ក្រសួងបរិស្ថាន​ដាក់ចេញ​យុទ្ធនាការ​កម្ចាត់​សំរាម​ពី​រាជធានី​ភ្នំពេញ​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន​បាន​ធ្វើការ​គាំទ្រ​ និង​រឹ​តបណ្តឹង​កិច្ច​អនុវត្ត​លើ​គម្រោង​ភ្នំពេញ​ស្អាត​ ក្រោម​ពាក្យស្លោក​«សំរាម​មិន​ធ្លាក់​ដល់​ដី​ ភ្នំពេញ​កាន់តែ​ប្រពៃ​» ដោយ​ការ​ចុះ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ជាមួយ​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត​ (PHNOM​ PENH​ SA​-AT​ COMMITTEE​) ។

នៅ​ទី​ស្តី​ការក្រ​សួង​បរិស្ថាន​ កាលពី​ថ្ងៃទី១៨​ ខែធ្នូ​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ ក្រសួងបរិស្ថាន​ក្រោម​វត្តមាន​របស់​លោក​ ជួប​ ប៉ារីស៍​ អគ្គនាយក​ចំណេះដឹង​ និង​ព័ត៌មាន​បរិស្ថាន​ ក្រសួងបរិស្ថាន​ បាន​ចុះហត្ថលេខា​ លើ​កិច្ច​អនុស្សារ​ណៈ​នៃ​ការ យោគយល់​គ្នា​ ជាមួយ​សហ​ស្ថាបនិក​គម្រោង​ភ្នំពេញ​ស្អាត​ (PHNOM​ PENH​ SA​-AT​ COMMITTEE​) ដែល​មាន​លោកស្រី​ ជា​ សុ​ផល្លា​ ជា​អ្នកតំណាង​។

លោក​ ជួប​ ប៉ារីស៍​ បាន​លើកឡើង​ថា​ ៖ ស្ថានភាព​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ គឺជា​បញ្ហា​ចោទ​មួយ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ កាកសំណល់​ពី​គេហដ្ឋាន​ សាលារៀន​ ភោជនីយដ្ឋាន​ មន្ទីរពេទ្យ​ ជាពិសេស​តាម​ទីផ្សារ​ បាន​បង្ក​ជា​គុណវិបត្តិ​មួយចំនួន​ ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

លោក​បាន​បន្ថែម​ថា​ ក្រោម​ទិសស្លោក​ «សំរាម​មិន​ធ្លាក់​ដល់​ដី​ ភ្នំពេញ​កាន់តែ​ប្រពៃ​» យុទ្ធនាការ​ភ្នំពេញ​ស្អាត​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​លុបបំបាត់​នូវ​រូបភាព​អវិជ្ជមាន​ទាំងអស់​នេះ​ តាមរយៈ​ការអប់រំ​ណែនាំ​ដោយចំហ​ក្ដី​ ដោយ​ផ្ទាល់​ក្ដី​ ដល់​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឱ្យ​មាន​សីលធម៌​ សុជីវធម៌​បោះចោល​សំរាម​ក្នុង​ធុងសំរាម​ មិន​ពង្រាយ​កាកសំណល់​ផ្ដេសផ្ដាស​ នាំ​ឱ្យ​សង្គម​បាត់បង់​សណ្ដាប់ធ្នាប់​ និង​មាន​សំរាម​ពាសវាលពាសកាល​។

អនុ​សា​ណៈ​យោគយល់​គ្នា​ រវាង​ក្រសួងបរិស្ថាន​ និង​គម្រោង​ភ្នំពេញ​ស្អាត​ មាន​រយៈពេល​អនុវត្ត​គម្រោង​ រយៈពេល​ ៣ឆ្នាំ​ ដោយ​ក្រសួងបរិស្ថាន​បាន​ចូលរួម​ និង​គាំទ្រ​គម្រោង​កម្មវិធី​ តាមរយៈ​មូលនិធិ​បរិស្ថាន​ និង​សង្គម​ ក្នុង១ឆ្នាំ​ ថវិកា​ចំនួន​ ១០០០០​ ដុល្លារ​អាមេរិក​ (មួយ​ម៉ី​នដុល្លា​រអា​មេ​រិក​)។

គម្រោង​ភ្នំពេញ​ស្អាត​ រួមមាន​កម្មវិធី​ជាច្រើន​ សម្រាប់​ឱ្យ​ស្ថាប័ន​នានា​ និង​ប្រជាពលរដ្ឋ​ចូលរួម​បង្ហាញ​ និង​ផ្សព្វផ្សាយ​បន្ត​នូវ​ទងើ្វ​ល្អ​ៗ ដើម្បី​ផ្លាស់​ប្តូរ​នូវ​គោលគំនិត​ ទម្លាប់​ និង​ឥរិយាបថ​ ក្នុង​ការគ្រប់គ្រង​សំរាម​ និង​ថែរក្សា​បរិស្ថាន​ស្អាត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here