ដោយ វុត្ថា
ភ្នំពេញ: គ្រប់អ្នកដែលមានអាជីព និងជាកំពុងដើរតួនាទីជាអ្នកលក់នៅលើទីផ្សារសុទ្ធតែមានក្ដីប្រាថ្នា អភិវឌ្ឍខ្លួនឱ្យក្លាយជាកំពូលអ្នកលក់ដ៏មានប្រសិទ្ធភាព និងទទួលបានជោគជ័យទាំងអស់ ប៉ុន្តែអ្វីដែលជាឧបសគ្គនៅត្រង់ចំណុចថា តើគួរអនុវត្តវិធីបែបណា ដែលអាចទទួលបាននូវអ្វីដែលខ្លួនចង់បាន។
ជាដំណោះស្រាយអ្នកជំនាញបានបញ្ជាក់ថា បុគ្គលិកលក្ខណៈរបស់អ្នកលក់ដែលពូកែ គឺត្រូវមានចំណុចសំខាន់ៗទាំង៧ប្រការដូចខាងក្រោមនេះ៖
១. ទឹកមុខញញឹម
ជឿថាមនុស្សគ្រប់គ្នាសុទ្ធតែចេះញញឹម គឺញញឹមបានដោយមិនចាំបាច់ហ្វឹកហាត់ ហើយនេះជាអំណោយពីរបស់ធម្មជាតិ។ ពេលចូលជួបអតិថិជន អ្នកលក់ត្រូវយកទឹកមុខស្រស់ស្រាយ ញញឹមញញែម ព្រមគ្នានឹងការធ្វើចិត្តឱ្យរីករាយ ពេលនៅចំពោះមុខអតិថិជន ហើយឱ្យគិតថាយើងកំពុងនាំយករឿងល្អ និងរឿងមានប្រយោជន៍ឱ្យពួកគេ ។ ពាក្យថាសួស្ដី អរគុណ ពាក្យដែលប្រើបានគ្រប់សម័យកាល សូមកុំខ្ជិលក្នុងការប្រើ ហាត់និយាយឱ្យជាទម្លាប់។ ដូច្នេះអាជីពការលក់ដូរនឹងរីកចម្រើនឡើងក្នុងពេលអនាគត។
២. សុភាពរាបសា ឱនលំទោន
ក្រៅពីញញឹមហើយដៃជើងត្រូវទន់ផងដែរ។ មកដល់ត្រូវចេះសំពះ ទៅឱ្យចេះលា ទំនៀមទម្លាប់ខ្មែរកុំចោល។ ដូច្នេះគេនឹងបានដឹងថា យើងទទួលការអប់រំមកបានយ៉ាងល្អពីចាស់ទុំ។ ប៉ុន្តែគប្បីនឹកដល់ពាក្យថា ឱ្យទន់ភ្លន់ ឱនលំទោនតែកុំទន់ខ្សោយ។
៣. តែងខ្លួនស្អាត
ការដែលជាអ្នកលក់ ដែលអតិថិជនចង់នៅក្បែរ ចង់និយាយជាមួយយូរៗ ក្រៅពីនិយាយឱ្យអតិថិជនស្តាប់ទៅស្រួលត្រចៀកហើយ ការតែងខ្លួនក៏ត្រូវឱ្យស្អាតទាក់ភ្នែកផងដែរ។ ពេលនៅក្បែរអតិថិជនមិនត្រូវមានក្លិនខ្លួន កាត់ក្រចកឱ្យស្អាត ឧបករណ៍ប្រើប្រាស់ក្នុងការលក់ រៀបចំឱ្យបានស្អាតរៀបរយ សុខភាពមាត់ធ្មេញត្រូវរក្សាឱ្យបានល្អ កុំជក់បារី។
៤. មានការចងចាំ
ក្នុងមួយថ្ងៃៗ យើងជួបអតិថិជនជានិច្ច មិនអាចចាំអតិថិជនបានទាំងអស់នោះទេ លើកលែងតែអ្នកសំខាន់ប៉ុណ្ណោះ។ បើការចងចាំរបស់យើងមិនល្អ ក៏អាចហ្វឹកហាត់បាន។ បើខ្លាចចាំមិនបាន សាកធ្វើតាមកំពូលអ្នកលក់ធ្វើ គឺកត់ត្រាក្នុងសៀវភៅការងារប្រចាំថ្ងៃថា មួយថ្ងៃៗយើងទៅជួបអ្នកណានៅកន្លែងណា លក់អ្វី ធ្វើការកត់ត្រាទុកឱ្យបានលម្អិត កន្លងទៅ ២ – ៣ ឆ្នាំ យកបញ្ជីឈ្មោះទាំងនេះមកមើលឡើងវិញ ហើយទូរសព្ទទៅសួរសុខទុក្ខពួកគេ នឹងធ្វើឱ្យអតិថិជនមានការពេញចិត្ត ចំពោះការព្យាយាមទាក់ទងរបស់យើង។
៥. ពេលវេលា
ការចេះចាត់ចែងពេលវេលាឱ្យបានល្អ ពេលណាគួរតែធ្វើអ្វី ពេលណាគួរផ្តល់ពេលវេលាចំពោះអ្នកផ្ទះ ការងារផ្ទះ ពេលវេលាណាជាពេលវេលា សម្រាប់ការលក់ដូរឬពេលណាជាការងារសាងសង្គម។ មួយថ្ងៃមាន២៤ម៉ោង បើចេះបែងចែកពេលវេលាបានល្អ ជីវិតរបស់អ្នកនឹងមានគុណតម្លៃច្រើនឡើង។
៦. ចេះរៀបគម្រោងក្នុងការធ្វើការងារក្នុងមួយថ្ងៃៗ
រៀបចំចាត់ចែងពេលវេលារបស់ការងារ ដែលត្រូវធ្វើក្នុងមួយថ្ងៃៗឱ្យបានល្អ រៀបគម្រោងទុកមុនថា ថ្ងៃស្អែកនឹងធ្វើអ្វី សរសេរចូលទៅក្នុងបញ្ជីយ៉ាងតិច៥-៦ មុខ ហើយព្យាយាមធ្វើឱ្យអស់នូវការងារ ដែលបានរៀបគម្រោងទុក ដូចជាការរកបញ្ជីឈ្មោះអតិថិជនថ្មី ការទៅសួរសុខទុក្ខ ការបញ្ជូនទំនិញ ការណាត់ជួបនិងសេវាកម្ម។
៧. រីករាយក្នុងការនិយាយជាមួយមនុស្សគ្រប់ប្រភេទ
អ្នកលក់ដែលពូកែ នឹងមានចំណេះដឹងជុំវិញខ្លួន សំដៅដល់អាចនិយាយរបៀបជាមិត្តជាមួយនឹងអតិថិជនបានគ្រប់រឿង អាចសម្របខ្លួន និងប្រើពាក្យសម្តីរបស់ខ្លួនឱ្យចូលចុះជាមួយអតិថិជនបាន ចាប់ពីរឿងទូទៅក្នុងការធ្វើការងារក្នុងមួយថ្ងៃៗ ជីវិត ការរស់នៅ តិចណូឡូជី កីឡា ជាអាទិ៍ ។ល។
សូមណែនាំបន្ថែមបន្តិច លើរឿងការនិយាយជាមួយអតិថិជន បើអតិថិជនមិនសួរពីចំណេះដឹងទេ ចូរកុំទៅអួតពីចំណេះដឹងច្រើនពេក ធ្វើជាមិនដឹងទៅល្អហើយ អតិថិជនចូលចិត្តខ្លាំងណាស់៕