ដោយ Donald Lee
ភ្នំពេញ៖ សេវាកម្មសាលារៀន ព្រលានយន្តហោះ ឡានក្រុង និងរថភ្លើងរបស់បារាំងភាគច្រើនបានបិទទ្វារ ខណៈដែលកម្មកររាប់លាននាក់បានធ្វើកូដកម្មកាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលដែលបានគ្រោងនឹងធ្វើកំណែទម្រង់ប្រាក់សោធន។
កូដកម្មនេះបានក្លាយជាការតវ៉ាទូទាំងប្រទេសដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានធ្វើឱ្យប្រទេសនេះជាប់គាំង។ កូដកម្មធំចុងក្រោយបានកើតឡើងក្នុងឆ្នាំ ១៩៩៥ ហើយបានបិទរាល់ការដំណើរការប្រទេសនេះអស់រយៈពេលជាង ៣ សប្តាហ៍ ហើយបង្ខំឱ្យរដ្ឋាភិបាលបញ្ឈប់ផែនការកំណែទម្រង់ប្រាក់សោធនរបស់ខ្លួននៅពេលនោះ។
សហជីពកម្មករបានព្រមានរដ្ឋាភិបាលថា កូដកម្មនឹងបន្តរហូត ដល់ពេលប្រធានាធិបតីបារាំង Emmanuel Macron បោះបង់ចោលផែនការផ្លាស់ប្តូរប្រព័ន្ធប្រាក់សោធន។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Christophe Castaner បានថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃ ពុធនេះ ថា “យើងដឹងថានឹងមានមនុស្សជាច្រើននៅក្នុងការតវ៉ាទាំងនេះ ហើយយើងដឹងពីហានិភ័យ។ ខ្ញុំបានស្នើសុំជាប្រព័ន្ធ នៅពេលមានកុបកម្ម ឬអំពើហឹង្សាយើងធ្វើការចាប់ខ្លួនភ្លាមៗ”។
ការស្ទង់មតិមតិក្នុងស្រុកបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយនៃសកម្មភាពឧស្សាហកម្មដោយទទួលបានការគាំទ្រជាង ៦៩ ភាគរយ។ខ្សែរថភ្លើងក្រោមដីចំនួន ១១ ត្រូវបានបិទនៅទីក្រុងប៉ារីស ជើងហោះហើររាប់រយត្រូវបានលុបចោល ហើយសាលារៀនរាប់ពាន់ទៀតបានបិទទ្វារកាលពីថ្ងៃ ព្រហស្បតិ៍ ដោយសារកូដកម្មដែលអាចធ្វើឡើងរហូតដល់ដំណាច់ឆ្នាំ។
ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសបារាំងគឺជាប្រព័ន្ធមួយដែលខ្ពស់បំផុតនៅលើពិភពលោកដែលធ្វើឱ្យរដ្ឋាភិបាលចំណាយប្រាក់ ១៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ នេះបើយោងតាមអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ។ សកម្មភាពឧស្សាហកម្មកើតឡើងនៅពេលមិនល្អសម្រាប់លោក Macron និងសេដ្ឋកិច្ចបារាំង។
នៅសប្តាហ៍នេះ រដ្ឋាភិបាលអាមេរិកបានប្រកាសផែនការនឹងដាក់ពន្ធ ១០០ ភាគរយលើទំនិញបារាំងដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ និងរួមបញ្ចូលស្រាសំប៉ាញ កាបូបច្នៃ និងឈីស។
ពន្ធគយលើការនាំចូលរបស់បារាំងកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអាមេរិកលើពន្ធថ្មីនៃសេវាកម្មឌីជីថលបារាំងដែលដាក់ពន្ធលើប្រាក់ចំណេញ ៣ ភាគរយលើក្រុមហ៊ុនឌីជីថលដែលរកចំណូលបានជាង ២៧,៨៦ លានដុល្លារនៅបារាំង និង ៨៣០ លានដុល្លារនៅទូទាំងពិភពលោក។
ក្រុមអ្នកវិភាគជឿជាក់ថា ពន្ធថ្មីនេះគឺសំដៅដោយផ្ទាល់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជា Facebook Apple និង Amazon ៕






