ដោយគង់ សូរិយា
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហរមានតម្លាភាព និងប្រសិទ្ធភាពសម្រាប់ការវិនិយោគ។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជាកាលពីថ្ងៃទី១៥ ធ្នូកន្លងមកថា ក្របខណ្ឌច្បាប់ដែលបានចែងខាងលើ គឺជាការលើកទឹកចិត្តការវិនិយោគ ប្រកបដោយតម្លាភាព គ្មានការរើសអើង ហើយមានលក្ខណៈប្រកួតប្រជែងស្មើភាព ផ្តល់ការការពារនូវសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់ វិនិយោគិននៅកម្ពុជា ដើម្បីបង្កើតនូវក្របខ័ណ្ណគតិយុត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងលក្ខខណ្ឌ នៃការវិនិយោគជាមួយ នឹងផលប្រយោជន៍របស់ប្រទេសជាតិ។
សម្តេចបន្តថា «រាជដ្ឋាភិបាលបាន និងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ខគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណបានប្រកប ដោយភាពអំណោយផល និងប្រសិទ្ធភាព សម្រាប់ការវិនិយោគការធ្វើទំនើបកម្ម និងការបង្កើនផលិតភាព ឧស្សាហកម្មក្នុងស្រុក ជាមួយនឹងការពង្រឹង ការតភ្ជាប់ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គងក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន និងការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ”។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងទៀតថា បច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងទៅ ការលើកកម្ពស់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម គឺជាគោលដៅ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ ស្របតាមការកំណត់ នៃអនុក្រឹត្យស្តីពីការលើកទឹកចិត្ត ផ្នែកពន្ធដារ សម្រាប់សហគ្រាស ធុនតូច និងមធ្យម តាមរយៈការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៥ឆ្នាំ។
លើសពីនេះ ការលើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល រួមទាំងការលើកទឹកចិត្ត ចំណាយដែលអាចកាត់កងបានដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្ម ក្នុងស្រុករបស់កម្ពុជា លើវិស័យអាទិភាព រួមមានវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផលិត និងកែច្នៃមបអាហារ ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន ដែលវិស័យទាំងអស់នេះស្ថិតក្នុងតំបន់ប្រមូលផ្ដុំ នៃសហគ្រាសធុនតូច និងមធ្យម៕






