ដោយ Donald Lee
ភ្នំពេញ៖ ការធ្វើពហិការរបស់កូរ៉េខាងត្បូងលើរាល់ទំនិញ និងសេវាកម្មរបស់ជប៉ុនបានចាប់ផ្តើមធ្វើឱ្យវិស័យទេសចរណ៍ដែលរកប្រាក់ចំណេញបានច្រើនរបស់ប្រទេសជប៉ុន។

ភ្ញៀវទេសចរកូរ៉េខាងត្បូងបានធ្លាក់ចុះ ៦៥,១ ភាគរយក្នុងខែវិច្ឆិកា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ជាតិជប៉ុនដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ ចំនួនភ្ញៀវទេសចរបរទេសសរុបបានថយចុះ ០,៤ ភាគរយក្នុងខែវិច្ឆិកា ស្មើនឹង២,៥ លាននាក់។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា មានភ្ញៀវចំនួន ២៩,៤ លាននាក់បានមកដល់ប្រទេសជប៉ុនក្នុងចន្លោះខែ មករា និងវិច្ឆិកានៃឆ្នាំនេះ។ទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបង្កើនគោលដៅរបស់ខ្លួនសម្រាប់ចំនួនភ្ញៀវទេសចរចូលមកប្រទេសនេះដល់ ៤០ លាននាក់នៅឆ្នាំ ២០២០។
ស្នងការទីភ្នាក់ងារទេសចរណ៍ជប៉ុនលោក Hiroshi Tabata បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃ ពុធនេះថា “វិធានការមួយចំនួនគឺចាំបាច់ដើម្បីឆ្លើយតបនឹងគោលដៅភ្ញៀវ ៤០ លាននាក់”។ ស្នងការបានបន្ថែមថា “យើងនឹងអភិវឌ្ឍកម្មវិធីដើម្បីបង្កើតតម្រូវការ និងទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើន” ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣ លើពិភពលោកបានចាប់ផ្តើមបាត់បង់ថាមពលនៅក្នុងត្រីមាសទី ៣ ដោយមានអត្រាកំណើនផលិតផលក្នុងស្រុកសរុប ០,២ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សេដ្ឋកិច្ចរបស់ជប៉ុនត្រូវបានជាប់គាំងនៅក្នុងឆ្នាំ ២០២០ ខណៈសេដ្ឋកិច្ចខ្លួននៅតែបន្តកំណើនយឺតនៅចុងឆ្នាំនេះ។ IMF បានទម្លាក់ការព្យាករកំណើនរបស់ជប៉ុនជាថ្មីម្តងទៀតនៅឆ្នាំនេះពី ០,៩ ភាគរយមកនៅត្រឹម ០,៨ ភាគរយ។
យោងតាមក្រុមអ្នកវិភាគ សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះ ១,៦ ភាគរយពីត្រីមាសមុន ដោយសារតែភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។ សេដ្ឋកិច្ចជប៉ុនពឹងផ្អែកខ្លាំងលើការនាំចេញ និងខ្សែសង្វាក់ផ្គត់ផ្គង់ភ័ស្តុភារសំខាន់ៗនៅជុំវិញពិភពលោក។

សង្គ្រាមពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងធ្វើឱ្យប្រជាជនកូរ៉េភាគច្រើនធ្វើពហិការទំនិញ និងសេវាកម្មរបស់ជប៉ុនទាំងអស់។ ទំនាក់ទំនងសេដ្ឋកិច្ចនយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរបានឈានដល់កម្រិតទាបជាប្រវត្តិសាស្ត្រ៕






