រោងចក្រអគ្គិសនី​ ៤០០មេ​ហ្កា​វ៉ាត់​ថ្មី​នៅ​ខេត្តកណ្តាល​បាន​និង​កំពុង​ត្រៀម​ចាប់ផ្តើម​សាងសង់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រោងចក្រ​ផលិត​អគ្គិសនី​ ៤០០មេ​ហ្កា​វ៉ាត់​ថ្មី​នៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ បាន​និង​កំពុង​ត្រៀម​ចាប់ផ្តើម​សាងសង់​ ដើម្បី​ត្រៀម​បំពេញ​ឲ្យ​ការ​ផ្គត់ផ្គង់​សម្រាប់​បណ្តាញ​ជាតិ​នៅ​រដូវប្រាំង​ខាងមុខនេះ​។ នេះ​បើ​យោង​តាម​ការ​អោយ​ដឹងពី​គេហទំព័រ​អគ្គី​យនី​កម្ពុជា​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ​ ២០១៩កន្លងមក​នេះ​។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ និង​ថាមពល​ លោ​កស៊ុយ​ សែម​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃទី៨​ ធ្នូ​កន្លងមក​នេះ​បាន​ឲ្យដឹង​ ក្នុង​ពេល​ចុះ​ពិនិត្យ​រោងចក្រ​ អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ នៅ​ឃុំ​កោះរះ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ថា​ រោងចក្រ​ផលិត​អគ្គិសនី​ទំហំ ៤០០មេ​ហ្កា​វ៉ាត់​ ស្ថិតនៅ​ស្រុក​ល្វាឯម​ ខេត្តកណ្តាល​នេះ​ នឹង​បញ្ចេញ​ថាមពល​មក​បណ្តាញ​ជាតិ​ នៅមុន​ពាក់កណ្តាល​ឆ្នាំ២០២០​ ខណៈ​ក្រុម​ជំនាញ​កំពុង​សម្រុក​ធ្វើការ​សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​។

លោក​បន្ថែម​ថា​ “រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​របស់​ជាតិ​ ដើម្បី​បង្កើត​រោងចក្រ​នេះ​ឡើង​ ដែល​មាន​កំលាំង​ថាមពល​ប្រមាណ ៤០០មេ​ហ្គា​វ៉ាត់​ ដោយ​គ្រោង​សាងសង់​ឲ្យ​រួចរាល់​ជាស្ថាពរ​ នៅមុន​ពាក់កណ្តាល​ ឆ្នាំ២០២០ខាងមុខ​ ដើម្បី​ទ្រទ្រង់​ការ​កង្វះ​អគ្គិសនី​នៅ​រដូវប្រាំង​ នឹង​ទៅ​ឆ្នាំខាងមុខ​បន្តបន្ទាប់​ទៀត​”។

លោ​កស៊ុយ​ សែន​បាន​បន្ត​ថា​ នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ នឹង​ទៅ​ឆ្នាំខាងមុខ​បន្ត​ទៀត​ កម្ពុជា​មិន​មានការ​ខ្វះខាត​ថាមពល​អគ្គិសនី​ សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ​។ គម្រោងការ​សាងសង់​រោងចក្រ​នេះ​ បើ​តាម​ការសន្យា​របស់​ក្រុមហ៊ុន​ គឺ​ធ្វើ​យ៉ាង​ណា​ជំរុញ​ការសាងសង់​ នឹង​គ្រោង​ដាក់ឲ្យ​ដំណើរការ១០០មេ​ហ្គា​វ៉ាត់​ជាមុន​សិន​ នៅក្នុង​រដូវប្រាំង​នា​មុន​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ ដើម្បី​បំពេញ​នឹង​តម្រូវការ​ នៃ​ការប្រើ​ប្រាស់​អគ្គិសនី​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ “ដូច្នេះ​នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ កម្ពុជា​មិន​មានការ​ខ្វះខាត​ថាមពល​អគ្គិសនី​សម្រាប់​ប្រើប្រាស់​ទៀត​ឡើយ​ ទោះបី​រោងចក្រអគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ ដែល​គ្រោង​ដាក់ឲ្យ​ដំណើរការ​ នៅក្នុង​រដូវប្រាំង​ខាងមុខនេះ​ សាងសង់​មិនទាន់​ចប់​តាម​ផែនការ​យ៉ាងណាក៏ដោយ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​ដ្ឋ​មន្ត្រី​នៃ​កម្ពុជា​កាលពី​កន្លង​ទៅ​ថ្មី​ៗនេះ​ផង​ដែរ​ បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ រោងចក្រ​ផលិត​អគ្គិសនី​នេះ​ សាងសង់​ទាំងយប់​ទាំង​ថ្ងៃ​ ដើម្បី​ឆ្លើយតបទៅនឹង​កង្វះខាត​អគ្គិសនី​ប្រើ​ប្រើប្រាស់​ នៅក្នុង​ទីក្រុង​ភ្នំពេញ​ និង​ចែកចាយ​ទៅកាន់​ខេត្ត​ជាគោល​ដៅ​របស់​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា​សហការ​ជាមួយ​អាជ្ញាធរ​អគ្គីស​នី​កម្ពុជា​ កាលពី​កន្លងទៅ​បាន​បោះទុន​វិនិយោគ​ជិត៤០០លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​លើ​រោងចក្រ៤០០មេ​ហ្កា​វ៉ាត់​ HFO​/LNG​ មួយ​នេះ​ក្នុង​គោលដៅ​ ដើម្បី​រួមចំណែក​មួយ​នៃ​ផែនការ​បន្ថែម​ អានុភាព​ចំនួន​ជាង១០០០មេ​ហ្កា​វ៉ាត់​ទៀត​ សម្រាប់​ឆ្នាំ២០២០​។

រោងចក្រ​ផលិត​អគ្គិសនី៤០០មេ​ហ្កា​វ៉ាត់​នៅ​ស្រុក​ល្វាឯម​នេះ​ ត្រូវ​បាន​បញ្ជាទិញ​ម៉ាស៊ីន២០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​អាល្លឺម៉ង់​២០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​ហ្វាំងឡង់​ ហើយ​ក្រុមហ៊ុន​ ចិន​ពីរ​ធំ​ជា​អ្នកសាង​សង់​។

គិតដល់​ឆ្នាំ២០១៩នេះ​ រោងចក្រអគ្គិសនី​របស់​កម្ពុជា​ ដែល​ដាក់ឲ្យ​កំពុង​ដំណើរការ​មាន​ វារីអគ្គិសនី​ចំនួន៧កន្លែង​ អគ្គិសនី​ដុត​ធ្យូងថ្ម​ចំនួន២​ និង​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន២​ ក្នុង​នោះ​ចំពោះ​ខ្សែ​បញ្ជូន​អគ្គិសនី​ជាតិ​ តភ្ជាប់​ទៅ​ខេត្ត​ផ្ទាល់​មាន​ចំនួន២០​ និង​មិន​ផ្ទាល់​ចំនួន៥​ ដែល​កំពុង​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ គ្រប​ដណ្តប់​លើ​ភូមិ​ចំនួន៩៣​% នៃ​ចំនួន​ភូមិ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ នឹង​បាន​តភ្ជាប់​អគ្គិសនី​ប្រើប្រាស់​ បាន​ចំនួន៧៤​% នៃ​លំនៅឋាន​សរុប​នៅ​កម្ពុជា​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here