ដើម្បី​ក្លាយជា​អ្នកលក់​ដ៏​ពូកែ​ត្រូវ​ធ្វើ​ដូចម្តេច​?

0

ដោយ ​វុត្ថា​

ភ្នំពេញ​: គ្រប់​អ្នក​ដែល​មាន​អាជីព​ និង​ជា​កំពុង​ដើរតួ​នាទី​ជា​អ្នកលក់​នៅ​លើ​ទីផ្សារ​សុទ្ធតែ​មាន​ក្ដី​ប្រាថ្នា​ អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​កំពូល​អ្នកលក់​ដ៏​មានប្រសិទ្ធភាព​ និង​ទទួល​បាន​ជោគជ័យ​ទាំងអស់​ ប៉ុន្តែ​អ្វី​ដែល​ជា​ឧបសគ្គ​នៅត្រង់​ចំណុច​ថា​ តើ​គួរ​អនុវត្ត​វិធី​បែប​ណា​ ដែល​អាច​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​។

ជា​ដំណោះស្រាយ​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ បុគ្គលិក​លក្ខណៈ​របស់​អ្នកលក់​ដែល​ពូកែ​ គឺ​ត្រូវ​មាន​ចំណុច​សំ​ខាន់​ៗទាំង៧ប្រការ​ដូច​ខាងក្រោម​នេះ​៖

១. ទឹកមុខ​ញញឹម​

ជឿ​ថា​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​ចេះ​ញញឹម​ គឺ​ញញឹម​បាន​ដោយ​មិន​ចាំបាច់​ហ្វឹកហាត់​ ហើយ​នេះ​ជាអំណោយ​ពី​របស់​ធម្មជាតិ​។ ពេល​ចូល​ជួប​អតិថិជន​ អ្នកលក់​ត្រូវ​យក​ទឹកមុខ​ស្រស់ស្រាយ​ ញញឹមញញែម​ ព្រមគ្នា​នឹង​ការ​ធ្វើ​ចិត្ត​ឱ្យ​រីករាយ​ ពេល​នៅចំពោះមុខ​អតិថិជន​ ហើយ​ឱ្យ​គិតថា​យើង​កំពុង​នាំ​យក​រឿង​ល្អ​ និង​រឿង​មានប្រយោជន៍​ឱ្យ​ពួកគេ​ ។ ពាក្យ​ថា​សួស្ដី​ អរគុណ​ ពាក្យ​ដែល​ប្រើ​បាន​គ្រប់​សម័យកាល​ សូមកុំ​ខ្ជិល​ក្នុង​ការប្រើ​ ហាត់​និយាយ​ឱ្យ​ជា​ទម្លាប់​។ ដូច្នេះ​អាជីព​ការលក់ដូរ​នឹង​រីកចម្រើន​ឡើង​ក្នុង​ពេល​អនាគត​។

២. សុភាព​រាបសា​ ឱនលំទោន​

ក្រៅពី​ញញឹម​ហើយ​ដៃជើង​ត្រូវ​ទន់​ផង​ដែរ​។ មកដល់​ត្រូវ​ចេះ​សំពះ​ ទៅ​ឱ្យ​ចេះ​លា​ ទំនៀមទម្លាប់​ខ្មែរ​កុំ​ចោល​។ ដូច្នេះ​គេ​នឹង​បានដឹង​ថា​ យើង​ទទួលការ​អប់រំ​មក​បាន​យ៉ាង​ល្អ​ពី​ចាស់ទុំ​។ ប៉ុន្តែ​គប្បី​នឹកដល់​ពាក្យ​ថា​ ឱ្យ​ទន់ភ្លន់​ ឱនលំទោន​តែ​កុំ​ទន់ខ្សោយ​។

៣. តែងខ្លួន​ស្អាត​

​ការដែល​ជា​អ្នកលក់​ ដែល​អតិថិជន​ចង់​នៅ​ក្បែរ​ ចង់និយាយ​ជា​មួយ​យូរ​ៗ ក្រៅពី​និយាយ​ឱ្យ​អតិថិជន​ស្តាប់​ទៅ​ស្រួល​ត្រចៀក​ហើយ​ ការ​តែងខ្លួន​ក៏​ត្រូវ​ឱ្យ​ស្អាត​ទាក់ភ្នែក​ផង​ដែរ​។ ពេល​នៅ​ក្បែរ​អតិថិជន​មិន​ត្រូវ​មាន​ក្លិន​ខ្លួន​ កាត់​ក្រចក​ឱ្យ​ស្អាត​ ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​លក់​ រៀបចំ​ឱ្យ​បាន​ស្អាត​រៀបរយ​ សុខភាព​មាត់​ធ្មេញ​ត្រូវ​រក្សា​ឱ្យ​បាន​ល្អ​ កុំ​ជក់បារី​។

៤. មានការ​ចងចាំ​

ក្នុង​មួយ​ថ្ងៃ​ៗ យើង​ជួប​អតិថិជន​ជានិច្ច​ មិន​អាច​ចាំ​អតិថិជន​បាន​ទាំងអស់​នោះ​ទេ​ លើកលែងតែ​អ្នក​សំខាន់​ប៉ុណ្ណោះ​។ បើ​ការ​ចងចាំ​របស់​យើង​មិនល្អ​ ក៏អាច​ហ្វឹកហាត់​បាន​។ បើ​ខ្លាច​ចាំ​មិនបាន​ សាក​ធ្វើតាម​កំពូល​អ្នកលក់​ធ្វើ​ គឺ​កត់ត្រា​ក្នុង​សៀវភៅ​ការងារ​ប្រចាំថ្ងៃ​ថា​ មួយ​ថ្ងៃ​ៗយើង​ទៅ​ជួប​អ្នកណា​នៅកន្លែង​ណា​ លក់​អ្វី​ ធ្វើការ​កត់ត្រា​ទុក​ឱ្យ​បាន​លម្អិត​ កន្លងទៅ​ ២ – ៣ ឆ្នាំ​ យកបញ្ជី​ឈ្មោះ​ទាំងនេះ​មក​មើល​ឡើងវិញ​ ហើយ​ទូរសព្ទ​ទៅ​សួរសុខទុក្ខ​ពួកគេ​ នឹង​ធ្វើ​ឱ្យ​អតិថិជន​មានការ​ពេញចិត្ត​ ចំពោះ​ការ​ព្យាយាម​ទាក់ទង​របស់​យើង​។

៥. ពេលវេលា​

ការ​ចេះ​ចាត់ចែង​ពេលវេលា​ឱ្យ​បាន​ល្អ​ ពេលណា​គួរតែ​ធ្វើអ្វី​ ពេលណា​គួរ​ផ្តល់​ពេលវេលា​ចំពោះ​អ្នកផ្ទះ​ ការងារ​ផ្ទះ​ ពេលវេលា​ណា​ជា​ពេលវេលា​ សម្រាប់​ការលក់ដូរ​ឬពេលណា​ជា​ការងារ​សាង​សង្គម​។ មួយថ្ងៃ​មាន២៤ម៉ោង​ បើ​ចេះ​បែងចែក​ពេលវេលា​បាន​ល្អ​ ជីវិត​របស់​អ្នក​នឹង​មានគុណ​តម្លៃ​ច្រើនឡើង​។

៦. ចេះ​រៀប​គម្រោង​ក្នុង​ការ​ធ្វើការងារ​ក្នុង​មួយ​ថ្ងៃ​ៗ

រៀបចំ​ចាត់ចែង​ពេលវេលា​របស់​ការងារ​ ដែល​ត្រូវ​ធ្វើ​ក្នុង​មួយ​ថ្ងៃ​ៗឱ្យ​បាន​ល្អ​ រៀប​គម្រោង​ទុកមុន​ថា​ ថ្ងៃស្អែក​នឹង​ធ្វើអ្វី​ សរសេរ​ចូល​ទៅ​ក្នុង​បញ្ជី​យ៉ាងតិច៥​-៦ មុខ​ ហើយ​ព្យាយាម​ធ្វើ​ឱ្យ​អស់​នូវ​ការងារ​ ដែល​បាន​រៀប​គម្រោង​ទុក​ ដូចជា​ការ​រក​បញ្ជី​ឈ្មោះ​អតិថិជន​ថ្មី​ ការ​ទៅ​សួរសុខទុក្ខ​ ការ​បញ្ជូន​ទំនិញ​ ការណាត់ជួប​និង​សេវាកម្ម​។

៧. រីករាយ​ក្នុង​ការ​និយាយ​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​

អ្នកលក់​ដែល​ពូកែ​ នឹង​មានចំណេះ​ដឹង​ជុំវិញ​ខ្លួន​ សំដៅ​ដល់​អាច​និយាយ​របៀប​ជា​មិត្ត​ជាមួយនឹង​អតិថិជន​បាន​គ្រប់​រឿង​ អាច​សម្រប​ខ្លួន​ និង​ប្រើពាក្យ​សម្តី​របស់​ខ្លួន​ឱ្យ​ចូលចុះ​ជាមួយ​អតិថិជន​បាន​ ចាប់ពី​រឿង​ទូទៅ​ក្នុង​ការ​ធ្វើការងារ​ក្នុង​មួយ​ថ្ងៃ​ៗ ជីវិត​ ការរស់នៅ​ តិ​ចណូ​ឡូ​ជី​ កីឡា​ ជាអាទិ៍​ ។ល។

សូម​ណែនាំ​បន្ថែម​បន្តិច​ លើ​រឿង​ការ​និយាយ​ជាមួយ​អតិថិជន​ បើ​អតិថិជន​មិន​សួរ​ពី​ចំណេះដឹង​ទេ​ ចូរ​កុំទៅ​អួត​ពី​ចំណេះដឹង​ច្រើនពេក​ ធ្វើជាមិនដឹង​ទៅ​ល្អ​ហើយ​ អតិថិជន​ចូលចិត្ត​ខ្លាំង​ណាស់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here