ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើដល់ភាគីប្រទេសឡាវ ជួយជំរុញ និងលើកទឹកចិត្តដល់បណ្តាវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត លើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ខណៈដែលប្រទេសទាំង២មានវប្បធម៌ និងទំនៀមទម្លាប់ប្រហាក់ប្រហែលគ្នា។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឱ្យអ្នកវិនិយោគឡាវ បន្តមកវិនិយោគលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជាបន្ថែមទៀត ដើម្បីឱ្យប្រទេសទាំង២ មានការអភិវឌ្ឍរីកចំរើនដូចគ្នា ខណៈដែលប្រទេសទាំង២ មានវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ស្រដៀងគ្នា និងជាប្រទេសជិតខាងផងដែរ ដែលការស្នើខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ លោកបណ្ឌិត ស៊ីនឡាវង់ ឃូតផៃធូ អភិបាលរដ្ឋធានីវៀងចន្ទន៍ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោក ឃួង ស្រេង បានលើកឡើងថា ប្រទេស និងទីក្រុងទាំងពីរ គឺមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរឆ្នាំមកហើយ ជាមួយគ្នានេះ ទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍ ក៏បានចុះអនុស្សរណៈយោគយល់គ្នា លើវិស័យមួយចំនួនផងដែរ ជាពិសេសលើការងារពាណិជ្ជកម្ម ឧស្សាហកម្ណិងទេសចរណ៍ ជាមួយគ្នា។
លោកបានបន្តបញ្ជាក់ថា “នៅរាជធានីភ្នំពេញ បញ្ហាសន្តិសុខ គឺមានភាពល្អប្រសើរ កំណើនប្រជាជនច្រើន វិស័យសេដ្ឋកិច្ច មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែបញ្ហាកកស្ទះចរាចរណ៍ ជាការងារអទិភាពកំពុងបន្តដោះស្រាយ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះ គឺគ្រោងរៀបចំផ្លូវភាគច្រើនអោយទៅជាផ្លូវឯកទិស”។
អភិបាលរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ លោក ស៊ីនឡាវង់ ឃូតផៃធូ បានថ្លែងថា កម្ពុជា និងឡាវគឺជាអ្នកជិតខាង ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា។ ទោះជាមានតិចតួចក្ដី ក៏ចំណងសេដ្ឋកិច្ចនៃប្រទេសទាំងពីរត្រូវបានតភ្ជាប់តាមរយៈសកម្មភាព សេដ្ឋកិច្ច មួយចំនួនដូចជា ការដោះដូរពាណិជ្ជកម្ម និងលំហូរទេសចរណ៍។

ដោយសារឡាវ មិនមានផ្លូវសមុទ្របម្រើឱ្យការដឹកជញ្ជូនទំនិញ ប្រទេសនេះកំពុងព្យាយាមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីភ្ជាប់ខ្លួននឹងសកម្មភាព ពាណិជ្ជកម្ម ក្នុងតំបន់តាមរយៈការភ្ជាប់ខ្លួនជាមួយប្រទេសជិតខាង។ យ៉ាងណាក៏ដោយទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចរវាងឡាវជាមួយកម្ពុជា មិនមានភាពខ្លាំងក្លាដូចទំនាក់ទំនងរវាងឡាវ និងវៀតណាមនោះទេ៕






