ដោយ Donald Lee
ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្មអាមេរិកលោក Sonny Perdue បាននិយាយថា រដ្ឋាភិបាលអាមេរិក ទំនងជាមិនបន្ថែមពន្ធគយថ្មី ទៅលើទំនិញចិនដែលមានតម្លៃ១៦០ ពាន់លានដុល្លារនោះទេ។

ប្រធានាធិបតីអាមេរិក Donald Trump បានជំរុញការដំឡើងពន្ធបន្ថែមលើទំនិញចិន ដែលរាប់បញ្ចូលទាំងស្មាតហ្វូន នៅថ្ងៃទី១៥ខែធ្នូ ឆ្នាំនេះ។ ភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងស្តីពី កិច្ចព្រមព្រៀងដំណាក់កាលទី១ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈពេល ១៧ខែនេះទេ។
លោក Perdue បាននិយាយនៅឯសន្និសីទមួយក្នុងរដ្ឋ Indiana អាមេរិកថា “យើងមានឱសានវាទមួយ ដែលនឹងកើតឡើងនៅថ្ងៃទី១៥ ខែ ធ្នូ សម្រាប់ពន្ធគយមួយទៀត។ ខ្ញុំមិនជឿថាពន្ធទាំងនេះនឹងត្រូវអនុវត្តន៍ ហើយខ្ញុំគិតថា យើងអាចនឹងឃើញការត្រឡប់មកវិញខ្លះ”។
ក្រុមអ្នកវិភាគបារម្ភថា លោក Trump នឹងធ្វើការគំរាមរបស់លោក ដែលលោកសុខចិត្តរង់ចាំ រហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាឆ្នាំ២០២០ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន។
លោក Laurence Boone ប្រធានសេដ្ឋវិទូនៃអង្គការ OECD បានថ្លែងនៅក្នុងរបាយការណ៍ស្តីពី កំណើនសេដ្ឋកិច្ចពិភពលោកថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមក លទ្ធផលនិងកំណើនសេដ្ឋកិច្ចសកល បានធ្លាក់ចុះជាលំដាប់ស្របពេលភាពមិនប្រាកដប្រជា នៃគោលនយោបាយ និងលំហូរពាណិជ្ជកម្ម និងការវិនិយោគទន់ខ្សោយ”។
ប្រធានថ្មីនៃធនាគារកណ្តាលអឺរ៉ុបលោកស្រី Christine Lagarde បាននិយាយកាលពីខែមុនថា សេដ្ឋកិច្ចពិភពលោក ត្រូវតែបញ្ឈប់សង្គ្រាមពាណិជ្ជកម្មទាំងអស់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចឱ្យមានសុខភាពល្អ។ លោកស្រីបានផ្តោតលើសង្គ្រាមពាណិជ្ជកម្ម ដែលជាកត្តាចម្បងមួយ ដែលរារាំងកំណើន GDP នៅជុំវិញពិភពលោក និងបង្កភាពមិនប្រាកដប្រជានៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក។

លោកស្រី Lagarde មានប្រសាសន៍ថា “ភាពតានតឹងខាងពាណិជ្ជកម្ម ដែលកំពុងកើតមាន និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ កំពុងរួមចំណែកដល់ការធ្លាក់ចុះនៃកំណើនពាណិជ្ជកម្ម ជាងពាក់កណ្តាលពិភពលោកចាប់តាំងពីឆ្នាំមុន”។ លោកស្រីបន្តថា “កត្តានេះបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ដល់កម្រិតទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុដ៏ធំធេង”។
ក្រុមអ្នកវិភាគបានបង្ហាញសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនឹងត្រូវឈានដល់នាពេលខាងមុខ ហើយទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានលោក Larry Kudlow បាននិយាយថា ភាគីទាំងពីរកំពុងចាប់ផ្តើមការចរចាគ្នាជារៀងរាល់ម៉ោង”៕






