ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរបន្ថែមពីខេត្ត និងទីក្រុងផ្សេងៗទៀតរបស់ជប៉ុន មកកាន់រាជធានីភ្នំពេញ ព្រមទាំងមកកាន់ខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរ នៃប្រទេសទាំងពីរ និងភ្ញៀវនៃប្រទេសទី៣បន្ថែមទៀត។
លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ជប៉ុន (Japan Travel Fair) លើកទី៣ នៅផ្សារទំនើប AEON2 ខណ្ឌសែនសុខ កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ការតភ្ជាប់ជើងហោះហើរត្រង់ប្រចាំថ្ងៃតូក្យូ ភ្នំពេញ តូក្យូ ដោយក្រុមហ៊ុនអាកាចរណ៍ANA បានដំណើរការប្រកបដោយជោគជ័យ អស់រយៈពេលប្រមាណ៣ឆ្នាំកន្លងមកនេះ។
លោកបានបន្តទៀតថា “មិនត្រឹមតែផ្តល់នូវជម្រើសដ៏ល្អ និងកាន់តែងាយស្រួលសម្រាប់ទេសចរជប៉ុន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមពង្រឹងទំនាក់ទំនង រវាងប្រជាជនទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត”។
ទេសចរជប៉ុន នៅតែជាប្រភពទីផ្សារមួយដ៏សំខាន់សម្រាប់កម្ពុជា តួយ៉ាងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនភ្ញៀវទេសចរជប៉ុននៅកម្ពុជា ឈរនៅលំដាប់លេខ៧ ក្នុងចំណោមទីផ្សារសំខាន់ៗទាំង១០របស់កម្ពុជា។
ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរជប៉ុន ជាង២១ម៉ឺននាក់ កើនឡើង៣.៥ ភាគរយ ក្នុងចំណោមទេសចរអន្តរជាតិសរុបជាង៦លាននាក់។ នៅរយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ទេសចរអន្តរជាតិមកទស្សនាកម្ពុជាជាង ៤.៨លាននាក់ កើនឡើង ១០ភាគរយ ក្នុងនោះទេសចរជប៉ុនមានជិត១៥ម៉ឺននាក់ ជាមួយនឹងកំណើន ២.៨ភាគរយ ធៀបនឹងឆ្នាំ២០១៨។ ដោយឡែកនៅឆ្នាំ២០១៨ មានទេសចរកម្ពុជាប្រមាណ២ម៉ឺននាក់ បានទៅទស្សនាប្រទេសជប៉ុនដ៏ស្រស់ស្អាតផងដែរ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុនបានមានប្រសាសន៍បន្តថា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រជប៉ុន។ ការរៀបចំពិព័រណ៍ទេសចរណ៍ជប៉ុនលើកទី៣នេះ គឺមិនត្រឹមតែជួយផ្សព្វផ្សាយ និងជំរុញទេសចរណ៍រវាងកម្ពុជា និងជប៉ុនប៉ុណ្ណោះទេ តែថែមទាំងបានឆ្លុះបញ្ចាំងនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងប្រទេសមិត្តទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងល្អនឹងគ្នាដ៏យូរលង់ ហើយក៏ជាដៃគូផ្លាស់ប្តូរខាងផ្នែកវប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្ម”។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា កម្ពុជាក៏បាននឹងកំពុងខិតខំប្រឹងប្រែងពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានស្រាប់ តាមរយៈការរៀបចំផែនការមេ នៅតំបន់ប៉ូលទេសចរណ៍សំខាន់ ដូចជាសៀមរាប-អង្គរ តំបន់ឆ្នេរខេត្តកែប និងតំបន់អេកូទេសចរណ៍ ខេត្តមណ្ឌលគិរី រួមជាមួយនឹងការកៀរគរឱ្យមានការវិនិយោគលើការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗបន្ថែមទៀត ពិសេសគម្រោងបង្កើតឱ្យមានតំបន់ទេសចរណ៍ពិសិដ្ឋ ដែលក្នុងនោះមានការអភិវឌ្ឍទេសចរណ៍ផ្ទះទី២ (Second Home Tourism) ទេសចរណ៍វ័យចំណាស់ សហគមន៍ទេសចរណ៍ ផ្ទះស្នាក់ទេសចរណ៍។ល។
លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍គាំទ្រ ចំពោះគោលបំណងដែលបានលើកឡើងខាងនេះ ជាមួយនឹងព្យាយាមសម្របសម្រួល ដើម្បីជំរុញបណ្តាវិនិយោគិនជប៉ុននានា ឱ្យមកវិនិយោគជាដៃគូនៅកម្ពុជាបន្ថែមទៀត ដែលធ្វើយ៉ាងណាជួយសហការជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរ៕