ការ​ឡើងថ្លៃ​ប្រាក់​បាត​នៅតែ​បន្ត​ជះ​ឥទិ្ធ​ពល​អវិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​និង​ទេសចរណ៍​ថៃ​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ធនាគារ​ថៃ​បាន​ទាមទារ​ឱ្យ​មានការ​រក្សា​ អត្រា​ការប្រាក់​គោល​របស់​ខ្លួន​ បន្ទាប់ពី​កាត់បន្ថយ​អត្រា​ការប្រាក់​ជា​លើក​ទី២ក្នុង​ឆ្នាំនេះ​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ប្រាក់​បាត​ឡើងថ្លៃ​។

ធនាគារ​ថៃ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ស្តី​ពី​ ការសម្រេច​ចិត្ត​គោលនយោបាយ​ថា​ “នៅក្នុង​ការពិភាក្សា​អំពី​ការសម្រេច​ចិត្ត​ លើ​គោលនយោបាយ​របស់​ពួកគេ​ គណៈកម្មាធិការ​បាន​វាយតម្លៃ​ថា​ សេដ្ឋកិច្ច​ថៃ​នឹង​មាន​កំណើន​ ក្នុង​អត្រា​ទាប​ជាង​ការព្យាករណ៍​ពីមុន​ និង​ទាប​ជាង​សក្តា​នុ​ពល​របស់​ខ្លួន​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ ដែល​ប៉ះពាល់​ដល់​ការងារ​ និង​តម្រូវការ​ក្នុង​ស្រុក​”។

ធនាគារ​កណ្តាល​ថៃ​ ក៏បាន​ទម្លាក់​ការ​ព្យាករ​កំណើន​ផលិតផល​សរុប​ ក្នុង​ស្រុក​របស់​ខ្លួន​មក​នៅ​ត្រឹម២​,៥ភាគរយ​ ដែល​ជា​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​កត់សម្គាល់​ ពីអ​ត្រា​កំណើន​ ៤,១ភាគរយ​កាលពី​ឆ្នាំមុន​។

រូបិយប័ណ្ណ​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទី២​ នៅ​អាស៊ាន​បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ ដែល​មាន​រូបិយប័ណ្ណ​កើនឡើង​ថ្លៃ​បំផុត​បំផុត​ នៅ​លើ​ពិភពលោក​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក​នេះ​។ ប្រាក់​បាត​ឡើងថ្លៃ​ជាង៥ភាគរយ​ ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។ ជាក់ស្តែង​ប្រាក់​បាត​ឡើងថ្លៃ​ជាង​រូបិយ​ប័ណ្ណ​ផ្សេង​ៗទៀត​នៅ​អាស៊ី​។

សេដ្ឋកិច្ច​ថៃ​បាន​ឈាន​ទៅ​រក​ការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​ ចាប់តាំងពី​ដើមឆ្នាំ​នេះ​ ដោយសារ​ប្រាក់​បាត​ឡើងថ្លៃ​ និង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​។

ធនាគារ​កណ្តាល​បាន​ទម្លាក់​អត្រា​ការប្រាក់​ជា​លើក​ទី២​ នៅ​ឆ្នាំនេះ​មក​នៅ​ត្រឹម​ ១,២៥ភាគរយ​កាលពី​ខែមុន​ ដែល​ជា​អត្រា​មួយ​ដែល​មិនបាន​មើលឃើញ​ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ២០០៩​។

វិស័យ​សេដ្ឋកិច្ច​សំ​ខាន់​ៗ ចាប់ពី​វិស័យ​ទេសចរណ៍​រហូត​ ដល់​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ ដោយសារ​ការ​ឡើងថ្លៃ​ប្រាក់​បាត​។ វិស័យ​ទេសចរណ៍​គឺជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ថៃ​ ដែល​មាន​ចំនួន​ស្មើនឹង១​ ភាគ៥ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេស​នេះ​។

អតីតប្រធាន​ក្រុមហ៊ុន​ Thai​ Airways​ លោក​ Ekniti​ Nitithanprapas​ បាន​និយាយ​ថា​ មូលហេតុ​ចម្បង​នៃ​ការ​ធ្លាក់ចុះ​ចំណូល​ដ៏​សំខាន់​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​គឺ​បណ្តាល​មក​ពី​ភ្ញៀវ​ទេសចរ​មិន​មក​ថៃ​ ដោយសារតែ​ការ​កើនឡើង​នៃ​ប្រាក់​បាត​ថៃ​។

ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ថៃ​នេះ​ បាន​លាឈប់​ពី​តំណែង​កាលពី​សប្តាហ៍​មុនបន្ទាប់​ពី​ក្រុមហ៊ុន​បាន​ចេញផ្សាយ​ លទ្ធផល​នៅ​ត្រីមាស​ទី២របស់​ខ្លួន​ ដែល​បង្ហាញ​ពី​ការខាតបង់​សុទ្ធ​ចំនួន២២០លាន​ដុល្លារ​។

នៅក្នុង​វិស័យ​អចលនទ្រព្យ​ វិនិយោគិន​ថៃ​ និង​បរទេស​កំពុង​ព្រងើយកន្តើយ​ចំពោះ​គម្រោង​ខុន​ដូ​ដែល​ទើបនឹង​បើក​ដំណើរការ​ ខណៈ​ដែល​ជាង៨០ភាគរយ​ នៃ​យូនី​តខុន​ដូ​លក់​នៅ​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​បាន​នៅសល់​ក្នុង​ទីផ្សារ​។

របាយការណ៍​ខាងលើ​បាន​គណនា​ថា​ ភាគច្រើន​នៃ២៧​,៨៧០យូនី​តថ្មី​ សម្រាប់​លក់​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​ នៅតែ​មិនទាន់​ត្រូវ​បាន​លក់​ចេញ​។ ក្នុងចំណោម​យូនី​តថ្មី​ដែល​ដាក់​លក់​នៅ​ឆ្នាំនេះ​ មានតែ​ត្រឹម៥​,២៥៧យូនី​តប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​លក់​ចេញ​ស្មើនឹង​អត្រា​ត្រឹមតែ១៩ភាគរយ​ប៉ុណ្ណោះ​។

របាយការណ៍​របស់​ Knight​ Frank​ បាន​បញ្ជាក់​ថា​ “អត្រា​នៃ​ការ​លក់​ខុន​ដូ​ថ្មី​ដែល​បាន​បើក​ដំណើរការ​នៅ​ទីក្រុង​បាងកក​ ក្នុង​ឆមាស​ទី១​ នៃ​ឆ្នាំ២០១៩​ បាន​ធ្លាក់ចុះ​ដល់កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​”។

វិនិយោគិន​បរទេស​ ក៏បាន​មើល​កន្លែង​វិនិយោគ​ផ្សេងទៀត​ ឬអង្គុយ​លើ​កាបូប​របស់​ពួកគេ​ នៅពេល​ប្រាក់​បាត​ឡើងថ្លៃ​ពេញ​មួយឆ្នាំ២០១៩​ ដែល​បាន​ក្លាយជា​រូបិយប័ណ្ណ​មួយ​ក្នុងចំណោម​រូបិយប័ណ្ណ​ឡើងថ្លៃ​បំផុត​នៅ​លើ​ពិភពលោក​។

របាយការណ៍​របស់​ Knight​ Frank​ បានឱ្យ​ដឹង​ថា​ “ការ​ឡើងថ្លៃ​ប្រាក់​បាត​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក​ និង​ប្រា​ក់យ័ន​ ក៏បាន​ប៉ះពាល់​ដល់​តម្រូវការ​អចលនទ្រព្យ​ របស់​វិនិយោគិន​បរទេស​ផង​ដែរ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​កក់​ធ្លាក់ចុះ​ ក្នុង​ត្រីមាស​ទី២ឆ្នាំនេះ​។ ទីផ្សារ​អចលនទ្រព្យ​ កំពុង​ឆ្លងកាត់​រយៈពេល​ដ៏​លំបាក​មួយ​ ដែល​តម្រូវការ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​បាន​ធ្លាក់ចុះ​ ដោយសារ​ការ​ដាក់កម្រិត​កម្ចី​អចលនទ្រព្យ​ ចូលជាធរមាន​និង​ការ​ឡើងថ្លៃ​ប្រាក់​បាត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here