ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានធ្វើការគាំទ្រ និងរឹតបណ្តឹងកិច្ចអនុវត្តលើគម្រោងភ្នំពេញស្អាត ក្រោមពាក្យស្លោក«សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ» ដោយការចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសហស្ថាបនិកគម្រោងភ្នំពេញស្អាត (PHNOM PENH SA-AT COMMITTEE) ។
នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ ក្រសួងបរិស្ថានក្រោមវត្តមានរបស់លោក ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានចុះហត្ថលេខា លើកិច្ចអនុស្សារណៈនៃការ យោគយល់គ្នា ជាមួយសហស្ថាបនិកគម្រោងភ្នំពេញស្អាត (PHNOM PENH SA-AT COMMITTEE) ដែលមានលោកស្រី ជា សុផល្លា ជាអ្នកតំណាង។
លោក ជួប ប៉ារីស៍ បានលើកឡើងថា ៖ ស្ថានភាពសំរាមនៅក្នុងទីក្រុងភ្នំពេញ គឺជាបញ្ហាចោទមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាកសំណល់ពីគេហដ្ឋាន សាលារៀន ភោជនីយដ្ឋាន មន្ទីរពេទ្យ ជាពិសេសតាមទីផ្សារ បានបង្កជាគុណវិបត្តិមួយចំនួន ដែលជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ក្រោមទិសស្លោក «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ» យុទ្ធនាការភ្នំពេញស្អាតបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវរូបភាពអវិជ្ជមានទាំងអស់នេះ តាមរយៈការអប់រំណែនាំដោយចំហក្ដី ដោយផ្ទាល់ក្ដី ដល់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញ ឱ្យមានសីលធម៌ សុជីវធម៌បោះចោលសំរាមក្នុងធុងសំរាម មិនពង្រាយកាកសំណល់ផ្ដេសផ្ដាស នាំឱ្យសង្គមបាត់បង់សណ្ដាប់ធ្នាប់ និងមានសំរាមពាសវាលពាសកាល។
អនុសាណៈយោគយល់គ្នា រវាងក្រសួងបរិស្ថាន និងគម្រោងភ្នំពេញស្អាត មានរយៈពេលអនុវត្តគម្រោង រយៈពេល ៣ឆ្នាំ ដោយក្រសួងបរិស្ថានបានចូលរួម និងគាំទ្រគម្រោងកម្មវិធី តាមរយៈមូលនិធិបរិស្ថាន និងសង្គម ក្នុង១ឆ្នាំ ថវិកាចំនួន ១០០០០ ដុល្លារអាមេរិក (មួយម៉ីនដុល្លារអាមេរិក)។
គម្រោងភ្នំពេញស្អាត រួមមានកម្មវិធីជាច្រើន សម្រាប់ឱ្យស្ថាប័ននានា និងប្រជាពលរដ្ឋចូលរួមបង្ហាញ និងផ្សព្វផ្សាយបន្តនូវទងើ្វល្អៗ ដើម្បីផ្លាស់ប្តូរនូវគោលគំនិត ទម្លាប់ និងឥរិយាបថ ក្នុងការគ្រប់គ្រងសំរាម និងថែរក្សាបរិស្ថានស្អាត៕