ការនាំចេញ​របស់​ជប៉ុន​រំពឹង​ថា​នឹង​កើនឡើង​វិញ​ បន្ទាប់ពី​អាមេរិក​ និង​ចិន​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម

0

​ដោយ​ Donald​ Lee

​ភ្នំពេញ​៖ ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​បាន​ចេញផ្សាយ​របាយការណ៍​បង្ហាញថា​ ការនាំចេញ​របស់​ខ្លួន​បាន​ធ្លាក់ចុះ​ម្តង​ទៀត​នៅក្នុង​ខែ​ វិច្ឆិកា​ ដែល​អាច​នាំ​ឱ្យ​មាន​ធ្លាក់ចុះ​នៃ​ការព្យាករណ៍​ផលិតផល​សុ​រប​ក្នុង​ស្រុក​ (GDP​) របស់​ខ្លូន​នៅ​ត្រីមាស​ទី​បួន​។

ក្រសួងហិរញ្ញវត្ថុ​ជប៉ុន​ បានឱ្យ​ដឹង​ថា​ ការនាំចេញ​បាន​ធ្លាក់ចុះ​ ៨ ភាគរយ​ក្នុង​ខែ​ វិច្ឆិកា​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ការ​ធ្លាក់ចុះ​នេះ​បង្ហាញ​ពី​និន្នាការ​ធ្លាក់ចុះ​មួយឆ្នាំ​នៃ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ មក​។

ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ជប៉ុន​ក្នុង​ឆ្នាំ​ ២០១៩​ ដោយសារតែ​ការពឹងផ្អែក​លើ​ពាណិជ្ជកម្ម​។របាយការណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF​) បាន​បញ្ជាក់​ថា​ ភាព​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក​នឹង​ចាប់ផ្តើម​ជះឥទ្ធិពល​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​។

IMF​ បានឱ្យ​ដឹង​ថា​ “ភាព​តានតឹង​ពាណិជ្ជកម្ម​សកល​ដែល​កំពុង​បន្ត​ និង​ការ​កើតឡើង​បន្ថែម​ទៀត​អាច​កាត់បន្ថយ​ការ នាំចេញ​ ការ​វិនិយោគ​ និង​កំណើន​សុទ្ធ​របស់​ជប៉ុន​ រួម​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​តាមរយៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​ និង​ការ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ហិរញ្ញវត្ថុ​របស់​ជប៉ុន​”។

ជា​សំណាងល្អ​ អាមេរិក​ និង​ចិន​បាន​យល់ព្រម​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​ ១៧​ ខែ​របស់​ពួកគេ​កាលពី​សប្តាហ៍​មុន​។ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​ ១ រវាង​អាមេរិក​ និង​ចិន​បាន​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ថ្លៃ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្រ្ត​ ហើយ​បាន​នាំមក​នូវ​សញ្ញា​ដំបូង​នៃ​ការ​ថយ​ចុះ​នៃ​សង្រ្គាម​ពាណិជ្ជកម្ម​រយៈពេល​ ១៧​ ខែ​រវាង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​នៅ​លើ​ពិភពលោក​។

ក្រុម​អ្នកវិភាគ​បាន​ណែនាំ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​កាត់បន្ថយ​អត្រា​ការប្រាក់​ដើម្បី​រក្សា​សេដ្ឋកិច្ច​ឱ្យ​រីកចម្រើន​ ខណៈ​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក​នៅ​អាស៊ី​ចាប់ផ្តើម​ធូរស្រាល​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​។ មូលនិធិ​រូបិយវត្ថុ​អន្ដរ​ជាតិ​ក៏បាន​ណែនាំ​ដល់​ធនាគារ​ជប៉ុន​ឱ្យធ្វើ​ការ​កែសម្រួល​អត្រា​ការប្រាក់​ឱ្យ​សមស្រប​ទៅ​នឹង​ធនាគារ​កណ្តាល​អាស៊ី​ផ្សេងទៀត​ដែល​កំពុង​មាន​ប្រតិកម្ម​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ និង​ផល​ប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តំបន់​អាស៊ី​។

របាយការណ៍​របស់​ IMF​ បានឱ្យ​ដឹង​ថា​ “ជំហរ​គោលនយោបាយ​រូបិយវត្ថុ​មិន​មានការ​ផ្លាស់​ប្តូរ​ច្រើន​ទេ​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ ប៉ុន្តែ​សម្ពាធ​កំពុង​កើនឡើង​ដើម្បី​ផ្តល់​នូវ​សកម្មភាព​ជំរុញ​បន្ថែម​ទៀត​ស្របតាម​ធនាគារ​កណ្តាល​ធំៗ​ដទៃទៀត​”។

នាយក​គ្រប់គ្រង​ IMF​ លោក​ Kristalina​ Georgieva​ បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​តូក្យូ​កាលពី​ខែមុន​ថា​ “គោលនយោបាយ​សារពើពន្ធ​គួរតែ​គាំទ្រ​ដើម្បី​ការពារ​កំណើន​សេដ្ឋកិច្ច​ក្នុងរយៈពេល​ខ្លី​ និង​ជំរុញ​សន្ទុះ​អតិផរណា​”។

បច្ចុប្បន្ន​ធនាគារ​ជប៉ុន​កំពុង​ពិភាក្សា​អំពី​ការកាត់បន្ថយ​អត្រា​ការប្រាក់​នៅក្នុង​កិច្ចប្រជុំ​គោលនយោបាយ​នៅ​សប្តាហ៍​នេះ​ ប៉ុន្តែ​អ្នកសេដ្ឋកិច្ច​ភាគច្រើន​ជឿជាក់​ថា​ ក្រុមប្រឹក្សា​ភិបាល​នឹង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់​នៃ​គោលនយោបាយ​រូបិយវត្ថុ​របស់​ពួកគេ​។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ជប៉ុន​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទីបី​នៅ​លើ​ពិភពលោក​បាន​ចាប់ផ្តើម​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី​ ៣ ដោយមាន​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ០,២​ ភាគរយ​។លើស​ពីនេះ​ទៀត​ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង​មាន​ប្រជាជន​កូរ៉េ​ភាគច្រើន​ធ្វើ​ពហិការ​មិន​ធ្វើអាជីវកម្ម​ និង​ប្រើ​សេវាកម្ម​របស់​ជប៉ុន​ទាំងអស់​។

ទំនាក់ទំនង​សេដ្ឋកិច្ច​នយោបាយ​និង​វប្បធម៌​រវាង​ប្រទេស​យក្ស​សេដ្ឋកិច្ច​អាស៊ី​ទាំងពីរ​បាន​ឈាន​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។ប្រជាជន​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ពហិការ​រាល់​អ្វី​ៗទាំងអស់​ដែល​ផលិត​នៅ​ជប៉ុន​ចាប់​ ដោ​សារ​ជប៉ុន​បាន​ដាក់កម្រិត​លើ​ការនាំចេញ​វត្ថុធាតុដើម​ដែល​ចាំបាច់​នៅក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ផលិតកម្ម​បច្ចេកវិទ្យា​របស់​កូរ៉េ​ខាងត្បូង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here