ដោយ Donald Lee
ភ្នំពេញៈ ទីផ្សាអាស៊ីបានហក់ឡើងខ្លាំងនៅថ្ងៃអង្គារនេះ ដោយសារព័ត៌មាននៃការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនដែលបានឆ្លុះបញ្ចាំងតាមរយៈទីផ្សារ និងវិនិយោគិននៅក្នុងតំបន់ដែលពឹងផ្អែកលើពាណិជ្ជកម្ម។

ទីផ្សារអាស៊ីពីក្រុមហ៊ុន Hang Seng របស់ហុងហុង ទៅក្រុមហ៊ុន Kospi របស់កូរ៉េខាងត្បូង បានកើនឡើងប្រហែល០.៥ ភាគរយកាលពីព្រឹកថ្ងៃអង្គារនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាក់ក្នុងសុន្ទរកថា របស់លោកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី១ កាលពីចុងសប្តាហ៍មុនដោយនិយាយថា កិច្ចព្រមព្រៀងដំណាក់កាលទី១បានបញ្ចប់ហើយ និងរង់ចាំការអនុវត្តពេញលេញដោយមានការបកប្រែជាភាសាផ្សេងៗត្រឹមត្រូវ។
នៅក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ លោកTrump បាននិយាយថា “ខ្ញុំបាននិយាយថា ធ្វើឱ្យប្រាកដថា អ្នកមានអ្នកបកប្រែត្រឹមត្រូវ ពីព្រោះអ្នកអាចបាត់បង់ច្រើនជាមួយនឹងការបកប្រែមិនល្អ។ ដូច្នេះយើងកំពុងធ្វើឱ្យបានសម្រេច”។
ក្រសួងការបរទេសចិនក៏បានអះអាងថា កិច្ចព្រមព្រៀងនេះ ជិតបញ្ចប់ហើយ ក្រៅពីព័ត៌មានលម្អិតមួយចំនួន។
អ្នកនាំពាក្យក្រសួងលោក Geng Shuang បាននិយាយទៅកាន់អ្នកសារព័ត៌មានថា “ចិន និងអាមេរិកនៅតែត្រូវការបញ្ចប់នីតិវិធីចាំបាច់មួយចំនួន”។
លើសពីនេះទៀត ទីក្រុងប៉េកាំង បានព្យួរពន្ធលើការនាំចូលរថយន្ត និងកសិកម្មរបស់អាមេរិក ដែលត្រូវបានកំណត់ចូលជាធរមានកាលពីថ្ងៃអាទិត្យ។
យោងតាមគណៈកម្មការពន្ធគយ របស់ក្រុមប្រឹក្សារដ្ឋចិនបានឱ្យដឹងថា ទីក្រុងប៉េកាំងបានផ្អាកការយកពន្ធលើរថយន្ត គ្រឿងបន្លាស់រថយន្ត និងពោតរបស់អាមេរិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ រវាងអាមេរិក និងចិនបានបញ្ចប់សង្គ្រាមពាណិជ្ជកម្មដ៏ថ្លៃបំផុតមួយក្នុងប្រវត្តិសាស្រ្ត ហើយបាននាំមកនូវសញ្ញាដំបូងនៃការថយចុះ នៃសង្រ្គាមពាណិជ្ជកម្មរយៈពេល១៧ខែ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅលើពិភពលោក។
ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបណ្តាលឱ្យមានការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក និងការត្រៀមឡើងវិញនូវខ្សែសង្វាក់តម្លៃ ពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ច ពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុដ៏ធំកាលពី១០ឆ្នាំមុន។
ជាមួយគ្នានេះ លោក Trump បានបញ្ជាក់ថា ការចរចារដំណាក់កាលទី២ កំពុងដំណើរការហើយ។
លោក Trump បានសរសេរលើបណ្តាញសង្គម Twitter ថា “យើងបានព្រមព្រៀងលើដំណាក់កាលដ៏ធំធេងមួយ។ យើងនឹងចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងដំណាក់កាលទី២ ភ្លាមៗជាជាងការរង់ចាំរហូតដល់ការបោះឆ្នោតឆ្នាំ២០២០។ នេះគឺជាកិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់ទាំងអស់គ្នា។ សូមអរគុណ!”៕






