ដោយ Donald Lee
ភ្នំពេញៈ រដ្ឋាភិបាលអាមេរិកបានប្រកាសថា ខ្លួននឹងកាត់បន្ថយពន្ធ ១០០ភាគរយលើទំនិញបារាំងដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ និងរួមមានស្រាសំប៉ាញ កាបូបច្នៃ និងឈីស។

ពន្ធគយលើការនាំចូលរបស់បារាំងកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មី នៃសេវាកម្មឌីជីថលបារាំង ដែលដាក់ការដកពន្ធលើប្រាក់ចំណេញ៣ភាគរយ លើក្រុមហ៊ុនឌីជីថលដែលរកចំណូលបានជាង ២៧,៨៦លានដុល្លារ នៅបារាំង និង ៨៣០លានដុល្លារនៅទូទាំងពិភពលោក។
ក្រុមអ្នកវិភាគជឿជាក់ថាពន្ធថ្មីនេះគឺសំដៅដោយផ្ទាល់ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដូចជា Facebook Apple និង Amazon។
ឯកអគ្គរដ្ឋអាមេរិក លោក Robert Lighthizer បានថ្លែងនៅក្នុងរបាយការណ៍របស់ USTR ថា “ការសម្រេចចិត្តរបស់USTR (តំណាងពាណិជ្ជកម្មអាមេរិក) នៅថ្ងៃនេះផ្ញើសញ្ញាយ៉ាងច្បាស់ថា អាមេរិកនឹងចាត់វិធានការប្រឆាំងនឹងច្បាប់ពន្ធឌីជីថល ដែលរើសអើង ឬដាក់បន្ទុកមិនត្រឹមត្រូវលើក្រុមហ៊ុនអាមេរិក”។
លោក Lighthizer បានបន្ថែមថា “USTR ផ្តោតលើការប្រឆាំងការកើនឡើង នៃការគាំពារនិយម របស់បណ្តាប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុប ដែលផ្តោតលើក្រុមហ៊ុនអាមេរិក ដោយអយុត្តិធម៌ មិនថាតាមរយៈពន្ធសេវាកម្មឌីជីថល ឬកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដែលផ្តោតលើក្រុមហ៊ុនសេវាកម្មឌីជីថលឈានមុខរបស់អាមេរិក”។
ពន្ធគយនេះផ្តោតលើវិស័យស្រា ដែលរកចំណូលបានច្រើន កាបូបដៃ និងគ្រឿងសំអាងរបស់បារាំង ដែលមិនមាននៅក្នុងការដំឡើងពន្ធ២៥ភាគរយ របស់រដ្ឋាភិបាលអាមេរិកទៅលើផលិតផលរបស់អ៊ឺរ៉ុបកាលពីខែ តុលា។
បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសដំឡើងពន្ធលើសហភាពអឺរ៉ុប រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងបានប្តេជ្ញាសងសឹក ចំពោះអ្វីដែលលោកចាត់ទុកថាជា ទណ្ឌកម្មពាណិជ្ជកម្ម។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង លោក Bruno Le Maire បាននិយាយកាលពីខែ តុលាថា “យើង (អឺរ៉ុប) នឹងធ្វើការដាក់ទណ្ឌកម្មស្រដៀងគ្នានេះ នៅក្នុងប៉ុន្មានខែទៀតប្រហែលជារឹតតែពិបាកថែមទៀត ក្នុងក្របខ័ណ្ឌរបស់អង្គការពាណិជ្ជកម្មពិភពលោកដើម្បីសងសឹកចំពោះទណ្ឌកម្មរបស់អាមេរិកទាំងនេះ”។

ប្រធានថ្មីនៃធនាគារកណ្តាលអឺរ៉ុប លោកស្រី Christine Lagarde បាននិយាយកាលពីខែមុនថា សេដ្ឋកិច្ចពិភពលោក ត្រូវតែបញ្ឈប់សង្គ្រាមពាណិជ្ជកម្មទាំងអស់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឱ្យមានសុខភាពល្អ។ លោកស្រីបានផ្តោតលើសង្គ្រាមពាណិជ្ជកម្ម ដែលជាកត្តាចម្បងមួយ ដែលរារាំងកំណើនផលិតផលសរុប ក្នុងកស្រុកនៅជុំវិញពិភពលោក និងបង្កភាពមិនប្រាកដប្រជានៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។
លោកស្រី Lagarde មានប្រសាសន៍ថា “ភាពតានតឹងខាងពាណិជ្ជកម្ម ដែលកំពុងកើតមាន និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ កំពុងរួមចំណែកដល់ការធ្លាក់ចុះនៃកំណើនពាណិជ្ជកម្មពិភពលោក ដែលមានចំនួនច្រើនជាងពាក់កណ្តាលចាប់តាំងពីឆ្នាំមុន”។ លោកស្រីបន្ថែមថា “កត្តានេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំ”។
អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានចេញរបាយការណ៍មួយកាលពីខែមុនដែលបង្ហាញថា សង្គ្រាមពាណិជ្ជកម្មនៅជុំវិញពិភពលោក កំពុងធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏អស្ចារ្យកាលពី១០ឆ្នាំមុន។
លោក Laurence Boone ប្រធានសេដ្ឋវិទូនៃអង្គការ OECD បានថ្លែងនៅក្នុងរបាយការណ៍ស្តីពី កំណើនសេដ្ឋកិច្ចពិភពលោកថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមក លទ្ធផលនិងកំណើនសេដ្ឋកិច្ចសកល បានធ្លាក់ចុះជាលំដាប់ ស្របពេលភាពមិនប្រាកដប្រជានៃគោលនយោបាយ និងលំហូរពាណិជ្ជកម្ម និងការវិនិយោគទន់ខ្សោយ”៕






