ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកំពុងសិក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅតំបន់អង្គរដើម្បីអភិរក្សប្រាសាទអង្គរក៏ ដូចជាបរិស្ថានទូទៅនៅជុំវិញរមណីយដ្ឋានអង្គរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍បែបនេះ នៅក្នុងវេទិកាស្តីពីចលភាពក្នុងទីប្រជុំជនដែលរៀបចំឡើងដោយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP) កាលពីថ្ងៃទី ៥ ខែធ្នូម្សិលមិញនេះ ដើម្បីចែករំលែកគំនិត ការយល់ដឹង និងបទពិសោធន៍ ក៏ដូចជា ផ្តល់នូវដំណោះស្រាយដើម្បីប្រែក្លាយ និងវិនិយោគលើភាពចលភាពនៅក្នុងទីប្រជុំជនសម្រាប់ប្រជាពលរដ្ឋទាំងអស់។
អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល បានប្រាប់គេហទំព័រ propertyare.asia នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះថា លោកមិនទាន់បានដឹងពីការសិក្សារបស់រដ្ឋាភិបាលឱ្យមាការដាក់ឱ្យដំណើរការនូវយានយន្តអគ្គិសនីនេះទេ តែលោក បានសម្តែងការស្វាគមន៍ចំពោះគម្រោងដ៏ល្អមួយនេះ ព្រោះវាបានចូលរួមកាត់បន្ថយបរិស្ថា និងការពារប្រសាទបានយូអង្វែង។
លោកថា “ជាទស្សនវិស័យ គឺយើងគាំទ្រចំពោះការប្រើប្រាស់មធ្យោបាយដែលកាត់បន្ថយផលប៉ះពាល់ទៅដល់បរិស្ថាន ; ហើយនេះ គឺជំហររបស់យើង ។ ហើយការកាត់បន្ថយផលប៉ះពាល់ប្រាង្គប្រាសាទយើងហ្នឹងគឺមានលក្ខណៈសំខាន់ ព្រោះបើមានផ្សែងចេញមកពីយានយាន្តច្រើន គឺធ្វើឱ្យប៉ះពាល់ដល់ប្រាង្គប្រាសាទ” ។
លោកបន្តថា “កាលពីន្លងមកនេះ អាជ្ញាធរអប្សរាបានរៀបចំឱ្យមានផ្លូវសម្រាប់ជិះកង់ ដើម្បីកាត់បន្ថយបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរកាន់តែតិចៗទៅ” ។
បើតាមលោក ស៊ុនចាន់ថុល បន្តថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជាអាទិភាពលើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន ដូចជា ការពង្រីកនិងធ្វើឱ្យប្រសើរឡើងនូវគុណភាពផ្លូវថ្នល់ និងផែនការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ស្ពានអាកាស និងកំពង់ ផែជាដើម ដែលរួមបញ្ចូលទាំងការកសាងគន្លងយានយន្ត គន្លងឡានក្រុង និងភ្លើងចរាចរណ៍ឆ្លាតវៃដើម្បីជា មធ្យោបាយកាត់បន្ថយការកកស្ទះចរាចរណ៍។
លោករដ្ឋមន្ត្រីថា “បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធស្តង់ដានៅខេត្តព្រះសីហនុ ដើម្បីជាគំរូសម្រាប់ខេត្តផ្សេងទៀត។ លើសពីនេះទៀត រដ្ឋាភិបាលកំពុងសិក្សាអំពីការប្រើប្រាស់យានយន្តអគ្គិសនីនៅតំបន់អង្គរដើម្បីអភិរក្សប្រាសាទអង្គរក៏ ដូចជាបរិស្ថានទូទៅផងដែរ”។
លោករដ្ឋមន្ត្រីបន្ថែមថា “រដ្ឋាភិបាលក៏បាននិងកំពុងធ្វើការសិក្សាលើផ្លូវក្រោមដី (subways) ផ្លូវដែក (monorails) និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្នុងគោលបំណងលុបបំបាត់ការកកស្ទះចរាចរណ៍ នៅក្នុងតំបន់ប្រជុំរបស់យើង។ ជាមួយនឹងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនសាធារណៈនិងឯកជនកំពុងត្រូវបានជំរុញ ឱ្យមានការរីកចម្រើន និងធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចទទួលសេវាបានទាន់ពេលវេលា”៕