ដោយៈ ចំណាន
ភ្នំពេញៈ ក្រសួងទេសចរណ៍ និងក្រុមវិស័យឯកជនបានរៀបចំព្រឹត្តិការណ៍ “បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour)មេគង្គ-ឡានឆាង» ជាព្រឹត្តការណ៍ថ្មី និងទាក់ទាញមួយទៀតក្នុងយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជា។
ដោយទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង”។
ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ដល់បណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ពង្រឹងទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ព្រមទាំងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់មហាអនុតំបន់មេគង្គ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រតិភូក្បួនរថយន្តជាតិ និងអន្តរជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង១៥០រូប នាទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាព ដ៏មានសារៈសំខាន់ក្នុងការអបអរសាទរ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” និងខួបទី៦៨ឆ្នាំនៃទំនាក់ទំនងមិត្តភាព ដែកថែបកម្ពុជា-ចិន ព្រមទាំងជាការជួយបន្ថែមសន្ទុះ ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
លោកហួត ហាក់បានបញ្ជាក់ថា “វិស័យទេសចរណ៍ដែលត្រូវបានចាត់ជា “មាសបៃតង” ជាវិស័យអាទិភាពសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងសង្គម ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត”។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រតិភូក្បួនរថយន្តទាំងអស់សូមជាជាទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយពីសភាពការណ៍នយោបាយ និងសង្គមពិតរបស់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ច និងស្នាមញញឹមដ៏កក់ក្តៅ ព្រមទាំងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ដ៏ទាក់ទាញ កាលានុវត្តភាពវិនិយោគដ៏ល្អ ព្រមទាំងវប្បធម៌ និងទំនៀមទម្លាប់របស់កម្ពុជាដ៏សំបូរទៅកាន់ប្រជាជន និងភ្ញៀវទេសចរអន្តរជាតិតាមគោលដៅដែលធ្វើដំណើរ។

ព្រឹត្តិការណ៍ “បើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour)មេគង្គ-ឡានឆាង” មានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយក្បួនរថយន្តនឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ឆ្លងកាត់តាមសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបន្តដំណើរទៅកាន់ខេត្តយូណាន (Yunnan Province) នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្បួនរថយន្ត នឹងចេញដំណើរពីខេត្តយូណាន (Yunnan Province) នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៕








