ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ហាងតែផ្លែឈើ ដែលផ្តោតសំខាន់ទៅលើការថែទាំ និងបំប៉នសុខភាពដ៏ល្បីឈ្មោះរបស់តៃវ៉ាន់ មានសាខាច្រើនជាង ១ ៥០០ ទីតាំងនៅលើសាកលលោក Yi Fang Taiwan Fruit Tea បានបង្ហាញវត្តមាន នៅលើទីផ្សារកម្ពុជា ជាលើកដំបូង។

ជាមួយនឹងការបង្ហាញវត្តមានជាលើកដំបូងនៅលើទីផ្សារកម្ពុជា ដោយការបើកលក់សាកល្បងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅខាងក្រោយអគារពាណិជ្ជកម្មកាណាឌីយ៉ា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ Yi Fang Taiwan Fruit Tea ដែលជាហាងលក់ភេសជ្ជៈប្រភេទតែផ្លែឈើ រូបមន្តស្ករម្នាស់ ដែលមានអាយុកាលជាង១០០ឆ្នាំ និងល្បីឈ្មោះបំផុតប្រចាំនៅតៃវ៉ាន់ ត្រូវបានទទួលការសាទរ និងគាំទ្រពីសំណាក់បណ្តាអតិថិជនជាតិ និងអន្តរជាតិយ៉ាងលើសលប់បំផុត។
នាយកគ្រប់គ្រងទូទៅ ហាងលក់ភេជ្ជៈប្រភេទតែផ្លែឈើ ដែលមានប្រយោជន៍ចំពោះសុខភាព Yi Fang Taiwan Fruit Tea លោក លី តិចស៊្រុន បានមានប្រសាសន៍ប្រាប់ថា Yi Fang Taiwan Fruit Tea ត្រូវបានទិញ Franchise និងនាំចូលមកកាន់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន Highland Food & Beverage Co.,Ltd ដែលជាក្រុមហ៊ុនក្នុងស្រុក។
លោកបន្តទៀតថា “ក្រុមហ៊ុនលក់ភេសជ្ជៈប្រភេទតែផ្លែឈើមួយនេះទើបតែបង្កើតឡើងកាលពី៣ឆ្នាំមុនតែប៉ុណ្ណោះ ប៉ុន្តែមានភាពលេចធ្លោ និងល្បីល្បាញយ៉ាងខ្លាំង ដោយបានពង្រីកសាខាច្រើនជាង ១៥០០ទីតាំងនៅតាមបណ្តាប្រទេសនានាលើសាកលលោក ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី ហុងកុង ថៃ វៀយណាម និងប្រទេសដទៃទៀត ខណៈដែលកម្ពុជាទើបតែចាប់ផ្តើមបង្ហាញវត្តមាន”។
លោក លី តិចស្រ៊ុន បានមានប្រសាសន៍បន្តទៀតថា “ភាពល្បីល្បាញរបស់ ភេសជ្ជៈ តែផ្លែឈើ រូបមន្តដើមពីតៃវ៉ាន់មួយនេះ គឺដោយសារតែមានលក្ខណៈពិសេសជាងគេជាច្រើន ដោយក្រៅពីប្រើស្ករម្នាស់ដែលជារូបមន្តដើមមានអាយុកាលជាង ១០០ឆ្នាំនោះ គឺគ្រប់សារធាតុនៃគ្រឿងផ្សំទាំងអស់ដូចជាផ្លែឈើ ស្កររម្ងាស់ ទឹកដោះគោ សុទ្ធតែប្រាកដថាមានលក្ខណៈធម្មជាតិដែលមានគុណភាពកម្រិតស្តង់ដារ និងគ្មានសារធាតុគីមី ហើយផ្តោតសំខាន់ទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុក លើកលែងតែ តែ ត្រូវបាននាំយកមកពីតៃវ៉ាន់ផ្ទាល់។

លក្ខណៈពិសេសមួយទៀតរបស់ Yi Fang Taiwan Fruit Tea គឺគ្រប់ប្រភេទ និងគ្រប់រសជាតិទាំងអស់គឺ មិនត្រូវបានប្រើសារធាតុស្ករផ្អែម ដែលអាចប៉ះពាល់ដល់សុខភាពនោះទេ ពោលគឺអាចទទួលទានបានគ្រប់វ័យ មិនបណ្តាលឱ្យឡើងទម្ងន់ ឡើងជាតិស្ករ ឬប្រតិកម្មចំណីអាហារនោះទេ ដែលសូម្បីតែអ្នកជម្ងឺក៏អាចទទួលទានបាន ហើយថែមទាំងអាចជួយថែទាំ និងបំប៉នសុខភាពបានទៀតផង”។

ពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងនៅលើទីផ្សារ លោក លី តិច ស្រ៊ុន បានលើកឡើងថា បច្ចុប្បន្នសម្រាប់មុខជំនួញប្រភេទនេះគឺមានការលូតលាស់ច្រើន ប៉ុន្តែលោកនៅតែមានទំនុកចិត្តខ្ពស់ក្នុងការចាប់យកអតិថិជនគោលដៅ។ លោកបានបញ្ជាក់ថា “ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជានៅតែអាចរក្សាបានអត្រាខ្ពស់ បានជំរុញឱ្យចំណូលរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។

នៅពេលដែលមនុស្សមានចំណូលសមរម្យ ពួកគេនឹងគិតទៅលើបញ្ហាសុខភាពជាចម្បង ជាពិសេសចំណីអាហារទាំងឡាយណាដែលមានគុណភាព និងល្អប្រសើរចំពោះសុខភាព ដូច្នេះសម្រាប់ Yi Fang Taiwan Fruit Tea ហាក់មិនមានក្ដីបារម្ភនោះទេ ហើយនៅថ្ងៃខាងមុខនេះ ខ្ញុំនឹងពង្រីកសាខាឱ្យបានទូលាយបន្ថែមទៀត បន្ទាប់ពីបើកសម្ពោធជាផ្លូវការណ៍នៅដើមឆ្នាំ២០២០ឆាប់ៗខាងមុខនេះ”៕






