ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖
ទំហំពាណិជ្ជកម្មកម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធបានកើនឡើងទំហំទឹកប្រាក់រហូតដល់ជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែនៃឆ្នាំនេះ មានកំណើនជាង៦ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅនេះ ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានទំហំទឹកប្រាក់ចំនួន ១០ ៨១៣ លានដុល្លារអាមេរិកកើនឡើង ៦៥៤លានដុល្លារ ស្មើនឹង ៦.៤៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានត្រឹមចំនួន ១០ ១៥៨ លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
ចំពោះទំនិញ និងផលិតផលនានាដែលត្រូវបាននាំចេញ ដែលស្ថិតនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធដែលមានទំហំទឹកប្រាក់ជាង១ម៉ឺនលានដុល្លារនេះ រួមមានដូចជា ៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង ៦ ៤០៦ លានដុល្លារអាមេរិក, ផ្នែកវាយនភ័ណ្ឌមានទឹកប្រាក់ជាង ៤០ លានដុល្លារអាមេរិក ស្បែកជើងមានទឹកប្រាក់ជាង ៩០៥ លានដុល្លារអាមេរិក អង្ករមានទឹកប្រាក់ជាង ២៨៦ លានដុល្លារអាមេរិក និងផលិតផលផ្សេងៗសរុបជាទឹកប្រាក់ជាង ៣,១៧៦លានដុល្លារអាមេរិក៕






