ដោយ ៖ រ៉ាណេត
ស្វាយរៀង ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានជំនួយនូវថវិកាចំនួន៧លានដុល្លាររដ្ឋបាលក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀងចេញពីក្រុង ដើម្បីលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ចៀសការជន់លិចនៅក្នុងក្រុង។

គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកភ្លៀង និងប្រព័ន្ធលូដែលស្ថិតនមៅក្នុងគម្រោងនេះមានប្រវែថ៦គីឡូម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ រួមមានភូមិបាវិតលើ ភូមិបាវិតកណ្តាល និងភូមិក្រលាវ ដោយចំណាយថវិការចំនួន៧លានដុល្លារ និងចំណាយពេលប្រមាណ១២ខែ ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានលើកឡើងថា ការបើកការដ្ឋាននៅថ្ងៃនេះ គឺជាផ្នែកមួយនៃការអនុវត្តអនុគម្រោងនៃគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង នៃមហាអនុតំបន់ទន្លេមេគង្គ ដែលជាគម្រោងកំពុងត្រូវបានអនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកបញ្ជាក់ថា “គម្រោងនេះ មានការគាំទ្រហិរញ្ញប្បទាន ពីដៃគូរអភិវឌ្ឍន៍ធនាគារអភិវឌ្ឍន៍អាស៉ី មានគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការបំពុលបរិស្ថាន ដែលបានកើតឡើងពីកំណើនប្រជាពលរដ្ឋ និងកំណើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងទីក្រុងចំនួន៤ រួមមានបាវិត អ្នកលឿង បាត់ដំបង និងប៉ោយប៉ែត”។
ក្រុងបាវិតបានទទួលអនុគម្រោងចំនួន៣ ដោយអនុគម្រោងទី១ គឺជាអនុគម្រោងសាងសង់ទីលានញែកសំរាម អនុគម្រោងទី២ គឺជាអនុគម្រោងស្តារឡើងវិញ នូវផ្លូវជាតិក្នុងក្រុងបាវិត ដល់ព្រំដែនប្រទេសវៀតណាម និងអនុគម្រោងទី៣ គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងបាវិត។

បច្ចុប្បន្ននេះ ការស្ថាបនាទីលានញែកសំរាមត្រូវបានបញ្ចប់រួចរាល់ (លើកលែងតែផ្នែកសាងសង់បន្ថែម ) ហើយការសាងសង់ផ្លូវក្នុងក្រុង បានបញ្ចប់ប្រមាណ៧៥ភាគរយ និងប្រពន្ធ័លូរំដោះទឹកភ្លៀង ទើបតែបានចាប់ផ្តើមអនុវត្តន៍ និងមានការបើកការដ្ឋាននាថ្ងៃនេះ៕






