ជប៉ុនបើកដាក់ឱ្យដំណើរការក្រុមហ៊ុនឡូជីស្ទិកដ៏ធំមួយនៅភាគខាងលិចក្រុងភ្នំពេញ

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ កម្ពុជា និងជប៉ុន បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការផែស្ងួត និងមជ្ឈមណ្ឌ​លភស្តុភារកម្មនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។

ផែស្ងួត មជ្ឈមណ្ឌលភស្តុភារកម្មនេះ បង្កើតឡើងដោយក្រុមហ៊ុនដ៏ធំរបស់ជប៉ុន ឈ្មោះ នីបផន អេចប្រេស (ខេមបូឌា) ខូអិលធីឌី -NIPPON EXPRESS (CAMBODIA) CO., LTD. មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក គុណ ញឹម ទទួកបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅក្នុងពិធីសម្ពោធកាលពីពេលថ្មីៗនេះអោយដឹងថា នេះគឺជាក្រុមហ៊ុនឡូជីស្ទិកដ៏ធំមួយរបស់ជប៉ុន ដែលបានដាក់ទុនវិនិយោគបង្កើតសន្និធិគយ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមជំនឿចិត្តលើសក្តានុពលនៅកម្ពុជា។

លោកបញ្ជាក់ថា “អង្គការJICA កំពុងតែរៀបចំផែនការមេថ្នាក់ជាតិស្តីពីវិស័យដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនជាតិ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅនឹងសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ”។

លោកសង្ឃឹមថា សន្និធិគយបណ្តោះអាសន្ន និងមជ្ឈមណ្ឌលនេះភស្តុភារកម្មនេះ នឹងដើរតួសំខាន់ក្នុងការតភ្ជាប់ខ្សែក្រវាត់ផ្គត់ផ្គង់ការវិនិយោគសេវាកម្ម និងពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។

លោក សំ ពូក អនុប្រធានក្រុមហ៊ុន នីបផន អេចប្រេស (ខេមបូឌា) ខូអិលធីឌី ប្រាប់ក្រុមអ្នកកាសែតថា ការវិនិយោគផែស្ងួតផ្តល់ផលប្រយោជន៍យ៉ាងច្រើន ចំពោះប្រ​ទេសជាតិ ក៏ដូចជាប្រជាជនកម្ពុជា ដោយសម្រួលបែបបទផ្នែកភស្តុភារកម្មទៅឱ្យអ្នកវិនិយោគទាំងអស់ ក៏ដូចជាអ្នកវិនិយោគផ្សេងៗទៀត ក៏ដូចជាអ្នកវិនិយោគខ្មែរ ដែលត្រូវការសេវាភស្តុភារកម្ម រាប់ទាំងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងតាមផ្លូវគោកផង។

លោកបន្តថា លោកជឿជាក់លើធនធានមនុស្សរបស់កម្ពុជា ទើបលោកមកបណ្តាក់ទុនលើវិស័យមួយនេះ។ ជាពិសេសនោះ គឺកម្ពុជាសំបូរដោយក្រុមយុវជន ដែលមានសម្ថភាព ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានក្រុមហ៊ុនជប៉ុនចំនួយ៤៣ កំពុងដំណើរឈានមុខគេក្នុងការផលិត និងនាំចេញនូវផលិតផលអាហារ សម្លៀកបំពាក់ ស្បែកជើង បង្គុំខ្សែភ្លើង គ្រឿងបន្លាស់យានយន្ត និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here