រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​ដើម្បី​គ្រប់គ្រង​ស្ថានីយ​ប្រេងឥន្ធនៈ​ និង​ឧស្ម័ន

0

​ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ ក្រសួង​រ៉ែ​ និង​ថាមពល​ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ បាន​ នឹង​កំពុង​កសាង​ និង​ដាក់ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បទដ្ឋាន​បច្ចេកទេស​មួយចំនួន​ដើម្បី​ធានា​សុវត្ថិភាព​ និង​គ្រប់គ្រង​វិស័យ​ប្រេងកាត​ឱ្យ​មានប្រសិទ្ធភាព​។

ការ​ដាក់ចេញ​នូវ​យុទ្ធនាការ​នៃ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​រួមមាន​បទប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​មួួយ​ចំនួន​ដូចជា​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ និង​ផលិតផល​ប្រេងកាត​ សារាចរ​ស្តី​ពី​សុវត្ថិភាព​ សម្រាប់​រៀបចំ​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ ប្រកាស​ស្តី​ពី​នីតិវិធី​នៃ​ការគ្រប់គ្រង​បច្ចេកទេស​ សុវត្ថិភាព​ បង្កើត​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​។

ការសម្រេច​កំណត់​ឱ្យ​អនុវត្ត​នេះ​ ដើម្បី​ជា​មូលដ្ឋាន​គតិ​យុត្ត​ក្នុង​ការគ្រប់គ្រង​ និង​ជា​មូលដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​សម្រាប់​ការបង្កើត​ស្ថានីយ​ថ្មី​ និង​ការ​កែសម្រួល​សំណង់​ស្ថានីយ​ចាស់​ឱ្យ​មាន​សុវត្ថិភាព​ ក្នុង​គោលដៅ​កាត់បន្ថយ​ឧបទ្ទវហេតុ​ គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ពិនិត្យ​ឃើញថា​ មាន​ម្ចាស់​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​មួយចំនួន​នៅ​តាម​បណ្តា​រាជធានី​ / ខេត្ត​ កំពុងធ្វើការ​សាងសង់​ និង​ដំណើរការ​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​របស់​ខ្លួន​ ដោយ​ខុស​បទដ្ឋាន​បច្ចេកទេស​ និង​ពុំ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​នៅឡើយ​។

ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ទាំងនោះ​ពី​បទដ្ឋាន​សុវត្ថិភាព​នីតិវិធី​ច្បាប់​រួចហើយ​។ ជា​លទ្ធផល​ ក្រសួង​រ៉ែ​ និង​ថាមពល​សង្កេតឃើញ​ថា​ មាន​ម្ចាស់​ស្ថានីយ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ជាច្រើន​ ចាប់ផ្តើម​មក​ដាក់ពាក្យ​ស្នើសុំ​ការអនុញ្ញាត​ជាបន្តបន្ទាប់​ នៅ​តាម​បណ្តា​មន្ទីរ​រ៉ែ​ និង​ថាមពល​រាជធានី​ / ខេត្ត​ និង​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​។

ជំហាន​បន្ត​ ក្រសួង​រ៉ែ​និង​ថាមពល​ តាមរយៈ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ និង​អធិការកិច្ច​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​ នឹង​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​តាមច្បាប់​ លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​បទប្បញ្ញត្តិ​បច្ចេកទេស​ពាក់ព័ន្ធ​នានា​ជាធរមាន​។

វិធានការ​ច្បាប់​ ទប់ស្កាត់​សកម្មភាព​ខុសច្បាប់​ និង​បទល្មើស​នានា​ក្នុង​វិស័យ​ប្រេងកាត​ និង​ត្រូវ​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​ ដោយ​មន្ត្រី​អធិការកិច្ច​ដែល​មាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​។

ក្រសួង​រ៉ែ​ និង​ថាមពល​ សូម​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ និង​អាជីវករ​ប្រេង​ និង​ឧស្ម័ន​ឥន្ធនៈ​ទាំងអស់​ សហការ​អនុវត្ត​បទដ្ឋាន​បច្ចេកទេស​សុវត្ថិភាព​ និង​គោរពច្បាប់​ទាំងអស់គ្នា​ សំដៅ​រក្សា​បាន​នូវ​និរន្ត​ភាព​នៃ​អាជីវកម្ម​របស់​បងប្អូន​អាជីវករ​ និង​រក្សា​បាន​នូវ​និរន្ត​ភាព​នៃ​បែបផែន​បច្ចេកទេស​សុវត្ថិភាព​ទាំងអស់គ្នា​ ដើម្បី​ឱ្យ​មាន​សុខដុម​នី​យក​ម្ម​ក្នុង​មុខរបរ​ផង​ និង​សង្គតិភាព​នៃ​ការអនុវត្ត​ច្បាប់​ ប្រកបដោយ​សុវត្ថិភាព​ទាំងអស់គ្នា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here