អាមេរិក​ និង​ចិន​បាន​ផ្អាក​សង្រ្គាម​ពន្ធគយ​ ខណៈ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​បាន​បញ្ចប់​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ថ្លៃ​បំផុត​មួយ​នៅក្នុង​ប្រវត្តិ​សាស្រ្ត​ ហើយ​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល១៧ខែ​ រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​។

ទីក្រុង​ប៉េកាំង​បា​នព​ន្យា​ពន្ធគយ​លើ​ការនាំចូល​រថយន្ត​ និង​កសិកម្ម​របស់​អាមេរិក​ដែល​បាន​ចូលជាធរមាន​កាលពី​ថ្ងៃអាទិត្យ​។ យោង​តាម​គណៈកម្មការ​ពន្ធគយ​របស់​ក្រុមប្រឹក្សារដ្ឋ​ចិន​ ទីក្រុង​ប៉េកាំង​ បាន​ផ្អាក​ការ​យកពន្ធ​លើ​រថយន្ត​គ្រឿង​ បន្លាស់​រថយន្ត​ និង​ពោត​របស់​អាមេរិក​។

លោក​ Robert​ Lighthizer​ អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​បាន​ និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ នៅ​លើ​ទូរទស្សន៍​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​ ថា​ “នេះ​គឺជា​ជំហាន​ដំបូង​ក្នុង​ការ​ព្យាយាម​បញ្ចូល​ប្រព័ន្ធ​ពីរ​ផ្សេងគ្នា​ ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ទាំងពីរ​”។

លោក​ Lighthizer​ ​បានឱ្យ​ដឹង​ថា​ “ប្រធានាធិបតី​មិន​ល្ងង់​ទេ​។ គាត់​ឆ្លាត​ណាស់​”។

អង្គការ​សហប្រតិបត្តិ​ការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​(OECD​) បាន​បញ្ជាក់​ថា​ ផល​ប៉ះពាល់​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ បាន​បណ្តាល​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ ដូច​កម្រិត​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​កាលពី១០ឆ្នាំមុន​។

ការ​ផ្អាក​នេះ​ ស្របតាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​ ដែល​ប្រកាស​ដោយ​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ កាលពី​ចុង​សប្តាហ៍​មុន​។

លោក​ Trump​ បាន​ព្យួរ​ពន្ធគយ​លើ​ទំនិញ​ចិន​ ដែល​មានតម្លៃ១៦០ពាន់​លាន​ដុល្លារ​ដែល​រាប់បញ្ចូល​ទាំង​ស្មា​តហ្វូ​ន និង​កុំព្យូទ័រ​ផ្ទាល់ខ្លួន​។ លើស​ពីនេះ​ការ​យកពន្ធ​លើ​ទំនិញ​អេ​ឡិច​ត្រូ​និច​របស់​ចិន​ ដែល​មានតម្លៃ១២០ពាន់​លាន​ដុល្លារ​ ត្រូវ​បាន​ទម្លាក់​មក​នៅ​ត្រឹម​ ៧.៥ភាគរយ​ ខណៈ​ដែល​ពន្ធគយ​ផ្សេងទៀត​នឹង​នៅតែ​ដដែល​ នៅពេល​ដែល​ភាគី​ទាំងពីរ​ចរចា​គ្នា​ក្នុង​ដំណាក់កាល​បន្ទាប់​។

ផល​ប៉ះពាល់​ នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​បណ្តាល​ឱ្យ​មានការ​ធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​ការ​តម្រៀប​ឡើងវិញ​ នូវ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

សង្គ្រាម​ពន្ធ​នាំ​ឱ្យ​អត្រាកំណើន​ផលិតផល​ ក្នុង​ស្រុក​សរុប​របស់​ចិន​ធ្លាក់ចុះ​ដល់៦​ ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថិតិ​ជាតិ​ចុងក្រោយ​បង្អស់​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​ (NBS​) ។

ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ គឺជា​រយៈពេល​ដំណើរ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ធ្លាក់ចុះ​ពី​កំណើន ៦​,២ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។

លើស​ពីនេះ​ទៀត​ អង្គការ​ UNCTAD​ ដែល​ជា​ស្ថាប័ន​សំខាន់​របស់​អង្គការសហប្រជាជាតិ​ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​បាន​ចេញ​របាយការណ៍​មួយ​ ដែល​រក​ឃើញថា​ អ្នកប្រើ​ប្រាស់​ និង​អាជីវកម្ម​របស់​អាមេរិក​កំពុង​រងគ្រោះ​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។

លោក​ Alessandro​ Nicita​ សេដ្ឋវិទូ​បាន​ថ្លែង​នៅក្នុង​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ថា​ “អ្នកប្រើ​ប្រាស់​អាមេរិក​​កំពុង​បង់ពន្ធ​លើ​តម្លៃ​ខ្ពស់​។ មិន​ត្រឹមតែ​អ្នកប្រើ​ប្រាស់​ចុងក្រោយ​ដូចជា​យើង​ប៉ុណ្ណោះទេ​ ប៉ុន្តែ​អ្នកនាំ​ចូល​ផលិតផល​មធ្យម​ និង​ក្រុមហ៊ុន​អាមេរិក​ដែល​នាំចូល​គ្រឿងបន្លាស់​ និង​គ្រឿង​បន្លាស់​ផ្សេង​ៗពី​ចិន​ទទួលរង​ផល​ប៉ះពាល់​”។

ទិន្នន័យ​របស់​រដ្ឋាភិបាល​អាមេរិក​ថ្មី​បាន​បង្ហាញថា​ អ្នកប្រើ​ប្រាស់​ និង​ក្រុមហ៊ុន​នៅ​អាមេរិក​កំពុង​រង​ការវាយប្រហារ​យ៉ាង​ខ្លាំង​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ និង​គោលនយោបាយ​ពាណិជ្ជកម្ម​ដ៏​ខ្លាំងក្លា​របស់​លោក​ Trump​។

ការិយាល័យ​ជំរឿន​ និង​ទិន្នន័យ​របស់ក្រ​សួង​កសិកម្ម​អាមេរិក​ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​ពន្ធគយ​ ដែល​បាន​ចូល​ជាធរមាន​កាលពី​ថ្ងៃទី១​ ខែ​ កញ្ញា​ លើ​ទំនិញ​ចិន​ដែល​មានតម្លៃ១១២​ ពាន់​លាន​ដុល្លារ​។ ចំពោះ​ការដំឡើង​ពន្ធ​ ជនជាតិ​អាមេរិក​បាន​ចំណាយ​ ៩០៥លាន​ដុល្លារ​បន្ថែម​។

អ្នកនាំពាក្យ​ពាណិជ្ជកម្ម​សេរី​អាមេរិក​លោក​ Jonathan​ Gold​ បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “ទិន្នន័យ​នេះ​ផ្តល់​នូវ​ភស្តុតាង​ជាក់ស្តែង​ថា​ ពន្ធគយ​គឺ​ពន្ធ​ដែល​បាន​បង់​ដោយ​អាជីវកម្ម​ កសិករ​ និង​អ្នកប្រើ​ប្រាស់​អាមេរិក​ មិនមែន​ចិន​ទេ​”។ លោក​បន្ថែម​ថា​ “នេះ​ជា​មូលហេតុ​ដែល​ការ​ដក​ពន្ធគយ​ ត្រូវតែ​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី១​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here