តើ​ស្ថាបត្យកម្ម​សំណង់​ខ្មែរ​មានការ​វិវត្ត​ និង​រីកចម្រើន​យ៉ាងដូច​ម្តេច​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បង្ហាញ​ឱ្យ​ឃើញថា​ ស្ថាបត្យកម្ម​ខ្មែរ​ គឺ​មានការ​វិវត្ត​និង​រីកចម្រើន​ឥត​ឈប់ឈរ​ ពី​សម័យមួយ​ទៅ​សម័យមួយ​ ហើយ​កាន់តែ​លូតលាស់​ជាលំដាប់​ទៀតផង​។

លោក​បណ្ឌិតសភា​ចារ្យ​ ស៊ុំ​ ឈុំ​ប៊ុ​ន នាយក​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ នៅក្នុង​សិក្ខា សាលា​ស្តី​ពី​ការវិវត្តន៍​ នៃ​សំណង់​ស្ថាបត្យកម្ម​ប្រាសាទខ្មែរ​ នៅ​ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ថា​ ស្ថាបត្យករ​ខ្មែរ​ គឺ​មាន​ទេពកោសល្យ​ខ្ពង់ខ្ពស់​បំផុត​ ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ​ ធ្វើសំយោគ​ពី​សិល្បៈ​បរទេស​ និង​ សិល្បៈ​ខ្មែរ​ ជំនាន់​មុន​ស្ថាបត្យករ​ខ្មែរ​ បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត​ ដែល​មាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ​ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ​។

បណ្ឌិតសភា​ចារ្យ​បន្ត​ថា​ ជា​ការពិត​ក្នុង​បរិបទ​សាកល​ភាវូបនីយកម្ម​ សំណង់​និង​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ទំនើប​ ចាប់តាំងពី​សម័យ​អាណានិគម​និយម​បារាំង​ សម័យ​សង្គម​រាស្ត្រនិយម​ រហូតមកដល់​សម័យ​បច្ចុប្បន្ន​ ខ្មែរ​តែងតែ​ផ្សារភ្ជាប់​ទៅ​នឹង​ស្ថាបត្យកម្ម​ និង​ ក្បាច់រចនា​បែប​បុរាណ​ខ្មែរ​ ដែល​បាន​បន្សល់ទុក​ជាម​រត​កដ៏​វិសេសវិសាល​ តាំងពី​សម័យ​ចក្រភព​អង្គរ​ បង្កើត​បាន​ជា​តម្លៃ​ដ៏​ពិសិដ្ឋ​របស់​ប្រជាជាតិ​ខ្មែរ​ ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។

លោក​ព្រឹទ្ធា​ចារ្យ​ឡោ​ សាន​ វីរៈ​សិល្បករ​នៃ​ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​គូសបញ្ជាក់​អំពី​ទេពកោសល្យ​ដ៏​វិសេសវិសាល​ របស់​បុព្វបុរស​ខ្មែរ​ នៅក្នុង​វិស័យ​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ និង​ការ​វិវត្ត​ និង​រីកចម្រើន​ឥត​ឈប់ឈរ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ ពី​សម័យមួយ​ទៅ​សម័យមួយ​ ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​ទេពកោសល្យ​ ដ៏​ខ្ពង់ខ្ពស់​របស់​ស្ថាបត្យករ​ខ្មែរ​បុរាណ​។

លោក​បណ្ឌិតសភា​ចារ្យ​បាន​លើកឡើង​បន្ត​ថា​ ក្រៅពី​ទេពកោសល្យ​ខាង​ការ​ផ្សែផ្សំ​ ធ្វើសំយោគ​ពី​សិល្បៈ​បរទេស​ និង​ សិល្បៈ​ខ្មែរ​ជំ​នាន់​មុន​ៗ ស្ថាបត្យករ​ខ្មែរ​បាន​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយទៀត​ដែល​មាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ​ ស្របតាម​ទស្សនៈ​ខ្មែរ​សុទ្ធសាធ​ទៀតផង​។

លោក​ព្រឹទ្ធា​ចារ្យ​ឡោ​ សាន​ បាន​គូសបញ្ជាក់​បន្ថែម​ ដោយ​បាន​លើកឡើង​ជាឧទាហរណ៍​ថា​ នៅ​សម័យ​ភ្នំ​ដា​ ខ្មែរ​បានលុង​ភ្នំ​ធ្វើជា​ប្រាសាទ​តាម​ទម្រង់​ នៃ​សិល្បៈ​ឥណ្ឌា​ តែ​ក្រោយមក​ស្ថាបត្យករ​ខ្មែរ​ បាន​ច្នៃប្រឌិត​ពី​ជំនឿ​គោរព​នៅ​លើ​ទី​ខ្ពស់​ ដូចជា​ភ្នំ​ធម្មជាតិ​មក​ជំនួស​ ដោយ​ការ​កសាង​ប្រាសាទភ្នំ​នៅ​លើ​ដីរាប​ទៅវិញ​ ជាក់ស្តែង​ការសាងសង់​ប្រាសាទ​នៅ​សម័យ​ឧដុង្គ​។

ជា​ការពិត​ណាស់​ ទស្សន​គោរព​ទី​ខ្ពស់​នេះ​ខ្មែរ​មាន​រួចមក​ហើយ​ តាំងពី​បុរេប្រវត្តិ​មក​ម៉្លេះ​ ហើយ​លុះដល់​ពេល​ដែល​ឥណ្ឌា​ចូល​មកដល់​ស្រុកខ្មែរ​ ក៏​ជំរុញ​ឱ្យ​ទស្សនៈ​ទាំងពីរ​ដែល​ស្របគ្នា​នេះ​ រឹតតែ​មាន​ឥទ្ធិពល​ខ្លាំង​ឡើង​ថែមទៀត​ ហើយ​វប្បធម៌​ដែល​ខ្មែរ​បាន​បង្កើត​ គឺជា​ការ​ច្នៃប្រឌិត​ទាញ​យក​អរិយធម៌​បរទេស​ ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​អាច​ច្របាច់​បញ្ចូល​គ្នា​បាន​ មក​ធ្វើការ​កែច្នៃ​និង​បង្កើត​ថ្មី​ ឱ្យ​លក្ខណៈ​ជា​ព្រលឹង​នៃ​វប្បធម៌​ខ្មែរ​តាម​បែប​ខ្មែរ​។

រាជបណ្ឌិត​សភា​នៃ​កម្ពុជា​ បាន​សិក្ខាសាលា​នេះ​បាន​ផ្សព្វផ្សាយ​ ជា​អត្ថបទ​ពិគ្រោះ​យោបល់​ និង​បាន​ជា​អនុសាសន៍​ រួម​វិភាគទាន​ដ៏​មានតម្លៃ​ សម្រាប់​ជា​ប្រយោជន៍​ ទៅដល់​ស្ថាបត្យករ​ ខ្មែរ​ឱ្យ​មាន​ទេពកោសល្យ​ ការ​ច្នៃប្រឌិត​ខ្ពស់​មាន​ទេព​ កោសល្យ​ខាង​ការ​ផ្សែផ្សំ​ធ្វើសំយោគ​ពី​សិល្បៈ​បរទេស​ និង​សិល្បៈ​ខ្មែរ​ជំ​នាន់​មុន​ៗ ដើម្បី​បង្កើត​ចេញ​នូវ​សិល្បៈ​ថ្មី​មួយ​ ដែល​មាន​ទម្រង់​ជា​សិល្បៈ​ខ្មែរ​ ជា​ប្រទីប​បំភ្លឺ​ផ្លូវ​សង្គម​កម្ពុជា​ ឱ្យ​មានការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ ប្រកបដោយ​វឌ្ឍនភាព​រីកចម្រើន​ និង​សេចក្ដីរុងរឿង​ជានិរន្តរ៍​៕

LEAVE A REPLY

Please enter your comment!
Please enter your name here