រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជនបរទេស​ ដែល​ថត​វីដេអូ​បង្ហោះ​បំភ័យ​ភ្ញៀវ​ទេសចរ​មិន​ឲ្យ​មក​កម្ពុជា​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ លោក​ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh​ News​ នៅ​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ បន្ទាប់ពី​មាន​បុរស​ជនជាតិ​បរទេស​ ដែល​បាន​បង្ហោះ​វីដេអូ​ឲ្យ​ភ្ញៀវ​បរទេស​ មកលេង​កម្ពុជា​ ដែល​ប៉ះពាល់​កិត្តិយស​ និង​គោលដៅ​ទេសចរណ៍​កម្ពុជា​ ក្រសួងទេសចរណ៍​បាន​បើក​កិច្ចប្រជុំ​មួយ​ ជាមួយ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ​ និង​ក្រុម​មេធាវី​ផង​ដែរ​ ដើម្បី​រក​វិធី​ចាត់ការ​ចំពោះ​ជនបរទេស​ដ៏​គម្រក់​ម្នាក់​នោះ​។

ក្រៅពី​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ​ ក្រសួងទេសចរណ៍​ គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ក្រុមហ៊ុន​ Google​ និង​ក្រុមហ៊ុន​ Facebook​ ដើម្បី​ស្នើសុំ​ឲ្យ​លុប​វិ​ដេ​អូ​នោះ​ចោល​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «ក្រសួងទេសចរណ៍​បានសម្រេច​ស្នើ​ ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ​ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជាអចិន្ត្រៃយ៍​តែម្តង​ ដែល​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ បាន​ឯកភាព​តាម​សំណើ​របស់ក្រ​សួង​ហើយ​”។ លោក​បន្ត​ថា​ “ក្រសួងទេសចរណ៍​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រុមហ៊ុន​ Google​ និង​ Facebook​ ដើម្បី​ស្នើសុំ​ឲ្យ​លុប​វីដេអូ​ដែល​ជនបរទេស​រូប​នោះ​បាន​បង្ហោះ​”។

លោក​បាន​បញ្ជាក់​ថា​ ចំពោះ​វីដេអូ​របស់​ជនបរទេស​រូប​នោះ​ ក្រសួងទេសចរណ៍​នឹង​រៀបចំ​សំណើ​ ទៅកាន់​ក្រសួង​ការបរទេស​ និង​កិច្ច​ហស​ប្រតិបត្តិ​ការអន្តរជាតិ​ ដើម្បី​ចាត់ការ​លើ​ជនបរទេស​ដ៏​គំរក់​រូប​នោះ​បន្ថែម​ទៀត​។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​បន្ថែម​ថា​ ការ​ចាត់វិធានការ​លើ​ជនបរទេស​រូប​នោះ​ ធ្វើឡើង​ស្របតាម​ច្បាប់​ស្តី​ពី​ទេសចរណ៍​ មាត្រា៥០​ និង​មាត្រា៦៨​ ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ក្នុង​នោះ​អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ អន្តោ​រប្រ​វេស​ន៍​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​បាន​ក៏បាន​អះអាង​ថា​ ទង្វើ​របស់​ជនបរទេស​រូប​នោះ​ក៏​ល្មើសច្បាប់​របស់​កម្ពុជា​ស្តី​ពី​ការគ្រប់គ្រង​ជនបរទេស​ មិនមែន​អន្តោប្រវេសន៍​ផង​ដែរ​ ដូច្នេះ​រាជរដ្ឋាភិបាល​អាច​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ និង​បិទ​ទិដ្ឋាការ​ជនបរទេស​រូប​នោះ​ មិន​ឲ្យ​ចូល​មក​កម្ពុជា​ជាអចិន្ត្រៃយ៍​។

កាលពី​ពេល​ថ្មី​ៗនេះ​ មាន​ជនបរទេស​ម្នាក់​ ដែល​អះអាង​ថា​ ជា​ជនជាតិ​អ៊ីរ៉ង់​ រស់​នៅ​ប្រទេស​ហូ​ឡង់​ មាន​ YouTube​ ឈ្មោះថា​ «James​ FT​» បាន​ថត​វីដេអូ​នៅកន្លែង​មួយចំនួន​របស់​កម្ពុជា​ បង្ហោះ​ក្នុង​ន័យ​បំភ័យ​ភ្ញៀវ​ទេសចរ​ មិន​ឲ្យ​មកលេង​កម្ពុជា​ ដោយ​រូបគេ​ក៏បាន​និយាយ​ក្នុង​វីដេអូ​នោះ​ ពាក់ព័ន្ធ​នឹង​កិ​តិ្ត​យស​ និង​គោលដៅ​ទេសចរណ៍​ កម្ពុជា​ ។

បន្ទាប់ពី​មានការ​បង្ហោះ​នេះ​ ទាំង​វិស័យ​ឯកជន​ផ្នែក​ទេសចរណ៍​ មន្ត្រី​រាជរដ្ឋាភិបាល​ និង​ប្រជាពលរដ្ឋ​ បាន​ប្រតិកម្ម​ថ្កោលទោស​ ចំពោះ​ទង្វើ​ដ៏​គម្រក់​នេះ​ និង​ស្នើ​ឲ្យ​សមត្ថកិច្ច​ ចាត់វិធានការ​ចំពោះ​ជនបរទេស​រូប​នោះ​ផង​ដែរ​៕

https://www.youtube.com/watch?v=4dmKZs-3va8

LEAVE A REPLY

Please enter your comment!
Please enter your name here