រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្នើ​រដ្ឋាភិបាល​ជប៉ុន​បង្កើន​ជើងហោះហើរ​ត្រង់​មកកាន់​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​ជំរុញ​ឱ្យ​មានការ​តភ្ជាប់​ជើងហោះហើរ​បន្ថែម​ពី​ខេត្ត​ និង​ទី​ក្រុង​ផ្សេង​ៗទៀត​របស់​ជប៉ុន​ មកកាន់​រាជធានី​ភ្នំពេញ​ ព្រមទាំង​មកកាន់​ខេត្តសៀមរាប​ ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ​ នៃ​ប្រទេស​ទាំងពីរ​ និង​ភ្ញៀវ​នៃ​ប្រទេស​ទី៣បន្ថែម​ទៀត​។

លោក​បណ្ឌិត​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​ (Japan​ Travel​ Fair​) លើក​ទី៣​ នៅ​ផ្សារ​ទំនើប​ AEON2​ ខណ្ឌ​សែនសុខ​ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ថា​ ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ប្រចាំថ្ងៃ​តូក្យូ​ ភ្នំពេញ​ តូក្យូ​ ដោយក្រុម​ហ៊ុន​អាកា​ចរណ៍​ANA​ បាន​ដំណើរការ​ប្រកបដោយ​ជោគជ័យ​ អស់​រយៈពេល​ប្រមាណ៣ឆ្នាំ​កន្លងមក​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​ “មិន​ត្រឹមតែ​ផ្តល់​នូវ​ជម្រើស​ដ៏​ល្អ​ និង​កាន់តែ​ងាយស្រួល​សម្រាប់​ទេសចរ​ជប៉ុន​ និង​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ ថែមទាំង​បាន​ចូលរួម​ពង្រឹង​ទំនាក់ទំនង​ រវាង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​”។

ទេសចរ​ជប៉ុន​ នៅតែ​ជា​ប្រភព​ទីផ្សារ​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ តួយ៉ាង​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ចំនួន​ភ្ញៀវ​ទេសចរ​ជប៉ុន​នៅ​កម្ពុជា​ ឈរ​នៅ​លំដាប់​លេខ៧​ ក្នុងចំណោម​ទីផ្សារ​សំ​ខាន់​ៗទាំង១០របស់​កម្ពុជា​។

​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរ​ជប៉ុន​ ជាង២១ម៉ឺន​នាក់​ កើនឡើង៣.៥​ ភាគរយ​ ក្នុងចំណោម​ទេសចរ​អន្តរជាតិ​សរុប​ជាង៦លាន​នាក់​។ នៅ​រយៈពេល៩ខែ​ នៃ​ឆ្នាំ២០១៩នេះ​ ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ជាង ៤.៨លាន​នាក់​ កើនឡើង ១០ភាគរយ​ ក្នុង​នោះ​ទេសចរ​ជប៉ុន​មាន​ជិត១៥ម៉ឺន​នាក់​ ជាមួយនឹង​កំណើន ២.៨ភាគរយ​ ធៀប​នឹង​ឆ្នាំ២០១៨​។ ដោយឡែក​នៅ​ឆ្នាំ២០១៨​ មាន​ទេសចរ​កម្ពុជា​ប្រមាណ២ម៉ឺន​នាក់​ បាន​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​ដ៏​ស្រស់​ស្អាត​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថោង​ ខុន​បាន​មានប្រសាសន៍​បន្ត​ថា​ ឆ្នាំ២០១៩នេះ​ គឺជា​ខួប​លើក​ទី៦៦​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ព្រះរាជាណាចក្រ​ជប៉ុន​។ ការរៀបចំ​ពិព័រណ៍​ទេសចរណ៍​ជប៉ុន​លើក​ទី៣នេះ​ គឺ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ និង​ជំរុញ​ទេសចរណ៍​រវាង​កម្ពុជា​ និង​ជប៉ុន​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បាន​ឆ្លុះបញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ រវាង​ប្រទេស​មិត្ត​ទាំងពីរ​ ដែល​មាន​ប្រវត្តិ​ទំនាក់ទំនង​ល្អ​នឹងគ្នា​ដ៏​យូរលង់​ ហើយក៏​ជា​ដៃគូ​ផ្លាស់​ប្តូរ​ខាង​ផ្នែក​វប្បធម៌​ ទេសចរណ៍​ និង​ពាណិជ្ជកម្ម​”។

ទន្ទឹម​នឹង​នេះ​ លោក​បណ្ឌិត​ ថោង​ ខុន​ បាន​បញ្ជាក់​ថា​ កម្ពុជា​ក៏បាន​នឹង​កំពុង​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ការគ្រប់គ្រង​ និង​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ដែល​មានស្រាប់​ តាមរយៈ​ការរៀបចំ​ផែនការមេ​ នៅ​តំបន់​ប៉ូល​ទេសចរណ៍​សំខាន់​ ដូចជា​សៀមរាប​-អង្គរ​ តំបន់ឆ្នេរ​ខេត្ត​កែប​ និង​តំបន់​អេកូ​ទេសចរណ៍​ ខេត្តមណ្ឌលគិរី​ រួម​ជាមួយនឹង​ការ​កៀរគរ​ឱ្យ​មានការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ និង​សេវាកម្ម​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ពិសេស​គម្រោង​បង្កើត​ឱ្យ​មាន​តំបន់​ទេសចរណ៍​ពិសិដ្ឋ​ ដែល​ក្នុង​នោះ​មានការ​អភិវឌ្ឍ​ទេសចរណ៍​ផ្ទះ​ទី២​ (Second​ Home​ Tourism​) ទេសចរណ៍​វ័យ​ចំណាស់​ សហគមន៍​ទេសចរណ៍​ ផ្ទះ​ស្នាក់​ទេសចរណ៍​។ល។

លោក​ Mikami​ Masahiro​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍​គាំទ្រ​ ចំពោះ​គោលបំណង​ដែល​បាន​លើកឡើង​ខាងនេះ​ ជាមួយនឹង​ព្យាយាម​សម្របសម្រួល​ ដើម្បី​ជំរុញ​បណ្តា​វិនិយោគិន​ជប៉ុន​នានា​ ឱ្យមក​វិនិយោគ​ជា​ដៃគូ​នៅ​កម្ពុជា​បន្ថែម​ទៀត​ ដែល​ធ្វើ​យ៉ាងណា​ជួយ​សហការ​ជំរុញ​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here