ដោយ ៖ រ៉ាណេត
កំពត ៖ គម្រោង ជីប ម៉ុង អេកូសាយខល (Ecocycle) កែច្នៃសំណល់ ដែលជាដំណោះស្រាយនៃការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅកម្ពុជាត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ជាមួយនឹងការចំណាយទុនវិនិយោគចំនួន៤លានដុល្លារសហរដ្ឋអាមេរិក។

គម្រោង ជីប ម៉ុង អេកូសាយខល (Ecocycle) ដែលជាដំណោះស្រាយនៃការគ្រប់គ្រងសំណល់ឧស្សាហកម្មប្រកបដោយនិរន្តរភាពដំបូងគេនៅប្រទេសកម្ពុជារបស់ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលមានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ នេះក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួង បរិស្ថាន ។
លោកឧកញ៉ា លាង ឃុន ម្ចាស់ភាគហ៊ុនធំក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានមានប្រសាសន៍ថា “ក្នុងដំណាក់កាលចាប់ផ្តើម គម្រោងមានបុគ្គលិកបម្រើការងារផ្ទាល់ជាង ១០នាក់ និងអ្នកម៉ៅការបន្តជាង៥០នាក់ ហើយបន្តបង្កើតឱកាសការងារបន្ថែមទៀតនៅពេលខាងមុខ”។
លោកបន្តថា “បច្ចុប្បន្នគម្រោងនេះបានធ្វើកិច្ចការផ្ទាល់ជាមួយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងខេត្តព្រះសីហនុ។ ឡ អេកូសាយខល មានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្មក្នុងបរិមាណ១០តោនក្នុងមួយម៉ោង ឬ ២៤០តោនក្នុង១ថ្ងៃ ឬក៏ ជាង ៧០០០ តោនក្នុង១ខែ”។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃ ខ្ពស់ចំពោះក្រុមហ៊ុន ជីប ម៉ុង ដែលបាននាំចូលនូវបច្ចេកវិទ្យាទំនើប ឆ្លើយតបនឹងបទដ្ឋានបរិស្ថាន។ ការវិនិយោគរបស់ក្រុមហ៊ុនជីបម៉ុងលើវិស័យថ្មីៗដូចជាគម្រោងធ្វើការកែច្នៃសំណល់នេះ ជាការចូលរួមលើកកម្ពស់បរិស្ថាន។
ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមទៀតលើបញ្ហាសំរាម និងលើកទឹកចិត្តក្រុមហ៊ុនដទៃទៀតអនុវត្តគោល ការណ៍បរិស្ថានដូចដែលក្រុមហ៊ុន ជីប ម៉ុង បាននិងកំពុងប្រតិបត្តិដែលប្រែក្លាយសំណល់ទៅជាផលប្រយោជន៍សេដ្ឋកិច្ច។
ជីប ម៉ុង អេកូសាយខល ជាគម្រោងថ្មីមួយថិតនៅក្រោមដំបូល របស់ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ត្រូវបានប្រសូតចេញពីការវិនិយោគទុនរួមគ្នាក្នុងទឹកប្រាក់ ២៦២ លានដុល្លារអាមេរិក ក្នុងនោះ ៦០ ភាគរយ មកពីក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ និងមានបទពិសោធន៍ជិត៤០ឆ្នាំ ក្នុងវិស័យសំណង់ និង វិស័យចែកចាយលើទីផ្សារ និង ៤០ភាគរយ ទៀតមកពីក្រុមហ៊ុនស្យ៉ាម ស៊ីធី ស៊ីមេន (SCCC) នៃព្រះរាជាណាចក្រថៃ ដែលជាក្រុមហ៊ុនដ៏ ធំសម្បើម មានបទពិសោធន៍ជាង៥០ឆ្នាំ ក្នុងការផលិតស៊ីម៉ងត៍។

គម្រោង ជីប ម៉ុង អេកូសាយខល នេះអាចកែច្នៃកាកសំណល់ដែលមានគ្រោះថ្នាក់ និង មិនមានគ្រោះថ្នាក់ ដោយប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា ខូ-ប្រូសេសស៊ីង (co-processing) ដែលជាពាក្យបច្ចេកទេសប្រើសម្រាប់ការកំចាត់កាកសំណល់ ឧស្សាហកម្ម តាមរយៈការដុតដោយឡស៊ីម៉ងត៍ ស្របពេលដែលកំពុងដំណើរការផលិតស៊ីម៉ងត៍ ដោយមិនប៉ះពាល់ដល់ប្រសិទ្ធភាពណាមួយឡើយ។

បច្ចេកវិទ្យា “ខូ-ប្រូសេសស៊ីង” ត្រូវបានប្រើប្រាស់ដោយជោគជ័យនៅសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង ជប៉ុន អស់រយៈពេលជាង40ឆ្នាំ។ វាត្រូវបានទទួលស្គាល់ដោយអង្គការអន្តរជាតិជាច្រើន រួមទាំងអង្គការសុខភាពពិភពលោក និង អង្គការ (ជីធីហ្សិត) GTZ ក៏ដូចជាអនុសញ្ញា បាសែល (Basel) និង ស្តុកខុម (Stockholm)។






