ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ ដោយមានវិធីច្រើនដើម្បីសម្រេចទីក្រុងមួយឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។

លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅក្នុងជាជំនួបជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ម្សិលមិញនេះ ថា សម្រាប់អង្គការសហប្រជាជាតិយល់ឃើញវិធីមួយទៀត គឺការអភិវឌ្ឍឈានទៅទីក្រុងឆ្លាតវៃ គឺជាការចូលរួមស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ចង់បានទីក្រុងប្រភេទណា៖

ទី១. ផ្តោតលើអ្នកនិយោគទុនដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ
ទី២. លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា
ទី៣. ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
លោកស្រី Pauline Tamesis បន្តថា អង្គការសហប្រជាជាតិ នៅរយៈពេល ៥ឆ្នាំខាងមុខ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ហើយការងារស្នូល គឺការងារគ្រប់គ្រងនគរូបនីយកម្ម ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់ សម្រាប់គ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍទីក្រុង ដោយយកចិត្តទុកដាក់លើប្រជាពលរដ្ឋរស់នៅទីក្រុង គឺជាយន្តការមួយមាននិរន្តរភាព និងធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។
លោកស្រីបន្ថែមថា តាមបទពិសោធន៍ប្រទេសលើសកលលោកមាន GDP ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុង ។
ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចំបង រួមចំណែកការអភិវឌ្ឍប្រទេសជាតិទាំងមូលផងដែរ ហើយការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ការគ្រប់គ្រងមិនបានហហ្មត់ចត់នោះ អាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួលផលតាមទាន់គេ។

លោកស្រីថា “យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍុ ហើយក្រុងព្រះសីហនុ នៃ ខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ “។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹថា រដ្ឋបាលខេត្តព្រះសីហនុគាំទ្រអង្គការសហប្រជាជាតិ ចង់សហការជួយអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ ក៍ប៉ុន្តែត្រូវរៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារជាមួយមន្ត្រីរបស់ខេត្ត ពិសេសជួយបណ្តុះបណ្តាលបច្ចេកវិទ្យា ក៍ដូចជាជួយជាឧបករណ៍ សម្ភារៈ ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងឆ្លាតវៃ។
លោកអភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ ផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ និងតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ នេះជាសក្តានុពល នៃការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ពិសេសវិស័យសំណង់មានការអភិឌ្ឍយ៉ាងគំហុកគួរឱ្យកត់សំគាល់៕






