ដោយ ៖ រ៉ាណេត
កណ្តាល ៖ គម្រោងអនុវត្តផែនការនៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិលសម្រាប់ជំរុញកិច្ចអភិវឌ្ឍរបស់ខេត្តកណ្តាលឆ្នាំ ២០២០-២០២២ ខាងនេះ គឺមានរហូតដល់ ចំនួន ២៩៥ គម្រោង ត្រូវការថវិកាចំនួន ៥៣១ ៣៧៧ លានរៀល ស្មើនឹង ១៣២ ៨៤៤ ២៥០ដុល្លារ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ៣៥គម្រោង តម្រូវការថវិកាចំនួន ៤៦៤៣ លានរៀល ស្មើនឹង ១ ១៦០ ៧៥០ដុល្លារ។

កម្មវិធីវិនិយោគបីឆ្នាំរំកិល ( ២០២០- ២០២២) នៅថ្នាក់ខេត្ត គឺជាកម្មវិធីវិនិយោគទីមួយសម្រាប់អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល ដែលធ្វើឡើងស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌដែលបានកំណត់ថារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ត្រូវរៀបចំកសាងផែនការអភិវឌ្ឍន៍សម្រាប់អាណត្តិរបស់ខ្លួនក្រោយពីបានបោះឆ្នោតរួច។
នៅក្នុងពិធីបើកវេទិកាពិគ្រោះយោបល់កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលខេត្ត ( ២០២០- ២០២២) កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល អភិបាលរងខេត្តកណ្តាល លោក នូវប៉េង ច័ន្ទតារា បានមានប្រសាសន៍ នេះគឺមានបំណងសំខាន់ដើម្បីបង្ហាញអំពីតម្រូវការក្នុងការអភិវឌ្ឍនៅមូលដ្ឋានទូទាំងខេត្ត និងធ្វើការសម្របសម្រួលបន្ស៉ីនូវតម្រូវការទាំងនេះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ រួមមាន អង្គការសង្គមស៊ីវិលវិស័យឯកជន និងអ្នកពាក់ព័ន្ធនានាជាមួយគម្រោងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់នីមួយៗក្នុងខេត្ត។
ក្នុងឱកាសនោះដែរ លោកក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំកៀងគររកប្រភពធនធាននានាពីអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាក្នុងការជួយគាំទ្រគំរោងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ឃុំ-សង្កាត់នៅថ្នាក់ក្រុង-ស្រុកនាពេលខាងមុខនេះឲ្យទទួលបានការគាំទ្រគម្រោងបានកាន់តែច្រើនឡើង។
លោក នូវប៉េង ច័ន្ទតារា បានមានប្រសាសន៍បញ្ជាក់ថា សម្រាប់គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ( ២០២០- ២០២២) មានចំនួន ២៩៥គម្រោង ត្រូវការថវិកាចំនួន ៥៣១ ៣៧៧ លានរៀល ស្មើនឹង ១៣២ ៨៤៤ ២៥០ដុល្លារ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុងមានចំនួន ៣៥គម្រោង តម្រូវការថវិកាចំនួន ៤៦៤៣ លានរៀល ស្មើនឹង ១ ១៦០ ៧៥០ដុល្លារ គម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុកមានចំនួន ២៧៧គម្រោង តម្រូវការថវិកាចំនួន ៣០ ២៧០ លានរៀល ស្មើនឹង ៧ ៥៦៧ ៥០០ដុល្លារ គម្រោងកម្មវិធីវិនិយោគសង្កាត់មាន ២៨៩គម្រោង តម្រូវការថវិកាប្រមាណ ៦ ៣៧០ លានរៀល ស្មើនឹង ១ ៥៩២ ៥០០$ និងគម្រោងកម្មវិធីវិនិយោគឃុំមាន ៩៦៤គម្រោង ត្រូវការថវិកាប្រមាណ ៥៧ ៧៩១ លានរៀល ស្មើនឹង ១៤ ៤៤៧ ៧៥០ដុល្លារ។






