ដោយ វុត្ថា
ភ្នំពេញៈ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុលបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងពង្រីក និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ព្រមទាំងមានគម្រោងសាងសង់ផ្លូវ និងស្ពានជាដើម។
លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩នេះថា ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅបាវិត ផ្លូវដែកពីភ្នំពេញទៅសៀមរាប និងពីសៀមរាបទៅប៉ោយប៉ែត និងការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ខណៈផែនការមេជាតិភស្តុភារកម្មត្រូវបានអភិវឌ្ឍផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីការប្រើប្រាស់យន្តការបច្ចេកវិទ្យាព័ត៌មាន ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិក ពេលកប៉ាល់ចេញចូលកំពង់ផែ (Port EDI) កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ជាដើម ដើម្បីផ្ដល់សេវាសាធារណៈឱ្យកាន់តែលឿន និងពង្រីកការចូលរួមថែរក្សាផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំស្ដីពីហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) នេះ គឺដើម្បីស្ដាប់ការធ្វើបទបង្ហាញពីស្ថាប័នពាក់ព័ន្ធ ស្ដីពីផែនការមេរបស់ខ្លួនក្រោមប្រធានបទ៖ ហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ ក៏ដូចជាបង្កើតឱ្យមានវេទិកាសំណួរចម្លើយ ដើម្បីដោះដូរគំនិតយោបល់សំដៅ ឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មក្នុងតំបន់ប្រព្រឹត្តទៅមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានតម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕






