបច្ចេកវិទ្យា AI បានប្រាប់ទូរទស្សន៍អាមេរិកថា បច្ចេកវិទ្យាអាចលុបបំបាត់ និងកាន់កាប់ការងារបាន៤០ភាគរយ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។

លោក Lee បាននិយាយនៅដើមឆ្នាំនេះថា “បច្ចេកវិទ្យានឹងឈានទៅរកការផ្លាស់ប្តូរពិភពលោកច្រើនជាងអ្វីៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ វាក៏នឹងកាន់កាប់ការិយាល័យបែបប្រពៃណី ការងារនៅក្នុងគណនេយ្យ បដិសណ្ឋារកិច្ច ច្បាប់ ទីផ្សារ និងការថែទាំសុខភាពផងដែរ”។
ធនាគារយក្ស Deutsche Bank ដែលជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុអន្ដរជាតិបានចាប់ផ្តើមដំណើរការជំនួសការងារចំនួន ១៨,០០០ កន្លែង ជាមួយនឹងបច្ចេកវិទ្យា AI ហើយនឹងជួយសន្សំប្រាក់ដល់ទៅ៨ពាន់លានដុល្លារ ក្នុងប្រតិបត្តិការចំណាយនៅឆ្នាំ២០២២។
លោក Mark Matthews ប្រធានផ្នែកប្រតិបត្តិការសម្រាប់ក្រុមហ៊ុនសាជីវកម្ម និងធនាគារវិនិយោគរបស់ Deutsche មានប្រសាសន៍ថា “ចំនួនបុគ្គលិកនឹងបន្តថយចុះ ដែលវាមិនមែនជាចម្ងល់ឡើយ។ គំរូរបស់យើងគឺកាត់បន្ថយថ្លៃដើម ហើយក្នុងពេលតែមួយធ្វើឱ្យប្រសើរឡើងនូវបរិយាកាសគ្រប់គ្រង និងបទពិសោធន៍របស់អតិថិជន”។
ក្រុមហ៊ុននេះ បានប្រើរូបយន្ត AI ដើម្បីដំណើរការប្រតិបត្តិការធនាគារ សាជីវកម្មចំនួន៥លាន ការត្រួតពិនិត្យធនាគារវិនិយោគ ៣៤លាន និងរក្សាទុកកម្លាំងពលកម្មដោយមនុស្ស៦៨០,០០០ ម៉ោងដោយប្រើបច្ចេកវិទ្យានេះ៕