ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើនថែមទៀតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ខណ:បច្ចុប្បន្នមានតិចតួចប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម (ផ្សារគំរូព្រំដែនកម្ពុជានាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩)។
សម្តេចតេជោ ហ៊ុន សែន បន្តថា ការធ្វើបែបនេះគឺប្រែក្លាយខ្សែបន្ទាត់ព្រំដែនទៅជាកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិភាព ព្រមទាំងការអភិវឌ្ឍជាមួយប្រទេសជាប់ព្រំដែនទាំងអស់។
សម្តេចបន្តថា “ចឹងទេ យើងត្រូវបង្កើនល្បឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសឱ្យបានកាន់តែច្រើន ដែលបច្ចុប្បន្នមានតែ២កន្លែងគឺ នៅខេត្តស្វាយរៀង ក្រុងបាវិត មានរោងចក្រជាច្រើន នៅទីនោះ ហើយនៅទីនេះ(ខេត្តត្បូងឃ្មុំ) មានតំបន់សេដ្ឋកិច្ចពិសេស និងផ្សារគំរូមួយទៀត”។
សម្តេចបន្តថា “ខ្ញុំចង់បានតំបន់សេដ្ឋកិច្ចពិសេសមានច្រើនទៀត ដែលធ្វើនៅតាមព្រំដែនកម្ពុជាវៀតណាម ដែលអាចទាក់ទាញអ្នកវិនិយោគវៀតណាមក៏ដូចជាអ្នកវិនិយោគផ្សេងទៀត មកវិនិយោគនៅកម្ពុជាយើងក្នុងការនាំចេញ ដែលវានឹងក្លាយជាទីផ្សាររបស់យើង។ ប្រជាពលរដ្ឋរបស់យើងពិតជាត្រូវការទីផ្សារ បើអាចយើងខិតខំធ្វើទៅបានចំពោះការកែឆ្នៃផលិតផលយើងទៅជាផលិតផលសម្រេចទើបនាំចេញ នោះពិតជាប្រពៃ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យវៀតណាមបញ្ជាទិញទំនិញរបស់កម្ពុជាឱ្យបានកាន់តែច្រើន ខណ:កម្ពុជាមានមុខទំនិញជាច្រើនដែលអាចផ្គត់ផ្គងនៅក្នុងប្រទេសវៀតណាម។ ម្យ៉ាងទៀតការនាំចូលទំនិញរបស់វៀតណាមមកកម្ពុជាក៏មានច្រើន ចំណែកទំនិញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមនៅមានកម្រិតតិចតួចនៅឡើយ”៕






