សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ជិត​ ២លាន​ដុល្លារ​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ នៅក្នុង​ឆ្នាំ២០១៩នេះ​ សម្រាប់​ការ​ប្រមូល​ពន្ធ​ទៅលើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ប្រមាណ​ជិត២លាន​ដុល្លារ​អាមេរិក​ ខណៈ​ចំនួន​យានយន្ត​សរុប​ជាង១៣០០០គ្រឿង​។

ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ លោក​សន​ ស៊ី​ផល​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ នៅ​ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ថា​ ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០១៩​ គឺ​ចាប់ពី​ខែមិថុនា​ រហូតដល់​ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ចំនួន ១៣​,០៦៩គ្រឿង​ និង​បា្រក់​ពន្ធ​មាន​ចំនួន​ ​៧, ០៦៩​,៥៣០០០០រៀល​ ស្មើនឹង​ជិត២លាន​ដុល្លារ​។ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ២០១៨​ មានការ​កើនឡើង​រថយន្ត១២៥៨គ្រឿង​ ស្មើនឹង​ ១០​,៦៥​ ភាគរយ​ និង​ប្រាក់​ពន្ធ​កើនឡើង១​,៤០២​, ៣៩០​,០០០រៀល​ ស្មើ​ ២៤.៧៤ភាគរយ​។

ចាប់ពី​ខែមករា​ ឆ្នាំ២០២០​ ខាងមុខ​ មន្ត្រី​សាខា​ពន្ធដារ​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​លើ​មធ្យោ​ បាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​ ដែល​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ប្រមូល​ថវិកា​ជូន​ជាតិ​។ ឆ្នាំ២០១៨​ ក្រោយពេល​បិទ​បញ្ចប់​ការ​បង់ពន្ធ​លើ​មធ្យា​បាយ​ដឹក​ ជញ្ជូន​រួចមក​ មន្ត្រី​សាខា​ពន្ធ​ដា​ សហការ​ជាមួយ​សមត្ថកិច្ច​ ចុះ​ត្រួតពិនិត្យ​ រក​ឃើញ​យានយន្ត​ គ្រប់​ប្រភេទ​បាន​ជាង២០០គ្រឿង​ ដែល​មិនបាន​ចូល​មក​បង់ពន្ធ​ និង​ធ្វើការ​ផាកពិន័យ​បាន​ចំនួន​ជាង១០០លាន​រៀល​។

លោក​ សន​ ស៊ី​ផល​ បន្ត​ថា​ ដោយសារ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​កាន់តែ​ច្រើន​អំពី​កាតព្វកិច្ច​បង់ពន្ធ​គ្រប់​ប្រភេទ​ ពួកគាត់​បាន​នាំគ្នា​ចូល​មក​បង់ពន្ធ​នៅ​តាម​សាខា​ពន្ធដារ​ និង​តាម​ធនាគារ​ ដែល​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ អគ្គនាយក​ដ្ឋាន​ពន្ធ​ដា​ មាន​ដូចជា​ ធនាគារ​អេ​ស៊ី​លីដា​ ធនាគា​សាធារណ​: ធនាគារ​កា​ណា​ឌី​យ៉ា​ ធនាគា​វឌ្ឍនៈ​ និង​ធនាគារ​ ANZ​ ។

កាលពី​ឆ្នាំ២០១៨​ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ​ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ​បាន​ចំនួន១១​,៨១១​គ្រឿង​ និង​ប្រាក់​ពន្ធ​ចំនួន​ ៥៦៦៧​, ១៥០​,០០០រៀល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here