ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជួយ​អភិវឌ្ឍហេដ្ឋា​រចនា​សម័ន្ធ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ភាពជាដៃគូអភិវឌ្ឍដ៏រឹងមាំ និងដ៏ជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយអភិវឌ្ឍហេដ្ឋារចនាសម័ន្ធគាំទ្រដល់វិស័យទេសចរណ៍ និងវិស័យទេសចរណ៍កម្ពុជាឱ្យប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ទស្សនៈកម្រិត ថ្នាក់រដ្ឋមន្រ្តីជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រីLisa Wright នាយកប្រតិបត្តិប្រចាំតំបន់អំពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ។ ​

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងថ្នាក់ដឹកនាំរបស់ធនាគារនេះ ដែ​លតែងតែគំាទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការជាមួ​យរាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិទាំងអស់ចាប់តាំងពីអាណត្តិក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកហួត ហាក់ ក៏បានថ្លែងអំណរគុណចំពោះភាពជាដៃគូជាពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងក្រសួងទេសចរណ៍កន្លងមក ដែលបានសម្រេចដោយជោគជ័យ នូវគម្រោងអភិវឌ្ឍដ៏មានសារៈសំខាន់ជាច្រើន សម្រាប់បម្រើវិស័យអេកូទេសច​រណ៍ ការបង្កើតការងារ និងការរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្នភាព ជាក់ស្តែងគឺកំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត ដែលត្រូវបានបើកសម្តោធដាក់ឱ្យប្រើប្រាស់ដោយសម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

លើសពីនេះកាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ ក៏បានទទួលនូវគម្រោងអភិវឌ្ឍន៍ថ្មីបន្ថែម ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើគម្រោង ជួយវិស័យទេសចរណ៍ពិសេសៗ និងក្នុងទំហំទឹកប្រាក់ដ៏ច្រើន ដែលនឹងជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តសំខាន់ៗ ដែលជាគោលដៅទេសចរណ៍ សម្រាប់ជួយជំរុញជីវភាព និងបង្កើតការងារនៅនឹងកន្លែង និងការអភិរក្សតំបន់បន្ថែមទៀត៕

លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រីLisa Wright នាយកប្រតិបត្តិប្រចាំតំបន់
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំលោកស្រីLisa Wright នាយកប្រតិបត្តិប្រចាំតំបន់

ចែករំលែក