អូស្ត្រាលីសន្យាជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងធំធាត់ថែមទៀត

0

ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជាស្រេចក្នុងការបន្តជួយ និងចូលរួមចំណែកក្នុងការជំរុញ និងពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំនិងធំធាត់ថែមទៀត ហើយក៏ត្រៀមជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវជន និងយុវជននៃប្រទេសយើងទាំងពីរផងដែរ។

លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ និងជំរាបលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩នេះ ឱ្យដឹងថា ប្រទេសកម្ពុជាបានទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកស្រីថា លោកសីបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ១៩៩៣ និង ១៩៩៤ ដោយពេលនោះលោកស្រីបានមានប្រសាសន៍ថា កាលពីឆ្នាំនោះទីក្រុងភ្នំពេញ គឺជាទីក្រុងដែលមិនមានមនុស្សរស់នៅច្រើនទេ ក៏ប៉ុន្តែពេលនេះ លោកស្រីមានការភ្ញាក់ផ្អើល ហើយក៏បានកត់សំគាល់ឃើញថា កម្ពុជាពេលនេះមានការអភិវឌ្ឍគួរជាទីមោទនៈជាទីបំផុត។

លើសពីនេះទៀត លោកស្រីក៏បានសម្តែងនូវការសប្បាយរីករាយដែលប្រទេសអូស្ត្រាលីបានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឱ្យមានការរីកចំរើនរហូតដល់ថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា តាមរយៈបេសកកម្មរបស់លោកស្រីគឺបានជំរុញនិងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងនោះលោកស្រីបានជំរុញអោយមានទំនាក់ទំនងរវាងយុវជន និងយុវជន និងដំណើរទស្សនកិច្ចសិក្សារបស់យុវជនអូស្ត្រាលីមកកាន់កម្ពុជា ហើយនឹងជំរុញឱ្យមានការនាំចូលទំនិញប្រមាណជា ៩០ភាគរយ ទៅ ៩៧ភាគរយពីកម្ពុជាចូលទៅអូស្ត្រាលីផងដែរ។

សម្ដេចតេជោថា “នេះគឺជាមូលដ្ឋានដ៏ល្អដែលអាចលើកស្ទួយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ”។

តាមរយៈការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកបានជួយដល់កម្ពុជាយើង ជាពិសេស លើផ្នែកកសិកម្ម បានការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានជួយក្នុងការសិក្សាស្រាវជ្រាវ ធ្វើឲ្យអង្ករកម្ពុជាយើងទទួលបានចំណាត់ថ្នាក់លេខ១ នៅលើឆាកអន្តរជាតិក្នុងរយៈពេល៣ឆ្នាំជាប់គ្នានេះ។

ចាប់តាំងពីឆ្នាំ ២០១៦ ពោលមានរយៈពេល ៤ ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជាបានផ្តល់ជំនួយអភិវឌ្ឍន៍ដែលមានទឹកប្រាក់ចំនួនជិត ២២៣លានដុល្លារអាមេរិក ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here