ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនដែលមានជំនាញខ្ពស់ លើផ្នែកផលិតគ្រឿងអេឡិចត្រូនិក និងបរិក្ខាអគ្គិសនីចំនួន១២ ក្រុមហ៊ុនរបស់ប្រទេសតួកគី នឹងមកកាន់ប្រទេសកម្ពុជា នៅដើមឆ្នាំក្រោយនេះ ដើម្បីធ្វើការសិក្សា ស្វែងយល់ពីកាលានុវត្តភាពនៃសេដ្ឋកិច្ច ជាពិសេសស្វែងរកដៃគូសហការលើមុខជំនួញជាពាណិជ្ជករនៅកម្ពុជា។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ ប្រធានក្រុមប្រឹក្សាសមាគមអ្នកនាំចេញក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក ប្រទេសតួកគី លោក Guven Uckan បានចូលជួបជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជជែកពិភាក្សាការងារ លើគម្រោងដឹកនាំក្រុមអ្នកជំនួញមកពីប្រទេសតួកគី និងសហការវិនិយោគជាដៃគូ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៩នេះថា មិនថាចំពោះតែប្រទេសណាមួយនោះទេ ឱ្យតែមានការវិនិយោគ គឺសុទ្ធតែផ្តល់នូវភាពចំណេញចំពោះកំណើនសេដ្ឋកិច្ចកម្ពុជាទាំងអស់។
លោកបានបន្តទៀតថា “សម្រាប់កិច្ចទំនាក់ទំនងល្អរវាងកម្ពុជា និងតួកគី មានភាពប្រសើរ ប៉ុន្តែនៅក្នុងការផ្សារភ្ជាប់កិច្ចទំនាក់ទំនង លើវិស័យពាណិជ្ជកម្ម និងវិនិយោគគឺនៅមានកម្រិតនៅឡើយ”។
លោកឧកញ៉ាបន្តទៀតថា កាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ននេះ កិច្ចទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២គឺមានតិចតួច ដែលក្នុងនោះការធ្វើជំនួញ និងវិនិយោគរបស់ប្រទេសតួកគីនៅកម្ពុជា ឃើញមានវិស័យអប់រំ និងផ្នែកចំណីអាហារ បន្ថែមពីលើការនាំចូលសម្ភារៈប្រើប្រាស់មួយចំនួន។ ដោយឡែកសម្រាប់កម្ពុជា បានធ្វើការនាំចេញនូវកសិផល ទៅកាន់ទីផ្សារប្រទេសតួកគីមួយចំនួនផងដែរ ជាពិសេសការនាំចេញអង្ករជាដើម។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ នៅសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Guven Uckan ប្រធានក្រុមប្រឹក្សាសមាគមអ្នកនាំចេញក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក ប្រទេសតួកគី ក្នុងគោលបំណងជម្រាបជូនអំពីគម្រោង ដឹកនាំគណៈប្រតិភូធុរិច្ចតួកគីមកពីវិស័យអគ្គិសនី និងអេឡិចត្រូនិកមកបំពេញទស្សនកិច្ចនៅកម្ពុជា និងដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។

គណៈប្រតិភូធុរកិច្ចតួកគីដែលគ្រោង មកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងមានចំនួន១២ក្រុមហ៊ុន សុទ្ធសឹងតែជាអ្នកជំនាញខាងវិស័យអគ្គិសនី និងអេឡិចត្រូនិក។ លើសពីនេះ លោកក៏បានស្នើសុំការសហការ ពីសភាពាណិជ្ជកម្មកម្ពុជាក្នុងការរៀបចំជំនួបពាណិជ្ជកម្មកម្ពុជា-តួកគី ដែលគ្រោងនឹងរៀបចំឡើង ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនេះ ក្នុងអំឡុងខែមេសា ឆ្នាំ២០២០៕






