រដ្ឋាភិបាល​កំពុង​សិក្សាការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​តំបន់​អង្គរ

0

​ដោយ​ វុត្ថា

​ភ្នំពេញ​៖ រដ្ឋាភិបាល​កំពុង​សិក្សា​អំពី​ការប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​តំបន់​អង្គរ​ដើម្បី​អភិរក្ស​ប្រាសាទ​អង្គរ​ក៏​ ដូចជា​បរិស្ថាន​ទូទៅ​នៅ​ជុំវិញ​រមណីយដ្ឋាន​អង្គរ​។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ មានប្រសាសន៍​បែបនេះ​ នៅក្នុង​វេទិកា​ស្តី​ពី​ចល​ភាព​ក្នុង​ទីប្រជុំជន​ដែល​រៀបចំឡើង​ដោយ​កម្មវិធី​ អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP​) កាលពី​ថ្ងៃទី​ ៥ ខែធ្នូ​ម្សិលមិញ​នេះ​ ដើម្បី​ចែករំលែក​គំនិត​ ការយល់​ដឹង​ និង​បទពិសោធន៍​ ក៏ដូចជា​ ផ្តល់​នូវ​ដំណោះស្រាយ​ដើម្បី​ប្រែក្លាយ​ និង​វិនិយោគ​លើ​ភាព​ចល​ភាព​នៅក្នុង​ទីប្រជុំជន​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​។

អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​ លោក​ ឡុង​ កុសល​ បាន​ប្រាប់​គេហទំព័រ​ propertyare.asia​ នៅ​ថ្ងៃទី​ ៦ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ ​លោក​មិនទាន់​បានដឹង​ពី​ការសិក្សា​របស់​រដ្ឋាភិបាល​ឱ្យ​មា​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​យានយន្ត​អគ្គិសនី​នេះ​ទេ​ តែ​លោក​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​ដ៏​ល្អ​មួយ​នេះ​ ព្រោះ​វា​បាន​ចូលរួម​កាត់​បន្ថយ​បរិស្ថា​ និង​ការពារ​ប្រសាទ​បាន​យូ​អង្វែង​។

លោក​ថា​ “ជា​ទស្សនវិស័យ​ គឺ​យើង​គាំទ្រ​ចំពោះ​ការប្រើ​ប្រាស់​មធ្យោបាយ​ដែលកាត់​បន្ថយ​ផល​ប៉ះពាល់​ទៅដល់​បរិស្ថាន​ ​; ហើយ​នេះ​ គឺ​ជំហរ​របស់​យើង​ ។ ហើយ​ការកាត់បន្ថយ​ផល​ប៉ះពាល់​ប្រាង្គ​ប្រាសាទ​យើង​ហ្នឹង​គឺ​មាន​លក្ខណៈ​សំខាន់​ ព្រោះ​បើ​មាន​ផ្សែង​ចេញ​មក​ពី​យាន​យាន្ត​ច្រើន​ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​” ។

លោក​បន្ត​ថា​ “កា​លពីន្លង​មកនេះ​ អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ឱ្យ​មានផ្លូវ​សម្រាប់​ជិះកង់​ ដើម្បី​កាត់បន្ថយ​បរិស្ថាន​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​កាន់​តែ​តិច​ៗទៅ​” ។

បើ​តាម​លោក​ ស៊ុន​ចាន់​ថុល​ បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​ជាអាទិភាព​លើ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ដឹកជញ្ជូន​ ដូចជា​ ការពង្រីក​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ផ្លូវថ្នល់​ និង​ផែនការ​អភិវឌ្ឍ​ផ្លូវថ្នល់​ ផ្លូវ​ល្បឿន​លឿន​ ស្ពាន​ ស្ពាន​អាកាស​ និង​កំពង់​ ផែ​ជាដើម​ ដែល​រួមបញ្ចូល​ទាំង​ការ​កសាង​គន្លង​យានយន្ត​ គន្លង​ឡានក្រុង​ និង​ភ្លើង​ចរាចរណ៍​ឆ្លាតវៃ​ដើម្បី​ជា​ មធ្យោបាយ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​។

លោក​រដ្ឋមន្ត្រី​ថា​ “បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​កំពុង​អភិវឌ្ឍ​ និង​សាងសង់​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ស្តង់​ដា​នៅ​ខេត្ត​ព្រះសីហនុ​ ដើម្បី​ជា​គំរូ​សម្រាប់​ខេត្ត​ផ្សេងទៀត​។ លើស​ពីនេះ​ទៀត​ រដ្ឋាភិបាល​កំពុង​សិក្សា​អំពី​ការប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​តំបន់​អង្គរ​ដើម្បី​អភិរក្ស​ប្រាសាទ​អង្គរ​ក៏​ ដូចជា​បរិស្ថាន​ទូទៅ​ផង​ដែរ​”។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ “រដ្ឋាភិបាល​ក៏បាន​និង​កំពុងធ្វើការ​សិក្សា​លើ​ផ្លូវ​ក្រោម​ដី​ (subways​) ផ្លូវដែក ​(monorails​) និង​ការ​អភិវឌ្ឍ​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត​ក្នុង​គោលបំណង​លុបបំបាត់​ការ​កកស្ទះ​ចរាចរណ៍​ នៅក្នុង​តំបន់​ប្រជុំ​របស់​យើង​។ ជាមួយនឹង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ដឹកជញ្ជូន​សាធារណៈ​និង​ឯកជន​កំពុង​ត្រូវ​បាន​ជំរុញ​ ឱ្យ​មានការ​រីកចម្រើន​ និង​ធ្វើ​ប្រតិបត្តិ​ការ​ប្រកបដោយ​សុវត្ថិភាព​ និង​អាច​ទទួល​សេវា​បាន​ទាន់ពេល​វេលា​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here