ដោយ វុត្ថា
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែតភីភី និងក្រុមហ៊ុនស៊ូមីត្រូនិក មេនញូ ហ្វេកធើរីង (ខេមបូឌា) ឯ.ក ត្រូវបានសម្ពោធដាក់ឱ្យដំណើរ នៅថ្ងៃទី៩ខែធ្នូ ឆ្នាំ ២០១៩ នេះ ក្រោមអធិតីភាព លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។
លោកសុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ការដាក់ឱ្យដំណើរនូវក្រុមហ៊ុនទាំងពីរនៅថ្ងៃនេះ ដោយសារតែក្រុមហ៊ុនមានជំនឿទុកចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តាកទុនបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រផលិតសម្ភារៈបរិក្ខាអេឡេចត្រូនិក ។
លោកបន្តថា“ការវិនិយោគនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ជាពិសេសចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការពង្រាយរោងចក្រទៅតំបន់ជាយដែន”។
លោកបន្ថែមថា នេះជាសក្ខីភាពនៃគោលមាគា ដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយក្រុងប៉ោយប៉ែត ពីទីលានសមរភូមិទៅជាតំបន់ឧស្សាហកម្ម និងជាទីក្រុងមួយដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកម៉ាសាហ៊ីរ៉ូ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យ ថា កំណើនសេដ្ឋកិច្ចខ្ពស់ បរិយាកាសវិនិយោគល្អ និងទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា បានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទា្សម្រាប់វិនិយោគិនជប៉ុន។
លោកបន្តថា តំបន់សេ្ឋកិច្ចពិសេសនេះ នឹងរួមចំណែកដល់ការទាក់ទាញការវិនិយោគប្រភេទ “ថៃបូក១” បន្ថេមទៀត។ ជាមួយគ្នានេះ លោកបានសម្តែងការដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនជប៉ុន តាមរយៈយន្តការកិច្ចប្រជុំ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នឹងបានស្នើសុំបន្តកិច្ចសហការនេះ ដើម្បីកែលម្អបរិយាកាសវិនិយោគសំដៅទាក់ទាញការវិនិយោគពីជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។

បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេស ដែលមានដំណើរការចំនួន២៣ ដែលមានរោងចក្រចំនួ ៤៩០ និងបង្កើតការងារបានចំនួនប្រមាណ១៣ ម៉ឺនកន្លែង។ ដោយឡែកក្រុងប៉ោយប៉ែត មានតំបន់សេដ្ឋកិច្ចពិសេចំនួន៣ កន្លែងដែលមានរោងចក្រចំនួន១៧ និងបង្កើតការងារបានចំនួន៧៥០០កន្លែង ក្នុងនោះរោចក្រដែលជាការវិនិយោគមកពីប្រទេសជប៉ុនមានចំនួន៨ និងបង្កើតការងារបានប្រមាណ២ពាន់កន្លែង៕






