ដោយ វុត្ថា
ភ្នំពេញ៖ លោកឧកញ៉ា ម៉ុង ឬទ្ធី មហាសេដ្ឋីកសិកម្មប្រចាំកម្ពុជា បានលើកទឹកចិត្តដល់ក្រុមធុរជន វិនិយោគិន សហគ្រិន និងអ្នកអភិវឌ្ឍនានា បោះទុនវិនិយោគនៅតាមបណ្តាជនបទដាច់ស្រយាល ដើម្បីកាត់បន្ថយកកស្ទះចរាចរណ៍នៅក្នុងក្រុង និងផ្តល់ឱកាសការងារដល់អ្នកជនបទ។

លោកឧកញ៉ា ឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្មីៗនេះថា អ្នកជំនួញភាគច្រើនដែលបានបោះទុនវិនិយោគតែងតែចង់បាន ដើមទុន ដែលបានបោះទៅហើយនោះ ឆាប់បានមកវិញ ព្រមទាំងទទួលបានប្រាក់ចំណេញយ៉ាងច្រើន សន្ធឹកសន្ធាប់ផងដែរ។
លោកឧកញ៉ាបន្តថា ” រីឯចំណែក រូបខ្ញុំវិញក៏ចង់បាន ដូចគេដូចឯងដែរ តែមិនអាចធ្វើទៅរួចទេ ដោយសារតែ គេបោះទុននៅក្នុងទីក្រុង ខ្ញុំបោះទុននៅទីជនបទ លើវិស័យកសិកម្ម កសិឧស្សាហកម្ម មិនងាយទទួលបាន ទុនវិនិយោក មកវិញទេ”។
លោកឧកញ៉ាបន្ថែមថា ហើយបើយើងភាគច្រើនសម្រុកទៅអភិវឌ្ឍន៍ តែនៅក្នុងទីក្រុង នោះ ប្រជាជនដែលនាំគ្នាសម្រុកទៅរកការងារ ធ្វើមិនងាយ វិលត្រឡប់មកទីជនបទយវិញទេ ធ្វើអោយទីក្រុងកាន់តែចង្អៀត ណែនណាន់តាន់តាប់កកស្ទះ ចរាចរណ៍ បង្កើតជាបញ្ហារាប់រយពាន់ធ្វើអោយ អាជ្ញាធរដែនដី ពិបាកដោះស្រាយ ។ល។

លោកឧកញ៉ាមហាសេដ្ឋីកសិកម្មរូបនេះ បានអំពាវនាវដល់អ្នកមានទុនវិនិយោគទាំងឡាយ សុំមេត្តាជួយ មកចូលរួមចំណែក អភិវឌ្ឍន៍នៅទីជនបទ ជាពិសេស លើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផ្តល់ការងារ នៅជិតៗ លំនៅឋាន អោយប្រជាជន យើងបានធ្វើតែម្តង ក្នុងន័យចូលរួម ចំណែកជួកាត់បន្ថយ ភាពក្រីក្រ របស់ប្រជាជន ជាមួយរាជរដ្ឋាភិបាលរបស់យើង៕






