ដោយ វុត្ថា
ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញចូលរួមសម្ពោធផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម «ផ្សារដា» ស្ថិតនៅក្នុងស្រុកមេមត់ ជាប់ព្រំដែនខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះឱ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូនេះ សម្តេចនឹងអញ្ជើញទៅសម្ពោធផ្សារព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ ដែលជាអតីតសមរភូមិប្រយុទ្ធរបស់សម្តេចនៅឆ្នាំ១៩៧១។
សម្តេចបន្តថា ក្រោយដាក់ចេញនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមហើយនោះ គឺការបិទបញ្ចប់ភ្លើងសង្គ្រាមនៅតាមព្រំដែន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដោះដូរទំនិញជាដើម។
សម្តេចបន្ថែមថា ទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាងកើនឡើងជាលំដាប់ ដោយក្នុងនោះទំហំពាណិជ្ជកម្មជាមួយប្រទេសថៃ កើនដល់ ៧ ពាន់លាដុល្លារអាមេរិក និងវៀតណាមមានចំនួន ៥ពាន់លានដុល្លារអាមេរិក។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានឱ្យដឹងថា ផ្សារគំរូព្រំដែននេះ នឹងជួយបង្កើនទំហំពាណិជ្ជកម្មនៅតាមព្រំដែន និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា-វៀតណាម។
លើសពីនេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ជាពិសេសក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ព្រមទាំងភាគីពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលគម្រោងសាងសង់ផ្សារនេះ ដើម្បីទុកជានិម្មិតរូប និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។

លោកបន្តថា «ខ្ញុំសង្ឃឹមថាផ្សារនេះ នឹងបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម»៕






